លោកនាយករដ្ឋមន្ត្រីអញ្ជើញត្រឡប់មកដល់ទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចការងារនៅប្រទេសអឺរ៉ុបចំនួន ៣ ប្រកបដោយជោគជ័យ
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៤ ខែមិថុនា យន្តហោះដឹកលោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចការងារ ចូលរួមកិច្ចប្រជុំកំពូលមហាសមុទ្រអង្គការសហប្រជាជាតិ លើកទី៣ (UNOC ៣) នៅទីក្រុង Nice ប្រទេសបារាំង អនុវត្តសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋបារាំង និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអេស្តូនី និងព្រះរាជាណាចក្រស៊ុយអែត។
ក្នុងដំណើរទស្សនកិច្ចការងាររយៈពេល ១០ ថ្ងៃ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានកាលវិភាគដ៏មមាញឹក ដោយមានសកម្មភាពជាង ៨០។ ក្នុងនោះ ចូលរួមកិច្ចប្រជុំ UNOC ៣ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញតំណាងប្រទេសអាស៊ីអាគ្នេយ៍ ថ្លែងសុន្ទរកថាសំខាន់ និងជាសហអធិបតីកិច្ចប្រជុំកំពូលស្តីពីតំបន់ដីសណ្តក្នុងពិភពលោកជាមួយប្រធានាធិបតីអ៊ីរ៉ាក់ ព្រមទាំងអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ច និងហិរញ្ញវត្ថុបៃតង នៅទីក្រុងម៉ូណាកូ ជាភ្ញៀវពិសេស។ល។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ មកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចការងារនៅអឺរ៉ុបប្រកបដោយជោគជ័យ (រូបថត៖ vnanet.vn) |
ក្នុងឱកាសចូលរួមកិច្ចប្រជុំ UNOC ៣ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានជំនួបជាមួយថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិជាង ២០ ដែលចូលរួមកិច្ចប្រជុំដូចជា៖ ស្តេចហ្ស៊កដានី ប្រធានាធិបតីប៉េរូ ប៉ាឡៅ កូស្តារីកា នាយករដ្ឋមន្ត្រីក្រិក អេស្ប៉ាញ ព័រទុយហ្គាល់ ទូវ៉ាលូ សាឡូម៉ូន អនុប្រធានរដ្ឋចិន... និងមានជំនួបជាមួយថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិ ដូចជា៖ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប អគ្គនាយកអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)។
ក្នុងដំណើរទស្សនកិច្ចការងារ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានសកម្មភាពទ្វេភាគីនៅប្រទេសបារាំង ដំណើរទស្សនកិច្ចជាផ្លូវការនៅអេស្តូនី និងស៊ុយអែត។ នៅក្នុងប្រទេសទាំង៣នៅអឺរ៉ុប លោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សា និងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងនេះ។
ដំណើរទស្សនកិច្ចការងាររបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសអឺរ៉ុបចំនួន៣ ទទួលបានលទ្ធផលសំខាន់ៗ និងជាក់ស្តែងជាច្រើន។ នោះគឺជាការអះអាងនូវចំណាប់អារម្មណ៍ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់បណ្តាប្រទេសជាមួយវៀតណាម ក្នុងបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ បន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងបណ្តាប្រទេសឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍របស់ភាគីនីមួយៗ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក៕
បកប្រែដោយ Thanh Cong