លោក Luong Cuong ប្រធានរដ្ឋវៀតណាមទទួលជួបឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសមកជូនសារតាំង
កប.អនឡាញ - នារសៀលថ្ងៃទី៣ ខែតុលា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបឯកអគ្គរដ្ឋទូតហ្វាំងឡង់ កាណាដា និងបណ្ដាឯកអគ្គរដ្ឋទូតមកពីហ្សាម៉ាអ៊ីក ទុយនីស៊ី ស្លូវេនី តាជីគីស្ថាន មកជូនសារតាំង និងបំពេញបេសកកម្មការទូតនៅវៀតណាម។
* ទទួលជួបលោក Pekka Voutilainen ឯកអគ្គរដ្ឋទូតហ្វាំងឡង់ លោកប្រធានរដ្ឋវៀតណាម បានស្នើលោកឯកអគ្គរដ្ឋទូត Pekka Voutilainen នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងនិងតម្រូវការ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្ដកម្មឌីជីថល និងសេដ្ឋកិច្ចវិលជុំ។
នាពេលខាងមុខ លោកប្រធានរដ្ឋវៀតណាម បានស្នើរដ្ឋាភិបាលហ្វាំងឡង់នឹងបន្តជួយគាំទ្រសហគមន៍ជនវៀតណាមក្នុងការធ្វើអាជីវកម្ម រស់នៅ សិក្សា រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
    |
 |
លោកប្រធានរដ្ឋ Luong Cuong ទទួលជួបលោក Pekka Voutilainen ឯកអគ្គរដ្ឋទូតហ្វាំងឡង់ |
លោកឯកអគ្គរដ្ឋទូត Pekka Voutilainen បានអះអាងថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងអាណត្តិរបស់ខ្លួនដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលប្រទេសនីមួយៗមានប្រៀបខ្លាំងនិងតម្រូវការ។
* ទទួលជួបលោក James Nickel ឯកអគ្គរដ្ឋទូតកាណាដា លោកប្រធានរដ្ឋវៀតណាមមានបំណងថាភាគីទាំងពីរបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់រវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ច ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋវៀតណាមសង្ឃឹមថា លោកឯកអគ្គរដ្ឋទូតនឹងតភ្ជាប់និងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីឲ្យសមស្របនឹងសក្តានុពល ជាពិសេលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការពារជាតិ សន្តិសុខ ការអប់រំនិងបណ្តុះបណ្តាល ការធ្វើបរិវត្ដកម្មឌីជីថល បញ្ញាសិប្បនិម្មិតជាដើម។
    |
 |
លោកប្រធានរដ្ឋ Luong Cuong ទទួលជួបលោក James Nickel ឯកអគ្គរដ្ឋទូតកាណាដា |
លោកប្រធានរដ្ឋវៀតណាម បានស្នើភាគីទាំងពីរសហការគ្នា និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ដោយឈរលើមូលដ្ឋានគោរពពហុភាគីនិយម និងច្បាប់អន្តរជាតិ។ លោកប្រធានរដ្ឋវៀតណាម ក៏មានបំណងដែរថា កាណាដាបន្តគាំទ្រទស្សនៈរបស់វៀតណាម និងអាស៊ានលើបញ្ហាសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ វៀតណាមត្រៀមខ្លួនជាស្ពានសម្រាប់កាណាដាសហការ និងវិនិយោគចូលក្នុងទីផ្សារអាស៊ីអាគ្នេយ៍។
លោកឯកអគ្គរដ្ឋទូត James Nickel បានឲ្យដឹងថា កាណាដាតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់របសស់ខ្លួនក្នុងតំបន់ ហើយអះអាងថា កាណាដាចែករំលែកជាមួយវៀតណាមនូវសារៈសំខាន់នៃការរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ព្រមទាំង លោកសង្ឃឹមថាភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងគំនិតផ្តួចផ្តើមសន្តិភាព ក៏ដូចជាជំរុញកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការធ្វើបរិវត្ដកម្មឌីជីថល។ល។
* នៅរសៀលថ្ងៃដដែលនេះ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលសារតាំងពីបណ្ដាឯកអគ្គរដ្ឋទូតមកពី ហ្សាម៉ាអ៊ីក ទុយនីស៊ី ស្លូវេនី និងតាជីគីស្ថាន។
លោកប្រធានរដ្ឋវៀតណាម បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពិពិធកម្ម និងពហុភាគីក្នុងទំនាក់ទំនង ជាមិត្តនិងដៃគូដែលគួរឲ្យទុកចិត្ត ហើយជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ វៀតណាមឲ្យតម្លៃខ្ពស់និងមានបំណងចង់ពង្រីកទំនាក់ទំនងមិត្តភាពល្អជាមួយបណ្តាប្រទេសនៅអឺរ៉ុប អាស៊ីកណ្តាល អាហ្រ្វិក និងតំបន់ការីបៀន។
លោកប្រធានរដ្ឋវៀតណាមសង្ឃឹមថា នាពេលខាងមុខ បណ្ដាឯកអគ្គរដ្ឋទូតនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; បង្កើនការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ និងបង្កើតកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍទំនាក់ទំនង ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យមានសក្តានុពល ប្រៀបខ្លាំងនៃប្រទេសនីមួយៗ។
លោកប្រធានរដ្ឋវៀតណាម ជឿជាក់ថា បណ្ដាឯកអគ្គរដ្ឋទូតនឹងបំពេញភារកិច្ចដោយជោគជ័យក្នុងអាណត្តិរបស់ខ្លួន ហើយជាស្ពានមិត្តភាព និងកិច្ចសហប្រតិបត្តិការ ពូនជ្រំ និងពង្រីកទំនាក់ទំនងជាមួយវៀតណាមថែមទៀត៕
បកប្រែដោយ Pham Diep