កិច្ចសហប្រតិបត្តិការឡាវ-វៀតណាមសម្រេចបានលទ្ធផលសំខាន់ៗក្នុងវិស័យជាច្រើន
កប.អនឡាញ - នៅថ្ងៃទី១៣ ខែមករា កាសែត Pasaxon ដែលជាស្ថាប័នរបស់គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានចុះផ្សាយបទសម្ភាសន៍ជាមួយលោក Thongsavanh Phomvihane រដ្ឋមន្ត្រីការបរទេសឡាវ ដោយចែករំលែកអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលសអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១១ នៃបក្សប្រជាជនបដិវត្តន៍ឡាវ និងមហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនិស្តវៀតណាម ក្រោមចំណងជើងថា "កិច្ចសហប្រតិបត្តិការឡាវ-វៀតណាមសម្រេចបានលទ្ធផលសំខាន់ៗក្នុងវិស័យជាច្រើន"។
យោងតាមអត្ថបទនេះ ដោយទទួលការយកចិត្តទុកដាក់ ក្រោមការដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឡាវ និងវៀតណាមក្នុងដំណាក់កាល ២០២១-២០២៥ សម្រេចបានលទ្ធផលសំខាន់ៗ ក្នុងវិស័យជាច្រើន។ ក្រសួង ស្ថាប័ន និងអង្គការទាំងឡាយនៃប្រទេសទាំងពីរបានសហការ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែង តាមរយៈនោះ សម្រេចបាននូវគោលដៅដែលបានកំណត់។
អត្ថបទនេះសង្កត់ធ្ងន់ថា ចាប់ពីត្រីមាសទី៤ នៃឆ្នាំ២០២៤ និងពេញមួយឆ្នាំ២០២៥ ភាគីទាំងពីរបានផ្លាស់ប្ដូរជាច្រើន ដោយឈ្នះបញ្ហានានាបន្តិចម្តងៗនៅក្នុងផែនការ និងគម្រោងសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ លទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសនីមួយៗ ព្រមទាំងពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ និងជម្រុញទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងឡាវ និងវៀតណាម។
    |
 |
|
អត្ថបទដែលចុះផ្សាយនៅលើកាសែត Pasaxon |
យោងតាមកាសែត Pasaxon ទំនាក់ទំនងនយោបាយ និងការបរទេសរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីក តាមរយៈការបន្ថែមខ្លឹមសារ "តភ្ជាប់ជាយុទ្ធសាស្ត្រ" ទៅក្នុងទំនាក់ទំនងទ្វេភាគី។ នេះបង្ហាញពីទំនុកចិត្តខាងនយោបាយ និងការប្ដេជ្ញាចិត្តរបស់បក្សទាំងពីរ និងរដ្ឋទាំងពីរក្នុងការជម្រុញទំនាក់ទំនងពិសេសឡាវ-វៀតណាម បំពេញផលប្រយោជន៍ជាក់ស្តែង និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខត្រូវបានពង្រីក ហើយក្លាយជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងឡាវ-វៀតណាម ចូលរួមចំណែកដល់ការរក្សាស្ថិរភាពនយោបាយ ធានាការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងប្រទេសនីមួយៗ។
នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរសម្រេចបានលទ្ធផលលេចធ្លោជាច្រើន។ វៀតណាមនៅតែជាអ្នកវិនិយោគដ៏សំខាន់មួយរបស់ប្រទេសឡាវ។ គម្រោងសហប្រតិបត្តិការជាច្រើនកំពុងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសឡាវ និងបង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ។ ទំហំពាណិជ្ជកម្មទ្វេភាគីត្រូវបានគេព្យាករណ៍ថានឹងសម្រេចបានជិត ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងពីរសម្រេចបានគោលដៅ ៥ ពាន់លានដុល្លារអាមេរិក។
នៅក្នុងវិស័យសង្គម-វប្បធម៌ ភាគីទាំងពីរក៏បានសហការយ៉ាងជិតស្និទ្ធ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនផងដែរ។ ជាពិសេសគឺការទទួលស្គាល់ឧទ្យានជាតិ Hin Namno (ខេត្ត Khammouane ប្រទេសឡាវ) ជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោកឆ្លងដែន ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ ដែលភ្ជាប់ជាមួយឧទ្យានជាតិ Phong Nha - Ke Bang (ខេត្ត Quang Tri ប្រទេសវៀតណាម) ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួម និងជាមោទនភាពសម្រាប់ប្រទេសទាំងពីរ។
ក្នុងវិស័យអប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ភាគីទាំងពីរក៏បន្តយកចិត្តទុកដាក់ជាពិសេស ដោយផ្តោតលើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ៕
បកប្រែដោយ Thuy Anh