បើកដំណាក់កាលថ្មីនៃការអភិវឌ្ឍសម្រាប់បដិវត្តន៍ឡាវ
កប.អនឡាញ - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ បានបញ្ចប់នៅថ្ងៃទី៨ ខែមករា នៅទីក្រុងវៀងចន្ទន៍ បន្ទាប់ពីបីថ្ងៃធ្វើការយ៉ាងមមាញឹក ប្រជាធិបតេយ្យ ក្នុងស្មារតីសាមគ្គីភាព និងទទួលខុសត្រូវខ្ពស់។ បក្ស រដ្ឋ និងប្រជាជនវៀតណាម សូមផ្ញើជូនបក្ស រដ្ឋ និងប្រជាជនឡាវ នូវមនោសញ្ចេតនា ការអបអរសាទរដ៏កក់ក្តៅ និងស្មោះស្ម័គ្របំផុតចំពោះជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ។
ក្រោមប្រធានបទ "ពង្រឹងភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់បក្ស កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន បន្តពង្រឹងរបបប្រជាធិបតេយ្យប្រជាជន និងឈានទៅមុខឆ្ពោះទៅរកសង្គមនិយម" មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ មានអ្នកចូលរួមចំនួន ៨៣៥ នាក់ ដែលតំណាងឱ្យបក្ខជនជាង ៤២១,៨០០ នាក់នៅទូទាំងប្រទេស។ មហាសន្និបាតបានអនុម័តលើកម្មវិធីនយោបាយលើកទី៣ របស់បក្សប្រជាជនបដិវត្តន៍ឡាវ របាយការណ៍នយោបាយរបស់គណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី១១ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេលប្រាំឆ្នាំលើកទី១០ (ដំណាក់កាល ២០២៦-២០៣០) លក្ខន្តិកៈបក្សប្រជាជនបដិវត្តន៍ឡាវដែលត្រូវបានធ្វើវិសោធនកម្ម និងសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី១២ ដោយហេតុនោះ កំណត់ទិសដៅយុទ្ធសាស្ត្រមាគ៌ានយោបាយ និងអង្គការរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ក៏ដូចជាដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមស្របតាមលក្ខខណ្ឌជាក់ស្តែងរបស់ប្រទេសជាតិ។ មហាសន្និបាតក៏បានជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ អាណត្តិថ្មី ដើម្បីដឹកនាំប្រទេសឡាវក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
    |
 |
|
គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ អាណត្តិទី១២ (រូបថត៖ nhandan.vn) |
ចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ តាមរយៈមហាសន្និបាតជាច្រើន បក្សប្រជាជនបដិវត្តន៍ឡាវបានដឹកនាំប្រជាជនឡាវឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រដ៏រុងរឿង និងអស្ចារ្យ ពោរពេញទៅដោយជំនឿ និងតស៊ូលើមាគ៌ាដែលបានជ្រើសរើស ដោយជឿជាក់លើអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ។ សមិទ្ធផលដ៏អស្ចារ្យ ទូលំទូលាយ និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់ប្រជាជនឡាវ បានបញ្ជាក់ពីមាគ៌ាត្រឹមត្រូវ និងភាពច្នៃប្រឌិតរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ដោយបង្ហាញពីឫទ្ធានុភាពបដិវត្តន៍ដ៏រឹងមាំរបស់ខ្លួននៅចំពោះការលំបាក និងបញ្ហាប្រឈមទាំងអស់ ដោយខិតខំអស់ពីចិត្តពីថ្លើមដើម្បីឯករាជ្យជាតិ ដើម្បីវិបុលភាពរបស់ប្រទេស និងសុភមង្គលរបស់ប្រជាជន ខណៈពេលដែលចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព ឯករាជ្យជាតិ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមនៅលើពិភពលោក។ ជោគជ័យនៃមហាសន្និបាតលើកទី១២ បានបង្ហាញជាថ្មីម្តងទៀតនូវសាមគ្គីភាព និងការឯកភាពគ្នាស្តីពីនយោបាយ សតិអារម្មណ៍ អង្គការ និងវិធីសាស្រ្តដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ដែលបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍសម្រាប់បដិវត្តន៍ឡាវ។
បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែយល់យ៉ាងស៊ីជម្រៅថា ជ័យជម្នះនីមួយៗរបស់បដិវត្តន៍វៀតណាមក្នុងការតស៊ូដើម្បីរំដោះជាតិកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ គឺត្រូវផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងចំណងសាមគ្គីភាពពិសេស ការគាំទ្រយ៉ាងរឹងមាំ និងជំនួយដ៏មានតម្លៃ ស្មោះត្រង់ និងមានប្រសិទ្ធភាពរបស់បក្ស រដ្ឋ និងប្រជាជនឡាវ។ ដោយគាំទ្រយ៉ាងមុតមាំ និងទូលំទូលាយដល់បុព្វហេតុផ្លាស់ថ្មីរបស់ឡាវ បក្ស រដ្ឋ និងប្រជាជនវៀតណាមជឿជាក់យ៉ាងមុតមាំថា ដោយបន្តប្រពៃណីរបស់មនុស្សជំនាន់មុនៗ និងលើកកម្ពស់សមិទ្ធផលដែលសម្រេចបាន ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវនឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុផ្លាស់ថ្មី អនុវត្តប្រកបដោយជោគជ័យនូវគោលដៅនៃសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរយៈពេល ៥ ឆ្នាំលើកទី ១០ កសាងប្រទេសឡាវប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាព និងវិបុលភាព ស្របតាមគោលដៅសង្គមនិយម។
កាលនៅរស់ លោកប្រធានហូជីមិញធ្លាប់បានបញ្ជាក់ថា៖ «វៀតណាម និងឡាវ ប្រទេសយើងទាំងពីរ តភ្ជាប់ជាមួយគ្នាដូចទឹក និងត្រី ហើយបុព្វហេតុបដិវត្តន៍របស់យើង ភ្ជាប់គ្នាយ៉ាងជិតស្និទ្ធដូចឈាមចេញតែមួយ»។ បក្ស រដ្ឋ និងប្រជាជនវៀតណាម នឹងធ្វើអស់ពីសមត្ថភាព រួមជាមួយបក្ស រដ្ឋ និងប្រជាជនឡាវជាបងប្អូន ដើម្បីថែរក្សា ការពារ ពូនជ្រំ ទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ៕
បកប្រែដោយ Huyen Trang