* នាយប់ថ្ងៃដដែល លោក Luong Cuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបធ្វើការជាមួយបណ្ដាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាហ្វ្រិក។

យោងតាមរបាយការណ៍របស់ក្រសួងការបរទេស បច្ចុប្បន្ន វៀតណាមមានស្ថាប័នតំណាងវៀតណាមនៅឯបរទេសចំនួន ៨ នៅប្រទេសចំនួន៥៥។ ក្នុងប៉ុន្មានឆ្នាំថ្មីៗ សកម្មភាពកិច្ចការបរទេសរបស់វៀតណាមនៅអាហ្រ្វិកបានរីកចម្រើន ហើយនឹងត្រូវបានជម្រុញតទៅទៀតក្នុងប៉ុន្មានឆ្នាំខាងមុខ។ ឯកអគ្គរដ្ឋទូតទាំងឡាយបានជម្រាបជូនលោកប្រធានរដ្ឋអំពីស្ថានភាពនៅប្រទេសនីមួយៗ ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសអាហ្វ្រិក។

លោក Luong Cuong ប្រធានរដ្ឋ បានចែករំលែកការលំបាក និងបញ្ហាប្រឈមដែលស្ថាប័នតំណាងវៀតណាមនៅឯបរទេសប្រចាំអាហ្វ្រិកត្រូវជួបប្រទះ ហើយលើកសំណើ និងអនុសាសន៍ ដើម្បីពង្រឹង និងជំរុញទំនាក់ទំនងរវាងវៀតណាម និងបណ្ដាប្រទេសក្នុងតំបន់។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ជួបធ្វើការជាមួយបណ្ដាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្វ្រិក

ក្នុងជំនួបនេះ លោក Luong Cuong ប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់បណ្ដាឯកអគ្គរដ្ឋទូត និងបុគ្គលិកនៃស្ថានទូតក្នុងការជម្រុញទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេសអាហ្វ្រិក។ ទន្ទឹមនឹងនោះ លោកបានអបអរសាទរចំពោះលទ្ធផលជាវិជ្ជមានដែលស្ថាប័នតំណាងវៀតណាមនៅឯបរទេសសម្រេចបាននាពេលកន្លងមក។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមនិងអាហ្រ្វិកមានទ្រព្យសម្បត្តិដ៏មានតម្លៃនោះគឺការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការតស៊ូដើម្បីរំដោះជាតិនាអតីតកាល ដូច្នេះបណ្ដាឯកអគ្គរដ្ឋទូតត្រូវបន្តពូនជ្រំនិងពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងបណ្តាប្រទេសអាហ្រ្វិក ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ បង្ហាញពីភាពស្មោះត្រង់ដើម្បីឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ ដោយផ្អែកលើប្រៀបខ្លាំងនៃតំបន់នីមួយៗ ឯកអគ្គរដ្ឋទូតទាំងឡាយត្រូវកំណត់អាទិភាពនៅប្រទេសនីមួយៗ ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងកសិកម្ម បន្តអនុវត្តព្រមៗគ្នាលើវិស័យសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

លោកប្រធានរដ្ឋក៏បានស្នើឲ្យបណ្ដាឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់បន្ថែមទៀតក្នុងការការពារប្រជាពលរដ្ឋ ការជួយអាណិកជន លើកកំពស់តួនាទីរបស់សហគមន៍ជនវៀតណាមនៅក្នុងប្រទេសសាមី ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក្នុងការការពារពលរដ្ឋ និងគាំទ្រធុរកិច្ចវៀតណាម។ លោកប្រធានរដ្ឋបានអះអាងថា បក្ស និងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចការបរទេស ក៏ដូចជាថែទាំជីវភាពរស់នៅរបស់បុគ្គលិក។ល៕

បកប្រែដោយ Thuy Anh