លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ ទៅដល់ប្រទេសស្វីស ចាប់ផ្តើមចូលរួមសន្និសីទប្រធានសភាពិភពលោក
កប.អនឡាញ - នារសៀលថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងស្រុក បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ារ៉ុករួចមក លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ Nguyen Thi Thanh Nga រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សឺណែវ ប្រទេសស្វីសដោយចាប់ផ្តើមចូលរួមសន្និសីទប្រធានសភាពិភពលោក លើកទី ៦ និងមានជំនួបទ្វេភាគីមួយចំនួននៅប្រទេសស្វីស ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ កក្កដា នៅទីក្រុងហ្សឺណែវ តបតាមការអញ្ជើញរបស់លោកស្រី Tulia Ackson និងលោក Martin Chungong អគ្គលេខាធិការ IPU ។
ទទួលស្វាគមន៍ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋានគឺ៖ លោកឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងហ្សឺណែវ (ស្វីស) លោក Phung The Long ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស្វីស រួមជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាម នៅអាកាសយានដ្ឋាន។
សន្និសីទប្រធានសភាពិភពលោកគឺជាយន្តការរបស់ IPU ផ្អែកលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដែលជាឱកាសដើម្បីថ្នាក់ដឹកនាំសភារួមចំណែកក្នុងរបៀបវារៈរបស់អង្គការសហប្រជាជាតិ។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងជារៀងរាល់ប្រាំឆ្នាំម្ដង។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវបានទៅដល់ប្រទេសស្វីស ចាប់ផ្តើមចូលរួមសន្និសីទប្រធានសភាពិភពលោក |
ប្រធានបទនៃសន្និសិទប្រធានសភាពិភពលោកលើកទី៦ នៅទីក្រុងហ្សឺណែវលើកនេះ គឺ "ពិភពលោកស្ថិតក្នុងភាពចលាចល៖ កិច្ចសហប្រតិបត្តិការសភា និងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់ប្រជាជនទាំងអស់"។ ប្រធានបទនេះត្រូវបានចាត់ទុកថាសមស្រប និងបន្ទាន់បំផុតនៅក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញជាច្រើន។ ទាំងជម្លោះភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុបញ្ហាប្រឈមផ្នែកសន្តិសុខមិនប្រពៃណី និងគម្លាតនៃការអភិវឌ្ឍន៍ដែលកំពុងកើនឡើង ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងមានប្រសិទ្ធភាពបន្ថែមទៀតរវាងប្រទេសនានា។
ការចូលរួមរបស់ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ក្នុងសន្និសីទប្រធានសភាពិភពលោកលើកទី៦ បង្ហាញពីការសន្យាយ៉ាងមុតមាំរបស់វៀតណាមចំពោះពហុភាគីនិយម ទន្ទឹមនឹងនោះការលើកកំពស់រូបភាព និងតួនាទីរបស់វៀតណាម និងរដ្ឋសភាវៀតណាមលើឆាកអន្តរជាតិ និងបន្តអះអាងនូវតួនាទីសកម្ម វិជ្ជមាន និងទំនួលខុសត្រូវរបស់វៀតណាមក្នុងវេទិកាពហុភាគី និងការរួមចំណែកជាក់ស្តែងរបស់វៀតណាម និងរដ្ឋសភាវៀតណាមចំពោះសកម្មភាពរបស់អង្គការសហប្រជាជាតិ និង IPU។
តាមគម្រោង ប្រធានរដ្ឋសភាវៀតណាមនឹងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទនេះ បង្ហាញពីការទទួលខុសត្រូវ និងតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិវៀតណាមក្នុងការចូលរួមក្នុងការដោះស្រាយបញ្ហាសកល។
ប្រធានរដ្ឋសភាក៏នឹងមានសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌចូលរួមសន្និសីទដើម្បីលើកកំពស់ទំនាក់ទំនង កសាងបណ្តាញកិច្ចសហប្រតិបត្តិការសភាជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ រួមចំណែកក្នុងការកៀងគរការគាំទ្រ និងជំនួយអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់ប្រទេសវៀតណាម។
    |
 |
ពិធីទទួលស្វាគមន៍ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាំវ នៅអាកាសយានដ្ឋានអន្តរជាតិហ្សឺណែវ |
ក្នុងកម្រិតទ្វេភាគី នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានរដ្ឋសភាទៅកាន់ប្រទេសស្វីស។ ទំនាក់ទំនងវៀតណាម-ស្វីសបានអភិវឌ្ឍយ៉ាងវិជ្ជមានលើវិស័យជាច្រើន បន្ទាប់ពីជាងកន្លះសតវត្សនៃការបង្កើតទំនាក់ទំនងការទូត។
ដំណើរទស្សនកិច្ចការងាររបស់ប្រធានរដ្ឋសភាវៀតណាមទៅកាន់ប្រទេសស្វីស នឹងបន្តអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ស្វីស បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់កម្រិតជាមួយស្វីស សម្របសម្រួលដើម្បីពន្លឿនដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា ការអប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ល។
បកប្រែដោយ Thanh Cong