វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក
កប.អនឡាញ - នៅរសៀលថ្ងៃទី១០ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Marc Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ដែលមកជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះលោក Marc Knapper ដែលមានអាណត្តិដ៏ជោគជ័យនៅវៀតណាម ជាមួយនឹងសមិទ្ធផលលេចធ្លោជាច្រើន ហើយទទួលស្គាល់ការចូលរួមចំណែកវិជ្ជមានរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការជម្រុញការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ចីរភាព និងស៊ីជម្រៅនៃទំនាក់ទំនងវៀតណាម-អាមេរិក។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងចង់បន្តពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។
    |
 |
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Marc Knapper (រូបថត៖ vnanet.vn) |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងវៀតណាម-អាមេរិក។ លោកបានស្នើឲ្យអាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យផ្ទេរបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល និងទទួលស្គាល់សេដ្ឋកិច្ចទីផ្សាររបស់វៀតណាមឲ្យបានឆាប់រហ័ស ហើយដកវៀតណាមចេញពីបញ្ជីប្រទេសដែលមានការរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យាខ្ពស់។ លោកបានសម្តែងទំនុកចិត្តថាភាគីទាំងពីរនឹងបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាពក្នុងពេលឆាប់ៗនេះ ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បរិយាកាសអាជីវកម្ម និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ ទាក់ទងនឹងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី។
លោក Marc Knapper បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ហើយជាគំរូក្នុងទំនាក់ទំនងអន្តរជាតិ។ លោកបានឯកភាពថាភាគីទាំងពីរត្រូវពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យសំខាន់ៗដូចជា ទំនាក់ទំនងនយោបាយ-ការបរទេស ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម-វិនិយោគ ថាមពល ការជំនះផលវិបាកក្រោយសង្គ្រាម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់... លោកសម្តែងនូវទំនុកចិត្តថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក និងវៀតណាម នឹងបន្តរីកចម្រើនកាន់តែខ្លាំង ហើយបញ្ជាក់ថា ក្នុងឋានៈណាក៏ដោយ ក៏លោកនឹងបន្តធ្វើជាមិត្តរបស់វៀតណាម និងចូលរួមចំណែកដល់ទំនាក់ទំនងទ្វេភាគី៕
បកប្រែដោយ Thuy Anh