ឱកាសសហប្រតិបត្តិការដ៏អស្ចារ្យសម្រាប់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព
កប.អនឡាញ - ក្នុងឱកាសនៃកិច្ចព្រមព្រៀងស្តីពីការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រលើការអភិរក្ស និងការប្រើប្រាស់ជីវចម្រុះប្រកបដោយចីរភាពក្នុងតំបន់សមុទ្រនៅក្រៅដែនយុត្តាធិការជាតិ (សន្ធិសញ្ញាស្តីពីមហាសមុទ្រ) ដែលចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម ប្រធានសន្និសីទលើកទី៣៥ នៃបណ្ដាប្រទេសសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។
អ្នកយកព័ត៌មាន៖ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ សន្ធិសញ្ញាស្តីពីមហាសមុទ្រចូលជាធរមានជាផ្លូវការ។ សូមលោកអនុរដ្ឋមន្ត្រីចែករំលែកអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងការគ្រប់គ្រង និងការពារមហាសមុទ្រ?
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រី៖ សន្ធិសញ្ញាស្តីពីមហាសមុទ្រ (ដែលហៅកាត់ថាកិច្ចព្រមព្រៀង) គឺជាក្របខ័ណ្ឌច្បាប់ដ៏ទូលំទូលាយដំបូងគេ ដើម្បីគ្រប់គ្រងសកម្មភាពទាក់ទងនឹងជីវចម្រុះសមុទ្រ ក្នុងតំបន់សមុទ្រនៅក្រៅដែនយុត្តាធិការជាតិ - ដែលជាលំហមួយដែលគ្របដណ្តប់ប្រហែល ៦១% នៃផ្ទៃមហាសមុទ្រពិភពលោក និង ៤៣% នៃផ្ទៃផែនដី។ កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ជាពិសេស ដោយសារជាលើកដំបូង បានបញ្ជាក់ពីការអនុវត្តគោលការណ៍នៃ "បេតិកភណ្ឌរួមរបស់មនុស្សជាតិ" ចំពោះធនធានជីវចម្រុះក្នុងតំបន់សមុទ្រនៅក្រៅដែនយុត្តាធិការជាតិ។ ដោយហេតុនោះ កិច្ចព្រមព្រៀងនេះបង្កើតយន្តការសម្រាប់ការចែករំលែកផលប្រយោជន៍ដោយស្មើភាពគ្នារវាងបណ្តាប្រទេស ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចូលរួមយ៉ាងជាក់ស្តែងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការស្រាវជ្រាវ ការអភិរក្ស និងការប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាព។ ប្រការនេះក៏ជួយពង្រឹងទំនុកចិត្ត និងការចូលរួមយ៉ាងសកម្មរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងកិច្ចខិតខំប្រឹងប្រែងការពារមហាសមុទ្រសកល ក្នុងបរិបទជីវចម្រុះមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ដោយសារតែផលប៉ះពាល់របស់មនុស្ស។
    |
 |
|
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម (រូបថត៖ ក្រសួងការបរទេស) |
ការអនុម័ត និងការចូលជាធរមាននៃសន្ធិសញ្ញាស្តីពីមហាសមុទ្រ មិនត្រឹមតែឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តរួមរបស់សហគមន៍អន្តរជាតិក្នុងការពង្រឹងការគ្រប់គ្រង និងការការពារមហាសមុទ្រប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតួនាទីដ៏សំខាន់នៃយន្តការពហុភាគីក្នុងការជំរុញកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាសកលលោកដោយផ្អែកលើច្បាប់អន្តរជាតិ ដោយពង្រឹងសណ្តាប់ធ្នាប់ផ្លូវច្បាប់នៅសមុទ្រជាមួយនឹងមូលដ្ឋានគ្រឹះនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រីឲ្យដឹងថា តើកិច្ចព្រមព្រៀងនេះនឹងនាំមកជូនប្រទេសវៀតណាមនូវឱកាសជាក់លាក់អ្វីខ្លះក្នុងការអភិរក្សជីវៈចម្រុះសមុទ្រ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការទទួលបានធនធាន និងបច្ចេកវិទ្យាអន្តរជាតិ? តើវៀតណាមនឹងផ្តល់អាទិភាពលើជំហានអ្វីខ្លះ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព?
