នេះគឺជាចង្កោមគម្រោងដំបូងគេនៅវៀតណាមដែលប្រើប្រាស់ឧស្ម័នធម្មជាតិរាវ (LNG) ដែលនាំចូល ដែលជាជំហានឈានមុខគេនៅក្នុងផែនទីបង្ហាញផ្លូវដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងសម្រេចគោលដៅនៃការបំភាយឧស្ម័នសុទ្ធសូន្យនៅឆ្នាំ២០៥០។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងពិធី

មានប្រសាសន៍នៅក្នុងពិធីនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការដាក់ឲ្យដំណើរការនូវរោងចក្រអគ្គិសនី Nhon Trach ៣ និង Nhon Trach ៤ ដែលជារោងចក្រថាមពលឧស្ម័នធម្មជាតិរាវដំបូងគេរបស់វៀតណាម បានដាក់គ្រឹះសម្រាប់ទីផ្សារអគ្គិសនីដើរដោយឧស្ម័នរបស់ប្រទេស។ វាក៏ជាជំហានដ៏សំខាន់មួយក្នុងការកសាងប្រព័ន្ធថាមពលជាតិដែលអាចបត់បែនបាន ស្អាត ស្ថិរភាព និងទំនើប ជាមួយនឹងការចំណាយវិនិយោគទាបបំផុត មាត្រដ្ឋានធំបំផុត បច្ចេកវិទ្យាទំនើបបំផុត និងសមត្ថភាពខ្ពស់បំផុត តម្លៃអគ្គិសនីពាណិជ្ជកម្មប្រកួតប្រជែងបំផុត។

យោងតាមលោកនាយករដ្ឋមន្ត្រី ព្រឹត្តិការណ៍នេះក៏ជាការកត់សម្គាល់ពីការធ្វើបរិវត្តកម្មជាមូលដ្ឋានមួយនៅក្នុងការគិត គំរូ និងនិន្នាការអភិវឌ្ឍន៍របស់វៀតណាមសម្រាប់ប្រភពថាមពលបៃតង ប្រកបដោយចីរភាព និងទំនើប ដោយជួយកាត់បន្ថយការបំភាយឧស្ម័នកាបូន ៤០% បើប្រៀបធៀបទៅនឹងរោងចក្រថាមពលដើរដោយធ្យូងថ្ម និង ៣០% បើប្រៀបធៀបទៅនឹងរោងចក្រថាមពលដើរដោយប្រេង។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជោគជ័យនៃគម្រោងរោងចក្រអគ្គិសនី Nhon Trach ទាំងពីរ គឺជាកម្លាំងចលករ និងជាមូលដ្ឋានសម្រាប់វៀតណាម បន្តអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលជាតិសំខាន់ៗនាពេលខាងមុខ ជាមួយនឹងទំហំធំជាង បច្ចេកវិទ្យាទំនើបជាងមុន ស្តង់ដារខ្ពស់ជាងមុន ផលិតភាព និងគុណភាពខ្ពស់ជាងមុន។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ពីគំរូនេះ វៀតណាមនឹងបន្តយកឈ្នះលើកម្ពស់ថ្មី និងកំណត់ត្រាថ្មីទាក់ទងនឹងគុណភាព វឌ្ឍនភាព សុវត្ថិភាព អនាម័យ និងការប្រកួតប្រជែងផ្នែកតម្លៃ៕

បកប្រែដោយ Huyen Trang