នៅទីនេះ លោក Luong Cuong ប្រធានរដ្ឋ និងលោក Ahmed Aboul Gheit អគ្គលេខាធិការអង្គការសម្ព័ន្ធអារ៉ាប់ បានធ្វើជាសាក្សីក្នុងពិធីបង្ហូតទង់ជាតិវៀតណាម។

ប្រទេសទាំងឡាយគប្បីបង្ហាញយ៉ាងច្បាស់នូវការទទួលខុសត្រូវចំពោះសន្តិភាពពិភពលោក

មានប្រសាសន៍នៅទីស្នាក់ការសម្ព័ន្ធអារ៉ាប់ លោកប្រធានរដ្ឋបានឲ្យដឹងថា វៀតណាមមានបំណងបើកទំព័រថ្មីក្នុងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងបណ្តាប្រទេសអារ៉ាប់ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្នុងស្មារតីនោះ លោកប្រធានរដ្ឋបានចែករំលែកទស្សនៈរបស់វៀតណាមចំពោះស្ថានភាពពិភពលោក និងតំបន់ និងសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការផ្លាស់ប្ដូរថ្មី និងទិសដៅរបស់វៀតណាមក្នុងយុគសម័យថ្មី ក៏ដូចជាចក្ខុវិស័យសម្រាប់ទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសអារ៉ាប់នាពេលខាងមុខ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ថ្លែងនៅសម្ព័ន្ធអារ៉ាប់នៅទីក្រុង Cairo

ក្នុងស្ថានភាពស្មុគ្រស្មាញនាបច្ចុប្បន្ននេះ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ប្រទេសទាំងអស់លើពិភពលោកត្រូវបង្ហាញយ៉ាងច្បាស់នូវការទទួលខុសត្រូវចំពោះសន្តិភាពពិភពលោក លើកកម្ពស់ពហុភាគីនិយម គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ  គោលការណ៍សកល និងគោរពផលប្រយោជន៍ស្របច្បាប់របស់ប្រទេសតូច និងមធ្យម។ វៀតណាម និងបណ្តាប្រទេសអារ៉ាប់គប្បីពង្រឹងសាមគ្គីភាព ជំរុញពហុភាគីនិយម និងរួមចំណែកយ៉ាងសកម្មក្នុងការកសាងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងនយោបាយពិភពលោកដោយយុត្តិធម៌ និងស្មើភាព ស្របតាមច្បាប់អន្តរជាតិ។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើគោលជំហរឥតងាករេរបស់វៀតណាមចំពោះដំណើរការសន្តិភាពមនៅជ្ឈិមបូព៌ា នោះគឺថា វៀតណាមគាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងដំណោះស្រាយពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។

ទំនាក់ទំនងមិត្តភាព ជិតស្និទ្ធរវាងប្រជាជននៃវៀតណាម និងបណ្តាប្រទេសអារ៉ាប់

ដោយរំលឹកឡើងវិញនូវសមិទ្ធផលដែលវៀតណាមទទួលបានក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី លោកប្រធានរដ្ឋក៏បានចែករំលែកនូវមេរៀនសំខាន់ៗចំនួន៥ រួមមាន៖ រក្សាយ៉ាងខ្ជាប់ខ្ជួននូវគោលដៅឯករាជ្យជាតិ និងសង្គមនិយម បន្តអនុវត្តមាគ៌ាផ្លាស់ប្ដូរថ្មី រក្សានិងលើកកម្ពស់តួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម; អនុវត្តទស្សនៈដែល "ប្រកាន់យកប្រជាជនជាឫស"; តាមដានយ៉ាងដិតនិងវាយតម្លៃស្ថានភាពឲ្យបានត្រឹមត្រូវ ហើយចេញសេចក្តីសម្រេចចិត្ត និងគោលនយោបាយដោយទាន់ពេលវេលា ដើម្បីប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការកសាង អភិវឌ្ឍន៍ និងការការពារមាតុភូមិ; ផ្លាស់ប្តូរផ្នត់គំនិតដោយឥតឈប់ឈរ ជាពិសេសចក្ខុវិស័យយុទ្ធសាស្រ្ត។

វៀតណាមនឹងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មនូវទំនាក់ទំនងបរទេស ម្ចាស់ការ និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហារួមក្នុងតំបន់ និងអន្តរជាតិ។

ចំពោះទំនាក់ទំនងរវាងប្រជាជនវៀតណាម និងប្រជាជននៃបណ្តាប្រទេសអារ៉ាប់ លោកប្រធានរដ្ឋបានគូសបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព ជិតស្និទ្ធរវាងប្រជាជនវៀតណាម និងបណ្តាប្រទេសអារ៉ាប់ដែលត្រូវបានពូនជ្រំដោយលោកប្រធានហូជីមិញ និងថ្នាក់ដឹកនាំជំនាន់មុនៗនៃបណ្ដាប្រទេសអារ៉ាប់។ វៀតណាមជានិច្ចកាលគោរព រក្សា និងមានមោទនភាពយ៉ាងខ្លាំងចំពោះទំនាក់ទំនងការបរទេសជាមួយប្រទេសសមាជិកទាំង ២២ នៃសម្ព័ន្ធអារ៉ាប់។

