វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងត្រៀមខ្លួនជាស្រេចជំរុញទំនាក់ទំនងជាមួយបុរីវ៉ាទីកង់
កប.អនឡាញ - នាថ្ងៃទី ៣០ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអ៊ីតាលី នៅបុរីវ៉ាទីកង់ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចប៉ាប Leo XIV។
តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ បានអបអរសាទរចំពោះសម្តេចប៉ាបដែលត្រូវបានគណៈសង្ឃកាឌីណាល់បោះឆ្នោតជ្រើសតាំងជាសម្តេចប៉ាបនៃបុរីវ៉ាទីកង់។ លោកស្រី Vo Thi Anh Xuan បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងត្រៀមខ្លួនជាស្រេចជំរុញទំនាក់ទំនងជាមួយបុរីវ៉ាទីកង់។
    |
 |
លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ ជួបជាមួយសម្តេចប៉ាប Leo XIV |
លោកស្រី Vo Thi Anh Xuan បានស្នើឱ្យសម្តេចប៉ាប Leo XIV បន្តគាំទ្រ និងជំរុញទំនាក់ទំនងល្អរវាងវៀតណាម និងបុរីវ៉ាទីកង់ ដោយលើកទឹកចិត្តសហគមន៍កាតូលិកវៀតណាម អនុវត្តបានល្អនូវគោលការណ៍ណែនាំ “គោរពព្រះ ស្រឡាញ់ប្រទេស” “រស់ល្អខាងផ្លូវលោក ល្អខាងផ្លូវធម៌” រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងស្មារតី “សហគមន៍កាតូលិកវៀតណាម រួមដំណើរជាមួយប្រទេសជាតិ” “កាតូលិកសាសនិកល្អក៏ជាពលរដ្ឋល្អ”។ល។
ក្នុងឱកាសនេះ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ បានពាំនាំការអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្តេចប៉ាប និងថ្នាក់ដឹកនាំបុរីវ៉ាទីកង់ មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ។ ដោយថ្លែងអំណរគុណចំពោះការអញ្ជើញរបស់ថ្នាក់ដឹកនាំវៀតណាម សម្តេចប៉ាប Leo XIV បានបញ្ជាក់ពីបំណងចង់ទៅបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីបង្ហាញពីភាពស្និទ្ធស្នាលជាមួយសហគមន៍កាតូលិកវៀតណាម និងគ្រិស្តសាសនិកវៀតណាម ក៏ដូចជាពង្រឹងទំនាក់ទំនងវៀតណាម-វ៉ាទីកង់ដែរ។
* នាថ្ងៃដដែល លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ ក៏បានជួបសវនាការជាមួយលោក Paul Richard Gallagher រដ្ឋមន្ត្រីការបរទេសវ៉ាទីកង់ផងដែរ៕
បកប្រែដោយ Huyen Trang