ជម្រុញការតភ្ជាប់រវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម និងសិង្ហបុរី
កប.អនឡាញ - នៅថ្ងៃទី១៣ ខែមករា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី លោក Nguyen Hoa Binh សមាជិកការិយាល័យនយោបាយ និងជាឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម បានជួបជាមួយលោក Lee Hsien Loong ទេសរដ្ឋមន្ត្រីនៃសិង្ហបុរី។
ក្នុងជំនួប លោក Nguyen Hoa Binh បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់លោក Lee Kuan Yew អតីតនាយករដ្ឋមន្ត្រី និងលោក Lee Hsien Loong ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្នុងការជម្រុញឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម រួមទាំងការអភិវឌ្ឍដ៏រឹងមាំនៃបណ្តាញសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP)។
    |
 |
|
លោក Nguyen Hoa Binh ជួបជាមួយលោក Lee Hsien Loong (រូបថត៖ chinhphu.vn) |
លោក Lee Hsien Loong បានសម្តែងការរីករាយចំពោះការវិវឌ្ឍវិជ្ជមាន និងជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមកនេះ ជាពិសេសការអភិវឌ្ឍ VSIP ចំនួន ២១ នៅក្នុងខេត្ត និងក្រុងចំនួន ១៤ និងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរស្ដីពីការបង្កើត VSIP ចំនួន ៣០ នៅឆ្នាំ២០៣០។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ លោក Lee Hsien Loong បានអបអរសាទរវៀតណាមចំពោះការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនាពេលថ្មីៗនេះ ដែលបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តអភិវឌ្ឍរបស់វៀតណាមក្នុងដំណាក់កាលថ្មី។ លោក Lee Hsien Loong បានចែករំលែកបទពិសោធន៍របស់សិង្ហបុរីក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងផ្តល់យោបល់ជាយុទ្ធសាស្ត្រដល់វៀតណាមស្ដីពីការអភិវឌ្ឍ និងដំណើរការមជ្ឈមណ្ឌលនេះ ដោយបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់រដ្ឋាភិបាលសិង្ហបុរីក្នុងការផ្លាស់ប្តូរ ជួយគាំទ្រវៀតណាម និងបង្កើនការតភ្ជាប់រវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិសិង្ហបុរី និងវៀតណាម។
លោក Nguyen Hoa Binh បានសម្តែងក្តីសង្ឃឹមថា លោក Lee Hsien Loong នឹងបន្តយកចិត្តទុកដាក់ និងជួយគាំទ្រជម្រុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពជាងមុន ក៏ដូចជាផ្តល់យោបល់ និងចែករំលែកបទពិសោធន៍ស្ដីពីការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុ ជម្រុញកិច្ចសហប្រតិបត្តិការ និងតភ្ជាប់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៃប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh