ស្មារតី “Dien Bien Phu” ត្រូវតែបន្តពង្រីកក្នុងសម័យកាលសន្តិភាព
កប.អនឡាញ - នារសៀលថ្ងៃទី២៧ ខែកក្កដា លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូមជ្ឈិមបក្សបានធ្វើការជាមួយគណៈកម្មាធិការបក្សភាគខេត្ត Dien Bien អំពីស្ថានភាព និងលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការដឹកនាំអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ និងសន្តិសុខសង្គមក្នុងខេត្ត។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងមតិផ្លាស់ប្តូរក្នុងជំនួបធ្វើការនេះលោក To Lam អគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការលំបាកជាច្រើន ដែលបណ្តាលមកពីទីតាំងភូមិសាស្រ្តនៅឆ្ងាយ ហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិត និងមិនទាន់មានប្រភពធនធានអភិវឌ្ឍច្រើននោះទេ ប៉ុន្តែ Dien Bien បានមានការវិវឌ្ឍមុខមាត់ជាបន្តបន្ទាប់លើផែនទីអភិវឌ្ឍន៍ប្រទេសទាំងមូល។
    |
 |
លោក To Lam អគ្គលេខាបក្សធ្វើការជាមួយគណៈកម្មាធិការបក្សភាគខេត្ត Dien Bien |
ដោយទទួលស្គាល់ និងកោតសរសើរនូវស្មារតីទទួលខុសត្រូវ ភាពខ្ជាប់ខ្ជួនក្នុងការច្នៃប្រឌិត និងការលះបង់ដោយមិនចេះនឿយហត់របស់គណៈកម្មាធិការបក្សភាគខេត្ត អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ សហគមន៍ធុរកិច្ច និងគ្រប់ជនជាតិក្នុងខេត្ត Dien Bien លោកអគ្គលេខាបក្សបានអះអាងថា សមិទ្ធផលនាពេលថ្មីៗនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ខេត្តឈានចូលដំណាក់កាលអភិវឌ្ឍថ្មីដោយមានទំនុកចិត្ត ការប្តេជ្ញាចិត្ត និងសក្តិសមចំពោះតួនាទីពិសេសជាប្រវត្តិសាស្ត្រ និងបច្ចុប្បន្នកាល។
ទន្ទឹមនឹងសមិទ្ធផលនានា លោកអគ្គលេខាបក្សបានកត់សម្គាល់ថា ចាំបាច់ត្រូវពិនិត្យដោយផ្ទាល់ទៅលើចំណុចខ្វះខាត និងមានកម្រិតដូចជា៖ កម្លាំងផ្ទៃក្នុងនៃសេដ្ឋកិច្ចរបស់ Dien Bien នៅតែខ្សោយ; ចំណូលថវិការបស់ខេត្តបានកើនឡើងក្តី ប៉ុន្តែនៅតែមានកម្រិតទាបនៅឡើយបើប្រៀបធៀបទៅនឹងតម្រូវការអភិវឌ្ឍន៍ ហើយវានៅតែពឹងផ្អែកខ្លាំងលើការជំនួយពីថវិកាជាតិ; ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរតំបន់ ភស្តុភារ ថាមពល និងតំបន់ទីក្រុងនៅតែជួបប្រទះឧបសគ្គធំជាដើម។ លោកអគ្គលេខាបក្សបានស្នើថា គណៈកម្មាធិការបក្ស អាជ្ញាធរដែនដី និងប្រជាជនខេត្ត Dien Bien បន្តសម្រួលការរៀបចំអង្គការចាត់តាំងឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព លើកកំពស់សមត្ថភាពបុគ្គលិក កម្មាភិបាល បន្តពិនិត្យ និងបំពេញបន្ថែមនូវទិសដៅថ្មី គោលនយោបាយសំខាន់ៗ។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ខេត្តត្រូវតែយកចិត្តទុកដាក់លើការអភិវឌ្ឍវប្បធម៌ និងសង្គម លើកកម្ពស់គុណភាពជីវិត និងរក្សានូវអត្តសញ្ញាណជាតិ បន្តផ្តល់អាទិភាពលើការវិនិយោគវិស័យសុខាភិបាល ការអប់រំ ការធានារ៉ាប់រងសង្គម ការយកចិត្តទុកដាក់ចំពោះជនរួមជាតិភាគតិច ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ការលើកកម្ពស់គុណភាពនៃការអប់រំនៅតំបន់ដាច់ស្រយាល ពង្រីកលទ្ធភាពទទួលបានវប្បធម៌ និងព័ត៌មានទំនើបៗដល់គ្រប់ភូមិ ឃុំ។ ខេត្តត្រូវតែដាក់ពង្រាយ និងអនុវត្តឱ្យបានពេញលេញនូវគោលនយោបាយរបស់បក្ស និងរដ្ឋចំពោះជនជាតិភាគតិច ធានាយ៉ាងម៉ឺងម៉ាត់នូវការការពារជាតិ និងសន្តិសុខព្រំដែន រក្សាស្ថិរភាពនយោបាយ និងសង្គម បន្តកសាងប្រព័ន្ធបក្សស្អាតស្អំ និងរឹងមាំលើគ្រប់វិស័យ៕
បកប្រែដោយ Minh Trung