ការនាំចូលនិងនាំចេញ មកដល់ត្រឹមពាក់កណ្តាលខែកក្កដា បានកើនឡើងជាង ១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤
កប.អនឡាញ - តម្លៃសរុបនៃការនាំចូល និងនាំចេញរបស់វៀតណាម មកដល់ត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២៥ សម្រេចបានជាង ៤៧០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦.២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលមានអតិរេកពាណិជ្ជកម្មចំនួន ៧.៧៤ ពាន់លានដុល្លារ។
យោងតាមស្ថិតិបឋមថ្មីៗរបស់នាយកដ្ឋានគយ (ក្រសួងហិរញ្ញវត្ថុ) តម្លៃសរុបនៃការនាំចូល និងនាំចេញរបស់វៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែកក្កដា សម្រេចបានជាង ៣៨.២១ ពាន់លានដុល្លារ។ លទ្ធផលនេះបាននាំឱ្យតម្លៃសរុបនៃការនាំចូល និងការនាំចេញរបស់ប្រទេសទាំងមូលចាប់ពីដើមឆ្នាំដល់ថ្ងៃទី ១៥ ខែកក្កដា សម្រេចបាន ៤៧០.៦៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ តម្លៃសរុបនៃការនាំចូល និងនាំចេញរបស់សហគ្រាសដែលមានការវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបានជាង ៣២៩ពាន់លានដុល្លារ។
ទាក់ទិននឹងការនាំចេញ គិតត្រឹមថ្ងៃទី ១៥ ខែកក្កដា តម្លៃនាំចេញសរុបរបស់វៀតណាមសម្រេចបានជាង ២៣៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំនិញមួយចំនួនបានកើនឡើងដូចជា ផលិតផលអេឡិចត្រូនិក គ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន កាហ្វេ...
ផ្ទុយទៅវិញ តម្លៃនៃការនាំចូលទំនិញទូទាំងប្រទេសគិតត្រឹមថ្ងៃទី ១៥ ខែកក្កដា សម្រេចបានជាង ២៣១.៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំនិញមួយចំនួនបានកើនឡើងយ៉ាងខ្លាំង ដូចជា ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ គ្រឿងចក្រ និងគ្រឿងបន្លាស់...
ដូច្នេះចាប់ពីដើមឆ្នាំដល់ថ្ងៃទី ១៥ ខែកក្កដា សមតុល្យពាណិជ្ជកម្មទំនិញមានអតិរេកចំនួន ៧.៧៤ ពាន់លានដុល្លារអាមេរិក។
បកប្រែដោយ Duy Hoan