ចាប់ពីថ្ងៃទី ៣១ ខែកក្កដាដល់ថ្ងៃទី ២ ខែសីហា លោកស្រី Ngo Minh Nguyet ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន និងអ៊ុយរូហ្គាយ បានទៅបំពេញទស្សនកិច្ចការងារនៅអ៊ុយរូហ្គាយ។ លោកស្រីឯកអគ្គរដ្ឋទូតបានជួបពិភាក្សាការងារជាមួយអគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ និងអនុរដ្ឋមន្ត្រីការបរទេសអ៊ុយរូហ្គាយ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Juan Castillo អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ ភាគីទាំងពីរបានអះអាងពីការប្តេជ្ញាចិត្តក្នុងការជំរុញ និងពង្រឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការល្អរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ និងរណសិរ្សបើកទូលាយ(FA) ឆ្វេងនិយម រួមចំណែកក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូត Ngo Minh Nguyet បានគោរពអញ្ជើញគណៈប្រតិភូសម្ព័ន្ធកាន់អំណាចនៃរណសិរ្សបើកទូលាយ (FA) និងបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ ចូលរួមពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាទទួលបានជោគជ័យ (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥ និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម) (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។

រីឯខ្លួនវិញ លោក Juan Castillo បានអះអាងនូវអត្ថន័យជាប្រវត្តិសាស្ត្រ និងតម្លៃសម័យកាលនៃទិវាបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម បើកសករាជថ្មីសម្រាប់ប្រជាជនវៀតណាម ព្រមទាំងវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេល ៨ ទសវត្សរ៍កន្លងមក។

leftcenterrightdel
លោកស្រី Ngo Minh Nguyet ឯកអគ្គរដ្ឋទូតវៀតណាម ធ្វើការជាមួយលោក Juan Castillo អគ្គលេខាបក្សកុម្មុយនិស្តអ៊ុយរូហ្គាយ រដ្ឋមន្ត្រីក្រសួងការងារ-សន្តិសុខសង្គម (រូបថត៖ Dieu Huong/VNA)

នៅក្នុងជំនួបរវាងលោកស្រីឯកអគ្គរដ្ឋទូត Ngo Minh Nguyet និង លោក Valeria Csukasi អនុរដ្ឋមន្ត្រីការបរទេសអ៊ុយរូហ្គាយ ភាគីទាំងពីរមានបំណងចង់បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ក៏ដូចជាពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងតំបន់ ជាពិសេស ចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីផ្សាររួមភាគខាងត្បូង (MERCOSUR)ក្នុងពេលឆាប់ៗ។ លោក Valeria Csukasi បានឲ្យដឹងថា នឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមនៅពាក់កណ្តាលខែសីហា និងចូលរួមសម័យប្រជុំពិគ្រោះយោបល់នយោបាយលើកទី៥រវាងក្រសួងការបរទេសទាំងពីរ សំដៅលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូត Ngo Minh Nguyet ក៏បានធ្វើការពិនិត្យការអនុវត្តការសាងសង់លំហវៀតណាមនៅលើវិថី Jose Pedro Valera Avenue នៅទីក្រុង Montevideo ផងដែរ។ អាជ្ញាធរទីក្រុង Montevideo សង្ឃឹមថា ជាមួយនឹងលំហវៀតណាម ប្រជាជនអ៊ុយរូហ្គាយ និងមិត្តអន្តរជាតិនឹងចងចាំជានិច្ចចំពោះលោកប្រធានហូជីមិញ ដែលជាមគ្គុទេសក៍របស់ប្រជាជនវៀតណាម។ ក្នុងដំណើរឆ្ពោះទៅរកការជួយសង្គ្រោះប្រទេសនៅឆ្នាំ១៩១២ លោកប្រធានហូជីមិញបានទៅប្រទេសអ៊ុយរូហ្គាយ៕

បកប្រែដោយ Duy Hoan