ការប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនលោក Marc Knapper បង្ហាញពីការទទួលស្គាល់របស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមចំពោះការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិក របស់លោកឯកអគ្គរដ្ឋទូតក្នុងអាណត្តិរបស់ខ្លួននៅវៀតណាម។

leftcenterrightdel
លោក Le Hoai Trung ប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនលោក Marc Evans Knapper (រូបថត៖ ក្រសួងការបរទេសវៀតណាម)

បន្ទាប់ពិធីប្រគល់គ្រឿងឥស្សរិយយស លោក Le Hoai Trung បានទទួលជួបលោកឯកអគ្គរដ្ឋទូតក្នុងឱកាសបញ្ចប់អាណត្តិនៅប្រទេសវៀតណាម និងត្រៀមរៀបចំវិលត្រឡប់មកប្រទេសវិញ។

ក្នុងជំនួប លោក Le Hoai Trung បានអបអរសាទរចំពោះលោក Marc Knapper ដែលបានបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួនដោយជោគជ័យ។ លោកបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់លោកឯកអគ្គរដ្ឋទូតក្នុងការជម្រុញទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិកឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ជាពិសេសក្នុងការតម្លើងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែកញ្ញា ឆ្នាំ២០២៣។ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីតួនាទីវិជ្ជមានរបស់លោក Marc Knapper ក្នុងការបង្កើតសន្ទុះដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី ជាពិសេសនៅក្នុងវិស័យទំនាក់ទំនងនយោបាយ-ការបរទេស ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម សន្តិសុខ-ការពារជាតិ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ជំនួយមនុស្សធម៌ និងការជំនះផលវិបាកនៃសង្គ្រាម។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក ហើយវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថានទូតអាមេរិក និងក្រសួងការបរទេសវៀតណាម ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ និងកម្មវិធីសហប្រតិបត្តិការ ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ លោកស្នើឲ្យភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពនូវរបៀបវារៈដែលបានព្រមព្រៀងគ្នា។

លោក Marc Knapper បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រប្រកបដោយប្រសិទ្ធភាពនៃក្រសួង និងស្ថាប័ននានារបស់វៀតណាមក្នុងរយៈពេលបួនឆ្នាំកន្លងមក។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីថា ក្នុងឋានៈណាក៏ដោយក៏ លោកនឹងតែងតែជាមិត្តរបស់វៀតណាម ហើយបន្តគាំទ្រ និងរួមដំណើរក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិក៕

បកប្រែដោយ Thuy Anh