វៀតណាមរក្សាទំនាក់ទំនងដ៏ល្អប្រពៃជាមួយប្រទេសវេណេស៊ុយអេឡា
កប.អនឡាញ - នារសៀលថ្ងៃទី ៨ ខែមករា នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេស ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីផលប៉ះពាល់នៃការវិវឌ្ឍនាពេលថ្មីៗនៅក្នុងប្រទេសវេណេស៊ុយអេឡា លើទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងវេណេស៊ុយអេឡា លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ថា៖
"វៀតណាមរក្សាទំនាក់ទំនងដ៏ល្អប្រពៃជាមួយវេណេស៊ុយអេឡា ហើយមានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការស្របតាមក្របខ័ណ្ឌនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ"។
* នៅក្នុងសន្និសីទកាសែតនេះដែរ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីការប្រកាសរបស់លោក Donald Trump ប្រធានាធិបតីអាមេរិក នៅថ្ងៃទី ៧ ខែមករា ដែលថាសហរដ្ឋអាមេរិកនឹងដកខ្លួនចេញពីអង្គការអន្តរជាតិ និងទីភ្នាក់ងារចំណុះអង្គការសហប្រជាជាតិចំនួន ៦៦ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ថា៖
    |
 |
|
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសឆ្លើយសំណួររបស់ទីភ្នាក់ងារសារព័ត៌មានជាតិ និងអន្តរជាតិ (រូបថត៖ vnanet.vn) |
"វៀតណាមគាំទ្រពហុភាគីនិយម និងឱ្យតម្លៃដល់តួនាទីរបស់អង្គការពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ ក្នុងការរួមចំណែកដល់ការគ្រប់គ្រងសកលលោក និងដោះស្រាយបញ្ហាពិភពលោករួមស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
វៀតណាមសង្ឃឹមថា ប្រទេសនានានឹងបន្តគាំទ្រពហុភាគីនិយម ដោយរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងពង្រឹងស្ថាប័នពហុភាគី និងច្បាប់អន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើពិភពលោក។ ក្នុងស្មារតីនោះ វៀតណាមត្រៀមខ្លួនជាស្រេចចូលរួម និងរួមចំណែកយ៉ាងសកម្មចំពោះយន្តការពហុភាគីសកល និងតំបន់តាមលទ្ធភាពដែលអាចធ្វើទៅបាន"។
* ឆ្លើយតបទៅនឹងសំណួររបស់តំណាងស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅវៀតណាម ទាក់ទងនឹងទស្សនៈរបស់វៀតណាមលើការវិវត្តនៅមជ្ឈិមបូព៌ាទាក់ទងនឹងស្ថានភាពនៅយេម៉ែន ក៏ដូចជាវិធានការដែលអនុវត្តដោយអារ៉ាប៊ីសាអូឌីត និងក្រុមប្រឹក្សាភិទាក់ទងនឹងសន្តិសុខ និងអធិបតេយ្យភាពរបស់យេម៉ែន លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ថា៖
"វៀតណាមអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យអនុវត្តការអត់ធ្មត់ និងចៀសវាងសកម្មភាពដែលធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ ជៀសវាងការប្រើប្រាស់ ឬការគំរាមកំហែងដោយកម្លាំង បង្កើនការសន្ទនា និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការសម្រេចបាននូវដំណោះស្រាយនយោបាយដ៏ទូលំទូលាយ និងបរិយាប័ន្នសម្រាប់យេម៉ែន ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក"៕
បកប្រែដោយ Huyen Trang