បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោក Luong Cuong ប្រធានរដ្ឋ និងលោក Abdel Fattah Al Sisi ប្រធានាធិបតីអេហ្ស៊ីប បានចូលរួមកិច្ចប្រជុំចង្អៀតមួយ បន្ទាប់មកដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរចូលរួមកិច្ចពិភាក្សាជាផ្លូវការ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ និងលោក Abdel Fattah Al Sisi ប្រធានាធិបតីអេហ្ស៊ីប នៅក្នុងពិធីបដិសណ្ឋារកិច្ច

នៅក្នុងកិច្ចពិភាក្សានេះ តាងនាមប្រជាជនអេហ្ស៊ីប លោក Abdel Fattah Al Sisi ប្រធានាធិបតី បានសម្តែងនូវសេចក្តីរីករាយដែលត្រូវបានទទួលស្វាគមន៍លោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ លោកអះអាងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម គឺជាព្រឹតិ្តការណ៍សំខាន់ បើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីរយៈពេលជាង ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា អេហ្ស៊ីបជានិច្ចកាលគោរព និងមានបំណងចង់បន្តជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធជាមួយវៀតណាម។

លោក Luong Cuong ប្រធានរដ្ឋ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅដែលលោកប្រធានាធិបតី ថ្នាក់ដឹកនាំ និងប្រជាជនអេហ្ស៊ីបជូនគណៈប្រតិភូ។ លោក Luong Cuong ប្រធានរដ្ឋ អះអាងនូវការយកចិត្តទុកដាក់របស់វៀតណាមចំពោះទំនាក់ទំនងទ្វេភាគីដែលត្រូវបានពូនជ្រំដោយលោកប្រធានហូជីមិញ លោក Gamal Abdel Nasser ប្រធានាធិបតី ថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងបរិយាកាសស្និទ្ធស្នាល និងបើកចំហ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ និងអបអរសាទរចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម - អេហ្ស៊ីប ព្រមទាំងអះអាងនូវការប្តេជ្ញាចិត្តបង្កើតរបកគំហើញសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ដោយឈរលើមូលដ្ឋាននោះ ដើម្បីស្របតាមកម្រិតនៃទំនាក់ទំនងទ្វេភាគី បំពេញសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបំណងចង់រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និមួយៗ និងលើពិភពលោក ភាគីទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ។

លោក Luong Cuong ប្រធានរដ្ឋ និងលោក Abdel Fattah Al Sisi ប្រធានាធិបតី បានឯកភាពថា ប្រទេសទាំងពីរនឹងបន្តគាំទ្រ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើកកម្ពស់បន្ថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ និងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល...។

ក្នុងបំណងជំរុញពាណិជ្ជកម្មប្រកបដោយតុល្យភាព និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងភាគីទាំងពីរ លោក Luong Cuong ប្រធានរដ្ឋ បានឲ្យដឹងថា វៀតណាមបានឯកភាពបើកទីផ្សារសម្រាប់ទំនិញអេហ្ស៊ីបមួយចំនួន ហើយស្នើឲ្យអេហ្ស៊ីបបង្កើតលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាមចូលទីផ្សារអេហ្ស៊ីប។

លោក Abdel Fattah Al Sisi ប្រធានាធិបតី បានអះអាងថា អេហ្ស៊ីបបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីជាស្ពានតភ្ជាប់សម្រាប់ធុរកិច្ច និងទំនិញវៀតណាមចូលទៅកាន់ទីផ្សារមជ្ឈិមបូព៌ា និងអាហ្វ្រិក។ លោកបានឯកភាពពិភាក្សាអំពីលទ្ធភាពនៃការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីថ្មី តាមរយៈនោះរួមចំណែកដល់ការបង្កើនទំហំពាណិជ្ជកម្មនាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារសិក្សាស្រាវជ្រាវអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អេហ្ស៊ីប។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ និងលោក Abdel Fattah Al Sisi ប្រធានាធិបតី ក្នុងកិច្ចពិភាក្សា

ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជម្រុញទេសចរណ៍ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ វប្បធម៌ និងមនុស្សនៃប្រទេសទាំងពីរ។

អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា លោក Luong Cuong ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះតួនាទីជាអ្នកសម្រុះសម្រួលរបស់អេហ្ស៊ីប ក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធ កិច្ចពិគ្រោះយោបល់ និងការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងពិភពលោកនៅវេទិកាពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

បន្ទាប់ពីជំនួបពិភាក្សា លោក Luong Cuong ប្រធានរដ្ឋ និងលោក Abdel Fattah Al Sisi ប្រធានាធិបតី បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗជាច្រើន។

* នារសៀលថ្ងៃ ទី៥ សីហា លោក Luong Cuong ប្រធានរដ្ឋ និងលោក Abdel Fattah Al Sisi ប្រធានាធិបតី បានជួបជាមួយអ្នកសារព័ត៌មាន ដើម្បីផ្ដល់ព័ត៌មានអំពីលទ្ធផលនៃកិច្ចពិភាក្សា។

* នាថ្ងៃដដែល លោក Abdel Fattah Al Sisi ប្រធានាធិបតី និងលោកជំទាវ បានរៀបចំពិធីលៀងសាយភោជន៍ជាកិត្តិយសជូនលោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម៕

បកប្រែដោយ Thuy Anh