បេសកជនពិសេសរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម អបអរសាទរមហាសន្និបាតលើកទី១២ នៃបក្សប្រជាជនបដិវត្តន៍ឡាវ
កប.អនឡាញ - នារសៀលថ្ងៃទី៨ ខែមករា នៅទីក្រុងវៀងចន្ទន៍ បេសកជនពិសេសរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម លោក Le Hoai Trung លេខាមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងការបរទេស បានដឹកនាំគណៈប្រតិភូទៅអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី ១២ នៃបក្សប្រជាជនបដិវត្តន៍ឡាវ និងជួបជាមួយលោក Thongloun Sisoulith អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវអាណត្ដិ ១២ និងជាប្រធានរដ្ឋឡាវ។
នៅក្នុងជំនួបនេះ លោក Le Hoai Trung បានផ្ដាំផ្ញើការអបអរសាទរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមជូនចំពោះលោក Thongloun Sisoulith និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋឡាវ។ ជូនពរចំពោះភាពជោគជ័យរបស់មហាសន្និបាតលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ និងមានអត្ថន័យពិសេសសម្រាប់បុព្វហេតុបដិវត្តន៍នៃប្រទេសឡាវ។
លោក Le Hoai Trung បានជូនពរចំពោះលោក Thongloun Sisoulith ដោយបានជាប់ឆ្នោតសាជាថ្មីជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវសម្រាប់អាណត្តិទី ១២ ដោយហេតុនេះបង្ហាញពីទំនុកចិត្តយ៉ាងជ្រាលជ្រៅរបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនឡាវទាំងមូល ព្រមទាំងកត់សម្គាល់នូវការចូលរួមចំណែកយ៉ាងធំធេង បញ្ញារបស់លោកក្នុងរយៈពេលកន្លងមក។ លោក Le Hoai Trung ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ដោយលោក Thongloun Sisoulith ជាអគ្គលេខាបក្ស ប្រទេសឡាវនឹងឈានចូលយុគសម័យថ្មីនៃការរីកចម្រើន ជាមួយនឹងក្ដីទុកចិត្ដ និងសេចក្តីប្រាថ្នាថ្មី បន្តលើកកម្ពស់សមិទ្ធផលដែលសម្រេចបាន យកឈ្នះលើការលំបាក និងបញ្ហាប្រឈមទាំងអស់ដើម្បីសម្រេចគោលដៅដែលបានកំណត់ដោយមហាសន្និបាតលើកទី ១២ គឺកសាងប្រទេសឡាវប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាព និងវិបុលភាព។
    |
 |
|
លោក Thongloun Sisoulith អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវអាណត្ដិ ១២ និងជាប្រធានរដ្ឋឡាវ ទទួលជួបលោក Le Hoai Trung បេសកជនពិសេសរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម (រូបថត៖ vnanet.vn) |
លោក Le Hoai Trung បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃមហាសន្និបាតក៏ជាជ័យជម្នះដ៏សំខាន់សម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ ដោយបញ្ជាក់ពីទំនាក់ទំនងប្រពៃណីដ៏ល្អ ស្អិតរមួត ជិតស្និទ្ធ ស្មោះត្រង់រវាងប្រជាជនប្រទេសទាំងពីរវៀតណាមនិងឡាវ។ បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព រួមជាមួយបក្ស រដ្ឋ និងប្រជាជនឡាវថែរក្សា ពូនជ្រំ ពង្រឹង និងពង្រីកឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ។
លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវបានជម្រាបជូនលោក Le Hoai Trung អំពីលទ្ធផលនៃមហាសន្និបាតលើកទី ១២ នៃបក្សប្រជាជនបដិវត្តន៍ឡាវ។ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក To Lam អគ្គលេខាបក្សក្មុយនិស្ដវៀតណាមបានបញ្ជូនបេសកជនពិសេសមកអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាត ដែលបង្ហាញភាពរស់រវើកនៃទំនាក់ទំនងជិតស្និទ្ធ ជឿទុកចិត្ត និងជាបងប្អូនជិតស្និទ្ធរវាងឡាវ និងវៀតណាម។ លោកបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃ ទាន់ពេលវេលា និងមានប្រសិទ្ធភាពដែលវៀតណាមបានផ្តល់ជូនឡាវក្នុងដំណើរការត្រៀម និងរៀងចំមហាសន្និបាតលើកទី១២។
លោក Thongloun Sisoulith បានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនឡាវ និងលោកផ្ទាល់ យកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម-ឡាវ និងឡាវ-វៀតណាម។ លោកបានស្នើឱ្យភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ថ្មីៗដែលសម្រេចបានថ្មីៗនេះ ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Pham Diep