យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិដឹកនាំការបង្ការ និងទប់ទល់នឹងជំងឺ Covid-19  បានឲ្យដឹងថា គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី ៦ មេសា នៅប្រទេសវៀតណាមមានករណី ៩១/២៤១ បានជាសះស្បើយ។ រីឯអ្នកជំងឺធ្ងន់ធ្ងរ ៤ នាក់ក៏បានធូរស្រាលហើយដែរ។ អ្នកជំងឺ ៥៨ នាក់មានលទ្ធផលតេស្តអវិជ្ជមានចាប់ពី ១ ដងឡើងទៅ (រួមមាន ២៤ ករណីអវិជ្ជមានពី ២ ដងឡើង)។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំអនឡាញ

 

តាមការស្ថិតិក្នុងចំណោមចំនួន ១៥០ ករណីដែលកំពុងទទួលការព្យាបាលនោះបានបង្ហាញថា អាយុជាមធ្យមរបស់អ្នកជំងឺគឺ ៣៤ ឆ្នាំ ក្នុងនោះ ៤០% ជាបុរស ៦០% ជាស្ត្រី។ អំពីសញ្ជាតិមានអ្នកជំងឺនោះ គឺជនជាតិវៀតណាមមានចំនួន ១២៣ នាក់ និងអ្នកជំងឺបរទេសចំនួន ២៧ នាក់ដែលភាគច្រើនជាជនជាតិអង់គ្លេស ១១ នាក់, ប្រេស៊ីល ៦ នាក់, បារាំង ៣។

ថ្លែងនៅក្នុងកិច្ចប្រជុំលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីបន្តជំរុញការអនុវត្តសេចក្តីណែនាំលេខ ១៥ និង ១៦ ។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមកប្រជាជននៃប្រទេសទាំងមូលបានគោរពអនុវត្តតាមសេចក្តីណែនាំយ៉ាងល្អ និងម៉ឺងម៉ាត់ ដូច្នេះការគ្រប់គ្រងការឆ្លងជំងឺបានទទួលលទ្ធផលវិជ្ជមានមួយចំនួនដែរ។ នាយករដ្ឋមន្រ្តីក៏បានលើកឡើងយ៉ាងច្បាស់ពីការគឺមិនត្រូវមើលស្រាលក្នុងការការពារនិងគ្រប់គ្រងជំងឺរាតត្បាតជាដាច់ខាតដែលក្នុងបរិបទការឆ្លងមេរោគគើតឡើងសាជាថ្មីនៅផ្នែកខ្លះនៃពិភពលោក។

លោកនាយករដ្ឋមន្រ្តីបានវាយតំលៃថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានករណីឆ្លងថ្មីតិចជាងមុន ហើយជាមួយនោះគឺចំនួនករណីជាសះស្បើយបានកើនឡើងច្រើនជាងមុនដែរ។ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់គ្រប់កម្លាំងកងទ័ព វេជ្ជបណ្ឌិតគ្រូពេទ្យ និងកំលាំងនគរបាល ដែលឈរជើងនៅខ្សែជួរមុខក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តសេចក្តីណែនាំលេខ ១៦ របស់នាយករដ្ឋមន្ត្រីស្តីពីការដាក់ដាច់ដោយឡែកសង្គម និងការផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ។ ទន្ទឹមនឹងនោះមានមនុស្សល្អ និងអំពើល្អបានលេចចេញមកកាន់តែច្រើនឡើងៗដែរ អំពើដ៏ស្រស់ស្អាតទាំងនេះបាននាំមកនូវអត្ថន័យធំធេងជាច្រើនបង្ហាញពីស្មារតីសាមគ្គីភាពរបស់ប្រជាជនទូទាំងប្រទេសដើម្បីរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរោគរាតត្បាតក្រោមការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ។

ដោយសង្កត់ធ្ងន់លើការមិនត្រូវមើលស្រាលស្ថានភាពបច្ចុប្បន្ន និងមិនត្រូវវក់ជាមួយនឹងជ័យជំនះជាជំហានដំបូងនោះទេ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ជំងឺនេះនៅតែស្ថិតក្នុងដំណាក់កាលដ៏គ្រោះថ្នាក់ ហើយវាអាចផ្ទុះឡើងដោយមិនថានៅពេលណាមួយឡើយ។ ប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងការផ្ទុះឡើងវិញនៃដំណាក់កាលទី២នៃការរាតត្បាតហើយដែរ។ ដូច្នេះដើម្បីរក្សាឲ្យបាននូវលទ្ធផលដែលទទួលបាននោះ គ្រប់ក្រសួងស្ថាប័ន និងមូលដ្ឋានទូទាំងប្រទេសបានឯកភាពគ្នាបន្តអនុវត្តយ៉ាងតឹងរឹងនូវសេចក្តីណែនាំលេខ ១៦ របស់នាយករដ្ឋមន្ត្រីស្តីពីការដាក់ដាច់ដោយឡែកសង្គម។

លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា យុទ្ធសាស្ត្របង្ការ និងទប់ស្កាត់រោគរាតត្បាតបច្ចុប្បន្ននៅក្នុងដំណាក់កាលទី ៣ នោះគឺការធ្វើដាក់ដាច់ដោយឡែកសង្គម ការស្រាវជ្រាវស្វែងរកករណីឆ្លងជំងឺ ការកំណត់មូលដ្ឋានដែលផ្ទុះឡើងនៃជំងឺដើម្បីកំចាត់ការរាតត្បាតជំងឺដោយប្រើវិធីសាស្ត្រ “ចាក់សោពីខាងក្រៅហើយកំចាត់រោគរាតត្បាតពីខាងក្នុង” ការព្យាបាលអ្នកជំងឺឲ្យបានសកម្ម។ ដោយឈរលើមូលដ្ឋាននោះលោកនាយករដ្ឋមន្រ្តីបានបញ្ជាថា ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែមេសា ទាំងប្រព័ន្ធនយោបាយ ទាំងមូលដ្ឋាន ទាំងវិស័យសុខាភិបាល និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែក្តាប់ឲ្យបានជាប់នូវស្ថានការណ៍ ហើយរៀបចំឲ្យមានគ្រប់សេណារីយ៉ូដែលអាចកើតមានឡើង និងដំណោះស្រាយឱ្យបានឆាប់រហ័សបំផុតដើម្បីត្រៀមខ្លួនចំពោះរលកទី២ នៃការរីករាលដាល Covid-19 ។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យរៀបចំផែនការមន្ទីរពេទ្យបណ្តោះអាសន្នដើម្បីកុំអោយបាត់ភាពម្ចាស់ការក្នុងគ្រប់កាលៈទេសៈ។ គណៈកម្មាធិការដឹកនាំគួរតែផ្តោតលើការធ្វើជាម្ចាស់នៃដំណោះស្រាយបង្ការ និងទប់ស្កាត់ជំងឺប្រកបដោយប្រសិទ្ធភាព។ សំរបសំរួលនូវគ្រប់ប្រភពធនធាន ការណែនាំ ការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពផ្នែកវេជ្ជសាស្រ្តសំរាប់គ្រប់តំបន់មូលដ្ឋាន ការបង្កើនការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងជំងឺឱ្យប្រសើរឡើង។

ទាក់ទិននឹងការឃោសនា ការផ្សព្វផ្សាយពីស្ថានភាពនៃជំងឺរាតត្បាតនោះ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យគ្រប់ស្ថាប័នសារព័ត៌មាននានាត្រូវតែឆ្លុះបញ្ចាំងឱ្យបានពេញលេញអំពីជីវភាពរស់នៅរបស់សង្គម និងការបង្ការការទប់ស្កាត់ជំងឺរាតត្បាត ព្រមទាំងត្រូវតែបង្កើនការឆ្លុះបញ្ចាំងពីមនុស្សល្អ អំពើល្អ ប្រពៃណីទំនៀមទម្លាប់ដ៏ប្រពៃរបស់ប្រជាជាតិវៀតណាមក្នុងគ្រាលំបាក។

នៅក្នុងកិច្ចប្រជុំនេះលោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាម ជាពិសេសគឺបណ្តាមុខសញ្ញាដែលជួបការលំបាក។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា រដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីមួយចំនួនដើម្បីដោះស្រាយការលំបាកទាំងអស់ផងដែរ ដោយរួមទាំងការបញ្ចេញថវិកាជួយឧបត្ថម្ភដល់ជនក្រីក្រ និងអ្នកដែលជួបការលំបាកក្នុងជីវភាពរស់នៅ។

ដោយចាត់ទុកថា ថ្វីត្បិតតែជំងឺរាតត្បាត Covid-19 បាននាំមកនូវការខូចខាតដ៏ធ្ងន់ធ្ងរជាពិសេសទាក់ទងនឹងសេដ្ឋកិច្ច និងការងារក៏ពិតមែន ប៉ុន្តែលោកនាយករដ្ឋមន្រ្តីក៏បានមានប្រសាសន៍ថា ពេលវេលានេះក៏បាននាំមកនូវឱកាសជាច្រើនផងដែរ។ ដូច្នេះគ្រប់វិស័យ គ្រប់តំបន់មូលដ្ឋាន  និងប្រជាជនចាំបាច់ត្រូវបង្កើនការច្នៃប្រឌិតថ្មី និងផ្តោតលើការអភិវឌ្ឍបណ្តាវិស័យនិងសេវាកម្មថ្មីៗ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងប្រតិបត្តិការដោះដូរ ផលិតកម្ម សេដ្ឋកិច្ចឌីជីថល ។ល។

ស្របជាមួយការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺនោះចាំបាច់ត្រូវរៀបចំដំណោះស្រាយឱ្យបានសកម្មសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដោយធានានូវសុវត្ថិភាពក្នុងការការពារការរាលដាលជំងឺផងដែរ៕

បកប្រែដោយ Minh Trung