ពង្រឹងទំនុកចិត្ត និងលើកកំពស់សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន និងលោកជំទាវ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមេសា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន ចាប់តាំងពីលោកចូលកាន់តំណែង ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងបន្ទាប់ពីប្រទេសទាំងពីរបានដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្ដិភាព និងភាពរុងរឿងនៅអាស៊ី និងពិភពលោក នាខែវេច្ឆិកា ឆ្នាំ២០២៣។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងវៀតណាម-ជប៉ុន បន្តមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលក្នុងនោះការជឿទុកចិត្តខាងនយោបាយត្រូវបានពង្រឹង ការជួបប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ត្រូវបានជំរុញ តាមរយៈបណ្តាញបក្ស រដ្ឋ និងរដ្ឋសភា។ តាមរយៈការរក្សាដំណើរទស្សនកិច្ច និងជំនួបនៅឯវេទិកាអន្តរជាតិ និងតំបន់ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានបង្ហាញកិច្ចខិតខំប្រឹងប្រែងក្នុងការជម្រុញទំនាក់ទំនងនយោបាយយ៉ាងល្អប្រសើរ ដោយឈរលើមូលដ្ឋាននៃមនោសញ្ចេតនា ភាពស្មោះត្រង់ ទំនុកចិត្ត និងប្រសិទ្ធភាព។
ការដំឡើងទំនាក់ទំនងវៀតណាម និងជប៉ុន ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគឺជាព្រឹត្តិការណ៍សំខាន់ ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសទាំងពីរក្នុងការបន្តពង្រឹងទំនុកចិត្តខាងនយោបាយ ហើយការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់បានប្រព្រឹត្តទៅយ៉ាងជិតស្និទ្ធ យន្តការនៃកិច្ចសហប្រតិបត្តិការ ការសន្ទនានានា ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា រួមទាំងវិស័យវប្បធម៌ ការតភ្ជាប់ធនធានមនុស្ស និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ។
    |
 |
លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន (រូបថត៖ vnanet.vn) |
ជាមួយនឹងសន្ទុះអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងវៀតណាម-ជប៉ុននោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ត្រូវបានគេចាត់ទុកថាជាចំណុចភ្លឺ និងសម្រេចបានសមិទ្ធិផលគួរឲ្យកត់សម្គាល់។ បច្ចុប្បន្ន ជប៉ុនជាដៃគូសេដ្ឋកិច្ចសំខាន់ឈានមុខគេ ហើយជាម្ចាស់ជំនួយ ODA ធំជាងគេ ជាដៃគូសហប្រតិបត្តិការលើវិស័យការងារធំជាងគេ ជាវិនិយោគិនធំជាងគេទីបី និងជាដៃគូទេសចរណ៍និងពាណិជ្ជកម្មធំជាងគេទីបួនរបស់វៀតណាម។
ឆ្នាំ ២០២៤ ទំហំនាំចេញនាំចូលសរុបរបស់វៀតណាមនិងជប៉ុនសម្រេចបាន ៤៦,២ ពាន់លានដុល្លារអាមេរិក កើនឡើង ២,៧% បើធៀបនឹងឆ្នាំ ២០២៣ ដែលក្នុងនោះ ការនាំចេញរបស់វៀតណាមសម្រេចបាន ២៤,៦ ពាន់លានដុល្លារ។ គិតត្រឹមដំណាច់ខែមីនាឆ្នាំនេះ ប្រទេសជប៉ុនមានគម្រោងកំពុងដំណើរការចំនួន ៥,៥៥៧ នៅក្នុងប្រទេសវៀតណាម ជាមួយនឹងទុនវិនិយោគដែលបានចុះបញ្ជីសរុបចំនួន ៧៨.៦ ពាន់លានដុល្លារ។ ដោយឡែកក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៥ ដើមទុនចុះបញ្ជីសរុបរបស់ប្រទេសជប៉ុនសម្រេចបាន ១.១៣ ពាន់លានដុល្លារអាមេរិក កើនឡើង ២០.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងគម្រោងដែលបានចុះបញ្ជីថ្មីចំនួន ៧៧ និងជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមប្រទេស និងដែនដីចំនួន ៧៣ ដែលវិនិយោគចូលវៀតណាម។ ខណៈដែលវៀតណាមមានគម្រោងវិនិយោគកំពុងដំណើរការចំនួន ១២៦ នៅប្រទេសជប៉ុន ជាមួយនឹងទុនវិនិយោគចុះបញ្ជីសរុបចំនួន ២០,៦ លានដុល្លារអាមេរិក។
យើងមានសេចក្តីសោមនស្សរីករាយដោយឃើញថា នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងជប៉ុនលើគ្រប់វិស័យដូចជា៖ កសិកម្ម ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្លាំងពលកម្ម ការអប់រំ ទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា និងក្នុងវិស័យថ្មីៗដូចជា ការធ្វើបរិវត្ដកម្មឌីជីថល ការផ្លាស់ប្ដូរបៃតង បញ្ញាសិប្បនិមិត្ត (AI) សារធាតុ semiconductors... ត្រូវបានលើកកម្ពស់ និងមានវិវឌ្ឍនភាពជាក់លាក់ជាច្រើន។ ប្រទេសទាំងពីរក៏បានសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ APEC និងអាស៊ាន ...
លោកនាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមអញ្ជើញលោកនាយករដ្ឋមន្ត្រីជប៉ុន Ishiba Shigeru មកបំពេញទស្សនកិច្ចនៅវៀតណាម សំដៅបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រីកទំនាក់ទំនងជាមួយដៃគូក្នុងតំបន់ រួមទាំងជប៉ុនផងដែរ។ ហើយចាត់ទុកជប៉ុនជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់។
ដំណើរទស្សនកិច្ចនេះក៏ជាឱកាស ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរដូចជា នយោបាយ-ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ-បណ្តុះបណ្តាលធនធានមនុស្ស កសិកម្ម កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ការផ្លាស់ប្តូរប្រជាជននិងប្រជាជន... ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មី និងជឿនលឿន។
ឆ្លងកាត់ដំណើររយៈពេលជាង ៥០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៧៣) បានបង្ហាញឱ្យឃើញថា ការជឿទុកចិត្តខាងនយោបាយ គឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតមួយដែលនឹងបន្តជួយទំនាក់ទំនងវៀតណាម-ជប៉ុន អភិវឌ្ឍបន្ថែមទៀត។ ដោយឈរលើមូលដ្ឋាននោះ យើងជឿជាក់យ៉ាងមុតមាំថា ក្នុងដំណើរទស្សនកិច្ចរបស់លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងពិភាក្សា និងដាក់ចេញវិធានការជាក់លាក់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់ នាំទំនាក់ទំនងវៀតណាម-ជប៉ុនអភិវឌ្ឍន៍ក្នុងទិសដៅជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងស្ថានភាពថ្មី៕
បកប្រែដោយ Pham Diep