លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិក
កប.អនឡាញ - នៅថ្ងៃទី១២ ខែមករា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួប លោក Marc Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិការងារ។
ក្នុងជំនួប លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានអបអរសាទរលោកឯកអគ្គរដ្ឋទូត Marc Knapper ដែលបានបញ្ចប់អាណត្តិការងាររបស់ខ្លួននៅក្នុងប្រទេសវៀតណាមដោយជោគជ័យ ជាមួយនឹងសមិទ្ធផលលេចធ្លោជាច្រើន។
លោកប្រធានរដ្ឋបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់មួយចំនួននៅក្នុងទំនាក់ទំនងវៀតណាម-អាមេរិកក្នុងអំឡុងពេលលោកឯកអគ្គរដ្ឋទូត Marc Knapper បំពេញការងារនៅប្រទេសវៀតណាម រួមទាំងការដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដែលជាកម្រិតខ្ពស់បំផុតនៃកិច្ចសហប្រតិបត្តិការនៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម និងបានវាយតំលៃខ្ពស់ចំពោះការរួមចំណែកវិជ្ជមានរបស់លោកឯកអគ្គរដ្ឋទូតចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយប្រសិទ្ធភាព ចីរភាព និងស៊ីជម្រៅ ដោយផ្អែកលើការគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី របបនយោបាយ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
    |
 |
|
លោកប្រធានរដ្ឋ Luong Cuong ទទួលជួបលោកឯកអគ្គរដ្ឋទូត Marc Knapper |
លោកប្រធានរដ្ឋបានសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនោសញ្ចេតនាដែលលោកឯកអគ្គរដ្ឋទូត Marc Knapper ជូនចំពោះប្រទេស ប្រជាជន និងវប្បធម៌វៀតណាម។ លោកប្រធានរដ្ឋបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងស្ថានទូតសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយជាង ២ លានដុល្លារដល់មូលដ្ឋាននានារបស់វៀតណាមដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិកាលពីឆ្នាំមុន ហើយសង្កត់ធ្ងន់ថា នេះគឺជាកាយវិការដ៏ថ្លៃថ្នូ ដែលបង្ហាញពីស្មារតីមនុស្សធម៌ និងការចែករំលែកទាន់ពេលវេលារបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក ជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងអំឡុងពេលដ៏លំបាកនេះ។
    |
 |
|
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបលោកឯកអគ្គរដ្ឋទូត Marc Knapper |
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម លោកប្រធានរដ្ឋបានវាយតម្លៃថា នេះជាចំណុចភ្លឺមួយ និងជាភារកិច្ចដ៏សំខាន់ក្នុងការកសាងទំនុកចិត្ត លើកកម្ពស់ការផ្សះផ្សា និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងភាគីទាំងពីរ និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោកឯកអគ្គរដ្ឋទូត Marc Knapper ហើយបានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។
ក្នុងឱកាសនេះ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានបញ្ជាក់ថា វៀតណាមតែងតែបន្តអនុវត្តគោលនយោបាយការបរទេសដោយឯករាជ្យ ស្វ័យភាព ពហុភាគី ពិពិធកម្ម ជាមិត្ត ជាដៃគូជឿទុកចិត្ត ជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។
វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ហើយចង់បន្តពង្រីកទំនាក់ទំនងនេះឱ្យកាន់តែជាក់ស្តែង និងស៊ីជម្រៅលើគ្រប់វិស័យ ទាំងនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការពារជាតិ-សន្តិសុខ ការអប់រំ ការផ្លាស់ប្ដូរប្រជាជន វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ជំនួយមនុស្សធម៌ និងការដោះស្រាយផលវិបាកនៃសង្គ្រាម... ស្របតាមសក្តានុពល និងបំពេញតម្រូវការ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
ចំណែកលោកឯកអគ្គរដ្ឋទូត Marc Knapper បានថ្លែងអំណរគុណដល់លោកប្រធានរដ្ឋ ដែលបានចំណាយពេលវេលាទទួលលោក។ ដោយឯកភាពនឹងការវាយតម្លៃរបស់លោកប្រធានរដ្ឋអំពីទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូតបានចែករំលែកមោទនភាព និងសេចក្តីរីករាយរបស់លោកដែលបានមើលឃើញដោយផ្ទាល់ និងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឲ្យកាន់តែជាក់ស្តែងថែមទៀត។
លោកឯកអគ្គរដ្ឋទូត Knapper បានសម្តែងទំនុកចិត្តថា ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងសហរដ្ឋអាមេរិកនឹងបន្តរីកចម្រើនកាន់តែខ្លាំងឡើង បន្តជាគំរូក្នុងទំនាក់ទំនងអន្តរជាតិអំពីការផ្សះផ្សា ទុករឿងអតីតកាលមួយអន្លើ ឆ្ពោះទៅរកអនាគតល្អ។
លោកឯកអគ្គរដ្ឋទូត Knapper បានអះអាងថា ទោះជាក្នុងតំណែងអ្វីក៏ដោយ ក៏លោកនឹងបន្តជាមិត្តរបស់វៀតណាម និងរួមចំណែកដល់ការអភិវឌ្ឍដ៏ទូលំទូលាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិ។
បកប្រែដោយ Duy Hoan