ការថែទាំកុមារពិការគឺជាទំនួលខុសត្រូវផ្នែកនយោបាយ និងជារង្វាស់នៃអរិយធម៌
កប.អនឡាញ - នាថ្ងៃទី១ មិថុនា លោក To Lam អគ្គលេខាបក្ស បានអញ្ជើញទៅចុះសួរសុខទុក្ខ ជួបសំណេះសំណាលនិងជូនអំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យ Nguyen Dinh Chieu និងអនុវិទ្យាល័យ Xa Dan (ហាណូយ) ក្នុងឱកាសទិវាកុមារអន្តរជាតិ (ថ្ងៃទី ១ មិថុនា)។
មានប្រសាសន៍ក្នុងជំនួបសំណេះសំណាលនេះ លោក To Lam អគ្គលេខាបក្ស បានកោតសរសើរ និងទទួលស្គាល់ស្នាដៃរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាទាំងពីរនាពេលកន្លងមក។ លោកអគ្គលេខាបក្សជឿជាក់ថា ដោយភាពក្លាហាន ការតាំងចិត្តឆ្លងកាត់ឧបសគ្គ ក្តីសង្ឃឹម សិស្សានុសិស្ស រួមជាមួយលោកគ្រូ អ្នកគ្រូ មិត្តភ័ក្តិ និងក្រុមគ្រួសារនឹងជំនះរាល់ការលំបាកបន្តិចម្តងៗឆ្ពោះទៅរកជោគជ័យភ្លឺស្វាង។ លោកអគ្គលេខាបក្ស បានអះអាងថា បក្ស រដ្ឋ គ្រូបង្រៀន មាតាបិតា និងសង្គមទាំងមូលនឹងជានិច្ចកាលអមដំណើរ និងគាំទ្រកុមារដោយក្តីស្រឡាញ់ និងការទទួលខុសត្រូវខ្ពស់។
    |
 |
លោក To Lam អគ្គលេខាបក្ស ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យ Nguyen Dinh Chieu និងអនុវិទ្យាល័យ Xa Dan |
លោកអគ្គលេខាបក្សអំពាវនាវដល់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសង្គមទាំងមូលត្រូវតែថែទាំកុមារពិការនិងចាត់ទុកជាទំនួលខុសត្រូវផ្នែកនយោបាយ ការប្តេជ្ញាចិត្តមនុស្សធម៌ ហើយក៏ជារង្វាស់នៃអរិយធម៌ និងវឌ្ឍនភាពរបស់ប្រទេសផងដែ
លោក To Lam អគ្គលេខាបក្ស បានស្នើថា ចាំបាច់ត្រូវបង្កើតប្រព័ន្ធគោលនយោបាយស៊ីសង្វាក់គ្នាសម្រាប់ការអប់រំពិសេស ដែលក្នុងនោះសាលារៀនត្រូវបានផ្សារភ្ជាប់ជាមួយនឹងមន្ទីរពេទ្យ មជ្ឈមណ្ឌលព្យាបាល មណ្ឌលស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ អាហារូបករណ៍ ការធានារ៉ាប់រង និងសម្ភារៈសិក្សាសម្រាប់សិស្សពិការទាំងក្នុងទីក្រុង និងជនបទ តំបន់ឆ្ងាយដាច់ស្រយាល បង្កើតមជ្ឈមណ្ឌលអប់រំពិសេស បង្កើតគំរូសាលារៀនមិត្តភាព និងផ្តល់សម្ភារៈបរិក្ខារដែលសមស្របចំពោះសិស្សានុសិស្សពិការភាពគ្រប់ប្រភេទ។
លោកអគ្គលេខាបក្ស ក៏បានអំពាវនាវដល់សហគមន៍ អាជីវកម្ម អង្គការសង្គម និងប្រជាពលរដ្ឋគ្រប់រូប រួមដៃគ្នាកសាងប្រព័ន្ធអេកូឡូស៊ីមួយដែលកុមារទាំងអស់មិនថាមានសុខភាពល្អ ឬពិការ អាចរស់នៅដោយមានក្តីចែករំលែក និងមានឱកាសអភិវឌ្ឍស្មើៗគ្នា។
ក្នុងឱកាសនេះដែរ លោក To Lam អគ្គលេខាបក្ស បានប្រគល់ឧបករណ៍ភ្លេងមួយចំនួនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃអនុវិទ្យាល័យ Nguyen Dinh Chieu និងអនុវិទ្យាល័យ Xa Dan និងទៅទស្សនាអន្តេវាសិកដ្ឋានសម្រាប់សិស្សពិការភ្នែក ទស្សនាផ្ទះសិល្បៈ និងថតរូបអនុស្សាវរីយ៍ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាទាំងពីរ៕
បកប្រែដោយ Minh Trung