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រី៖ ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះបើកឱកាស និងលំហសហប្រតិបត្តិការដ៏ធំសម្បើម និងមិនធ្លាប់មានពីមុនមកសម្រាប់វៀតណាមក្នុងការអភិរក្សជីវៈចម្រុះសមុទ្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព។ ដោយមានការដឹកនាំពីការិយាល័យនយោបាយ លេខាធិការដ្ឋាន និងរដ្ឋាភិបាល វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅថ្ងៃដំបូងនៃការចុះហត្ថលេខា ដោយបានបញ្ចប់នីតិវិធីអនុម័ត និងដាក់ឯកសារដែលបានអនុម័តនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥។ ការក្លាយជាប្រទេសជាសមាជិកតាំងពីដំបូងបង្ហាញពីកិច្ចសន្យាយ៉ាងមុតមាំ និងការទទួលខុសត្រូវរបស់វៀតណាមក្នុងការការពារសមុទ្រ និងមហាសមុទ្រ ព្រមទាំងការអភិរក្ស និងប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព។ សម្រាប់ប្រទេសវៀតណាម កិច្ចព្រមព្រៀងនេះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការទទួលបានចំណេះដឹង ទិន្នន័យ និងបច្ចេកវិទ្យាទំនើប ដោយហេតុនេះបង្កើនសមត្ថភាពសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការគ្រប់គ្រង និងការការពារបរិស្ថានសមុទ្រ។ នេះក៏ជាឱកាសដ៏សំខាន់មួយសម្រាប់អ្នកវិទ្យាសាស្ត្រវៀតណាម ចូលរួមយ៉ាងជាក់ស្តែងក្នុងសកម្មភាពស្រាវជ្រាវ ការទទួលបាន និងចែករំលែកអត្ថប្រយោជន៍ពីធនធានហ្សែនសមុទ្រនៅក្នុងសមុទ្រអន្តរជាតិ និងបាតសមុទ្រជ្រៅ ដោយរួមចំណែកជំរុញគំរូសេដ្ឋកិច្ចសមុទ្រទំនើប ផ្អែកលើវិទ្យាសាស្ត្រ និងនវានុវត្តន៍។
ក្នុងនាមជាប្រទេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ វៀតណាមនឹងចូលរួមចំណែកយ៉ាងសកម្ម វិជ្ជមាន និងមានទំនួលខុសត្រូវចំពោះការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាពដោយចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងយន្តការទាក់ទងនឹងសសរស្តម្ភទាំងបួន រួមទាំងការទទួលបាន និងការចែករំលែកដោយសមធម៌ នូវអត្ថប្រយោជន៍ពីធនធានហ្សែនសមុទ្រ; ការបង្កើត និងការគ្រប់គ្រងតំបន់អភិវក្សសមុទ្រ; ការវាយតម្លៃផលប៉ះពាល់បរិស្ថានចំពោះសកម្មភាពនៅក្នុងតំបន់សមុទ្រនៅក្រៅដែនយុត្តាធិការជាតិ និងការកសាងសមត្ថភាព និងការផ្ទេរបច្ចេកវិទ្យាសមុទ្រ។ ក្នុងពេលជាមួយគ្នានេះ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ វៀតណាមក៏នឹងឆ្លុះបញ្ចាំងពីសំឡេង និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដែលមានសមត្ថភាពមានកម្រិត ក៏ដូចជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការប្រែប្រួលអាកាសធាតុ ដោយធានាការអនុលោមតាម UNCLOS ១៩៨២។ វៀតណាមនឹងបន្តពិនិត្យ និងកែលម្អក្របខ័ណ្ឌច្បាប់ ពង្រឹងការសម្របសម្រួលអន្តរវិស័យ ជំរុញការចូលរួមរបស់អ្នកវិទ្យាសាស្ត្រ អាជីវកម្ម និងប្រជាជន ធានាការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង បម្រើតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាពនៅក្នុងប្រទេសវៀតណាម និងអន្តរជាតិ ស្របតាមស្មារតីនៃសេចក្តីសម្រេចលេខ ៣៦-NQ/TW (២០១៨) ស្តីពីយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ររបស់វៀតណាមប្រកបដោយចីរភាពនៅ ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!
បកប្រែដោយ Huyen Trang