leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ផ្ញើសារលិខិតជូនសន្និសីទអនឡាញរបស់រដ្ឋមន្ត្រី សុខាភិបាល នៃតំបន់ប៉ាស៊ីហ្វិកខាងលិច (រូប​ថត៖ vnanet.vn)

អស់លោក លោកស្រីជាទីរាប់អាន!

គ្រោះរោគរាតត្បាត Covid-19 កំពុងរីករាលដាលទូលំទូលាយ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដល់មនុស្សជាតិចាប់តាំងពីសង្គ្រាមលោកលើកទី២មកម៉្លេះ។ ខ្ញុំសូមកោតសរសើរចំពោះការទទួលខុសត្រូវ និងតួនាទីរបស់អង្គការសុខភាពពិភពលោក ហើយសូមស្វាគមន៍សន្និសីទអនឡាញថ្ងៃនេះជាមួយនឹងប្រធានបទ“រួបរួមប្រឆាំងនឹង Covid-19” ។

១. មេរៀនជាបទពិសោធន៍របស់យើង គឺមើលឃើញបានឆាប់អំពីគ្រោះថ្នាក់នៃ Covid-19 បានជាយើងខ្ញុំបានម្ចាស់ការតាំងពីគ្រាដំបូងដែលព័ត៌មានអំពីរោគរាតត្បាតលេចឡើងលើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយខ្ពស់ និងដោយបានចាត់ទុកការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវនោះ  រដ្ឋាភិបាលបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការប្រកបដោយប្រសិទ្ធភាព និងព្រមៗគ្នា ក្នុងនោះរួមទាំងការដាក់នៅដាច់ដោយឡែកចំពោះជនបរទេសដែលចូលមកវៀតណាម ពលរដ្ឋវៀតណាមដែលវិលត្រឡប់ប្រទេសវិញ និងគ្រប់មុខសញ្ញា​ដែលប៉ះពាល់ជាមួយនឹងករណីវិជ្ជមានត្រូវបានរកឃើញ  ជាពិសេសគឺការកំណត់តំបន់សម្រាប់ផ្តោតលើការកំចាត់​រោគរាតត្បាតនៅទីនោះតែម្តង។

ទន្ទឹមនឹងនេះអនុវត្ត“ភារកិច្ចពីរក្នុងពេលតែមួយ”គឺផ្តល់អាទិភាពក្នុងការបង្ការនិងទប់ស្កាត់ Covid-19 ផង និងបន្តរក្សាស្ថិរភាពសេដ្ឋកិច្ចសង្គម កុំអោយបែកបាក់ផង។ រដ្ឋាភិបាលបានប្តេជ្ញាថា អាចទទួលយកការខាតបង់សេដ្ឋកិច្ចដើម្បីការពារអាយុជីវិត និងសុខភាពប្រជាជន ហើយថ្មីៗនេះបានផ្តល់កញ្ចប់ជំនួយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដល់ក្រុមដែលជួបការលំបាកក្នុងសង្គម ជាពិសេសគឺជនក្រីក្រ ពលករជួបការលំបាកលំបិនក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីគ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោលទេ។ សេចក្តីណែនាំរបស់បក្ស រដ្ឋ និងប្រព័ន្ធនយោបាយវៀតណាមទាំងមូលទទួល​បាន​ការជឿទុកចិត្ត ការគាំទ្រ  និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជន។ រហូតមកដល់ពេលនេះប្រទេស​វៀត​ណាម​កំ​ពុងគ្រប់គ្រងស្ថានការណ៍បានល្អ ពុំមានករណីស្លាប់ណាមួយទេ ហើយចំនួនជិត ៥០ ភាគរយនៃករណីឆ្លងបាន​ជាសះស្បើយ ...

២. ប្រទេសវៀតណាមចែករំលែកមតិរួមស្តីពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នៅពេលដែលជំងឺរាតត្បាត Covid-19 បានរីករាលដាលពាសពេញដែនដីទាំងអស់ដែលទាមទារឱ្យប្រជាជាតិ និងប្រជាជនមានការខិតខំប្រឹងប្រែងបំផុត និង“មហាសាមគ្គីភាព”។ យើងជឿជាក់សំណូមពរដល់អង្គការសុខភាពពិភពលោកដែលជាអង្គការជំនាញសុខភាពរបស់អង្គការសហប្រជាជាតិបន្តដឹកនាំការកៀរគរ និងសម្របសម្រួលធនធាននៃបណ្តាប្រទេសជាតិ​ ផ្តល់អាទិភាពដល់ការស្រាវជ្រាវវ៉ាក់សាំង ថ្នាំពិសេស និងការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត ... ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាមបានចេញសេចក្តីថ្លែងការណ៍របស់ប្រធានស្តីពីកិច្ចសហប្រតិបត្តិការលើការបង្ការនិងទប់ស្កាត់ Covid-19 ហើយកំពុងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសជាសមាជិក។

៣. ទោះបីជាមានការលំបាក និងធនធានមានកម្រិតក៏ដោយ ប៉ុន្តែឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីជំងឺរាតត្បាត Covid-19 (ថ្ងៃទី ២ ខែមេសាឆ្នាំ ២០២០) ប្រទេស​វៀត​ណាម​បានចែករំលែកនូវបទពិសោធន៍ ជំនួយជាសម្ភារៈបរិក្ខាពេទ្យស្របតាមសមត្ថភាពរបស់ខ្លួនជូនដល់ប្រទេសជាច្រើន។ យើងសូមឆ្លៀតយកឱកាសនេះដើម្បីថ្លែងអំណរគុណការគាំទ្រពីសហគមន៍អន្តរជាតិ និងប្រជាជននៃប្រទេសទាំង​អស់ចំពោះការប្រយុទ្ធប្រឆាំងនឹង Covid-19 ។

ខ្ញុំជឿជាក់យ៉ាងមុតមាំថារួមគ្នាយើងនឹងឈ្នះជំងឺរាតត្បាត Covid-19 ការពារសុខភាព និងសុវត្ថិភាពប្រជាជន ធ្វើការជាមួយគ្នាដើម្បីភាពរីកចំរើនសំរាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs ២០៣០ របស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Minh Trung