ដើម្បីជម្រុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយប្រទេសអេហ្ស៊ីប និងប្រទេសអារ៉ាប់ លោកប្រធានរដ្ឋមានបំណងបន្តពង្រឹងទំនុកចិត្តផ្នែកនយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ជាមួយបណ្តាប្រទេសអារ៉ាប់ និងសម្ព័ន្ធអារ៉ាប់ទាំងទ្វេភាគី និងនៅក្នុងសន្និសីទ វេទិកាពហុភាគី។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លោកប្រធានរដ្ឋបានចាត់ទុកថា វៀតណាម និងបណ្តាប្រទេសអារ៉ាប់ក៏អាចជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ការផលិតអ៊ីដ្រូសែនបៃតង និងបច្ចេកវិទ្យាស្តុកថាមពល។

ទន្ទឹមនឹងនោះ ភាគីទាំងពីរគប្បីជំរុញយ៉ាងសកម្មនូវកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិល្បៈ បង្កើនអាហារូបករណ៍សម្រាប់និស្សិត ជាពិសេសសម្រាប់និស្សិតវៀតណាមដែលកំពុងសិក្សាភាសាអារ៉ាប់នៅបណ្តាប្រទេសក្នុងតំបន់។ លោកប្រធានរដ្ឋក៏បានស្នើឲ្យភាគីទាំងពីរបង្កើនកិច្ចសហការនៅវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ។

បន្ទាប់ពីសុន្ទរកថារបស់លោក Luong Cuong ប្រធានរដ្ឋ តាងនាមប្រទេសសមាជិកសម្ព័ន្ធអារ៉ាប់ចំនួន២២ លោក Amjad Adaile ឯកអគ្គរដ្ឋទូត ប្រធានក្រុមប្រឹក្សាតំណាងអចិន្ត្រៃយ៍នៃសម្ព័ន្ធអារ៉ាប់ សម្តែងនូវការព្រមព្រៀងជាមួយការតំរង់ទិសរបស់លោក Luong Cuong ប្រធានរដ្ឋ។ លោក Amjad Adaile សង្កត់ធ្ងន់ថា នឹងសហការជាមួយប្រទេសជាសមាជិកនៃសម្ព័ន្ធអារ៉ាប់ ដើម្បីសម្រេចបានបំណងប្រាថ្នាទាំងនេះ។

* នាព្រឹកថ្ងៃទី៤ ខែសីហា លោក Luong Cuong ប្រធានរដ្ឋ បានជួបសន្ទនាជាមួយលោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់។

លោក Ahmed Aboul Gheit បានថ្លែងអំណរគុណ និងសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចនេះ បង្ហាញពីការគោរពរបស់វៀតណាមចំពោះសម្ព័ន្ធអារ៉ាប់ ក៏ដូចជាទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏រឹងមាំ និងយូរអង្វែងរវាងវៀតណាម និងអារ៉ាប់។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ និងលោកអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់

លោក Luong Cuong ប្រធានរដ្ឋ បានវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកជាវិជ្ជមានរបស់សម្ព័ន្ធអារ៉ាប់ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិក និងនៅលើពិភពលោក។ លោកជឿជាក់ថាសម្ព័ន្ធអារ៉ាប់នឹងបន្តសម្រេចបានសមិទ្ធិផលបន្ថែមទៀតក្នុងការកសាងសហគមន៍ប្រកបដោយសាមគ្គីភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ លោក Luong Cuong ប្រធានរដ្ឋ អះអាងថា វៀតណាមមានបំណងចង់អភិវឌ្ឍទំនាក់ទំនងកាន់តែល្អប្រសើរ ជាក់ស្តែង និងមានប្រសិទ្ធភាពជាមួយសម្ព័ន្ធអារ៉ាប់ និងប្រទេសសមាជិកទាំងអស់ ដែលភាគច្រើនជាមិត្តប្រពៃណី និងជាដៃគូសេដ្ឋកិច្ចសំខាន់របស់វៀតណាម។

លោកប្រធានរដ្ឋបានស្នើថា វៀតណាម និងប្រទេសជាសមាជិកសម្ព័ន្ធអារ៉ាប់ ពង្រឹងទំនាក់ទំនងនយោបាយ ការបរទេស ពង្រឹងទំនាក់ទំនងជិតស្និទ្ធ មនោសញ្ចេតនា និងទំនុកចិត្តរវាងវៀតណាម និងបណ្ដាប្រទេសសមាជិកសម្ព័ន្ធអារ៉ាប់។ ភាគីទាំងពីរអនុវត្តយ៉ាងសកម្មនូវកម្មវិធីសហប្រតិបត្តិការដែលបានចុះហត្ថលេខា ជាពិសេសអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាម និងលេខាធិការដ្ឋានសម្ព័ន្ធអារ៉ាប់។ លោកប្រធានរដ្ឋក៏បានស្នើដែរថា វៀតណាម និងបណ្តាប្រទេសជាសមាជិកសម្ព័ន្ធអារ៉ាប់ បង្កើនការពិគ្រោះយោបល់ និងការជួយគាំទ្រគ្នាទៅវិញទៅមកនៅយន្តការពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងចលនាមិនចូលបក្សសម្ព័ន្ធ ហើយអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានតភ្ជាប់សម្ព័ន្ធអារ៉ាប់ជាមួយតំបន់អាស៊ាន។

លោក Ahmed Aboul Gheit បានអះអាងថា សម្ព័ន្ធអារ៉ាប់ និងបណ្ដាប្រទេសជាសមាជិក យកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ហើយអះអាងថា លោកនឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងវៀតណាម និងសម្ព័ន្ធអារ៉ាប់ ជម្រុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាម និងសមាជិកសម្ព័ន្ធអារ៉ាប់ទាំង ២២។

* នាយប់ថ្ងៃដដែល (ម៉ោងក្នុងតំបន់) លោក Luong Cuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងតំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសអេហ្ស៊ីប៕

បកប្រែដោយ Thuy Anh