*ក្នុងសារលិខិតរំលែកទុក្ខ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានសម្តែងការសោកស្តាយចំពោះមរណភាពរបស់លោក Tran Duc Luong អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតប្រធាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

មរណភាពរបស់លោក Tran Duc Luong មិនត្រឹមតែជាការបាត់បង់ដ៏ធំធេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែបក្ស រដ្ឋ និងប្រជាជនឡាវក៏បានបាត់បង់មិត្ត និងសមមិត្តជិតស្និទ្ធិផងដែរ។ លោក Tran Duc Luong តែងតែយកចិត្តទុកដាក់ និងគាំទ្រដល់បុព្វហេតុការពារ និងកសាងប្រទេសឡាវ រួមចំណែកដ៏ធំធេង និងសំខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនឡាវ-វៀតណាម វៀតណាម -ឡាវ ឲ្យកាន់តែជិតស្និទ្ធ និងទទួលបានសមិទ្ធិផលក្នុងរយៈពេលកន្លងមក។

*ក្នុងសារលិខិតចូលរួមរំលែកទុក្ខ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធាននៃសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយបក្ស រដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួសារលោក Tran Duc Luong។ លោក Tran Duc Luong គឺជាអ្នកដឹកនាំឆ្នើមរបស់បក្ស និងរដ្ឋវៀតណាម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុនៃការផ្លាស់ប្ដូរថ្មី និងការអភិវឌ្ឍរបស់វៀតណាម។ ក្នុងនាមជាមិត្តដ៏ជិតស្និទ្ធរបស់ប្រជាជនចិន លោក Tran Duc Luong បានខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ចិន និងវៀតណាម។

leftcenterrightdel
គណៈប្រតិភូជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម (រូបថត៖ vnanet.vn)

*ក្នុងសារលិខិតចូលរួមរំលែកទុក្ខរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានសម្តែងនូវការគោរពចំពោះលោក Tran Duc Luong អតីតប្រធានរដ្ឋ ហើយគូសបញ្ជាក់ថា លោកអតីតប្រធានរដ្ឋ គឺជាមិត្តដ៏ស្និទស្នាលរបស់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងការអភិវឌ្ឍទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

សម្តេចព្រះមហាក្សត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះលោក To Lam អគ្គលេខាបក្ស និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋ រដ្ឋាភិបាល រដ្ឋសភា ប្រជាជនវៀតណាម និងក្រុមគ្រួសារលោក Tran Duc Luong អតីតប្រធានរដ្ឋ ចំពោះការបាត់បង់ដ៏ធំធេងនេះ។

*ក្នុងសារលិខិតចូលរួមរំលែកទុក្ខ ថ្នាក់ដឹកនាំគុយបាបានផ្ញើសាររំលែកទុក្ខជូនបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមចំពោះមរណភាពរបស់លោក Tran Duc Luong អតីតប្រធានរដ្ឋ។

លោក Miguel Díaz Canel-Bermúdez លេខាទីមួយ និងជាប្រធានរដ្ឋគុយបា៖ យើងមានការសោកស្ដាយចំពោះមរណភាពរបស់លោក Tran Duc Luong ដែលជាអ្នករួមចំណែកកសាងទំនាក់ទំនងរវាងគុយបា និងវៀតណាម។ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម។

លោក Manuel Marrero Cruz នាយករដ្ឋមន្ត្រីគុយបា៖ គុយបានឹងចងចាំជានិច្ចនូវការរួមចំណែករបស់លោក Tran Duc Luong ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

លោក Esteban Lazo ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារដ្ឋគុយបាចែករំលែកថា សូមចែករំលែកជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងប្រជាជនវៀតណាមចំពោះការបាត់បង់ដ៏ធំធេងនេះ។

*សារលិខិតរំលែកទុក្ខផ្ញើជូនថ្នាក់ដឹកនាំវៀតណាមរបស់លោក វ្ល៉ាឌីមៀ ពូទីន បានសរសេរថា៖ លោក Tran Duc Luong គឺជាមិត្តល្អរបស់រុស្ស៊ីដែលបានរួមចំណែកយ៉ាងធំធេងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះ លទ្ធផលសំខាន់បំផុតគឺការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងរុស្ស៊ីនៅឆ្នាំ ២០០១ រវាងថ្នាក់ដឹកនាំទាំងពីរ។

*នាថ្ងៃទី ២៤ ខែឧសភា ស្ថានទូត និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំប្រទេសឡាវ កម្ពុជា ចិន រុស្ស៊ី កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ថៃ អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី អូស្ត្រាលី ឆែក កាណាដា អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងហុងកុង និងម៉ាកាវ (ប្រទេសចិន) ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ (នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក)... បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម៕

បកប្រែដោយ Thuy Anh