លោក Luong Cuong ប្រធានរដ្ឋវៀតណាម ជួបសវនាការជាមួយ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី២៥ ខែមេសា នៅការិយាល័យវិមាននាយករដ្ឋមន្ត្រី លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានជួបសវនាការជាមួយ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ។
មេដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងទំនុកចិត្តនយោបាយបន្ថែមទៀត តាមរយៈការរក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ និងយន្តការសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជាពិសេសជំនួបរវាងការិយាល័យនយោបាយទាំងពីរក្នុងខែកញ្ញា ឆ្នាំ២០២៤ និងជំនួបរវាងអគ្គលេខាបក្សទាំងពីរក្នុងឱកាសនៃកិច្ចប្រជុំរវាងប្រមុខបក្សទាំងបី វៀតណាម-ឡាវ-កម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ និងសម័យប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ផ្តោតលើការឯកភាពលើដំណោះស្រាយជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ដើម្បីជម្រុញ និងផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវវិធីសាស្រ្ត នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យរីកចម្រើនក្នុងដំណាក់កាលថ្មី។
    |
 |
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ |
ដោយសង្កត់ធ្ងន់លើបំណងចង់ធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្លាយជាសសរស្តម្ភពិតប្រាកដក្នុងទំនាក់ទំនងទ្វេភាគី ឆ្ពោះទៅគោលដៅទំហំពាណិជ្ជកម្ម ៥ ពាន់លានដុល្លារក្នុងឆ្នាំខាងមុខ និងកើនឡើងពី ១០-១៥% ក្នុងឆ្នាំ ២០២៥ ភាគីទាំងពីរបានឯកភាពខិតខំប្រឹងប្រែងរួមគ្នាក្នុងការជំរុញការដោះស្រាយគម្រោងសហប្រតិបត្តិការសំខាន់ៗដែលបានព្រមព្រៀងគ្នា យកចិត្តទុកដាក់លើការលើកកម្ពស់គម្រោងតភ្ជាប់ ជាពិសេសក្នុងវិស័យដឹកជញ្ជូន ថាមពល ក្នុងនោះមានការគៀគរប្រភពទុនពីដៃគូដើម្បីអនុវត្តគម្រោងផ្លូវល្បឿនលឿនហាណូយ-វៀងច័ន្ទ ផ្លូវរថភ្លើងវៀងច័ន្ទ-Vung Ang...
ភាគីទាំងពីរបានឯកភាពបន្តពង្រឹងបន្ថែមទៀតនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយឈរលើមូលដ្ឋាននៃភាពជាអ្នកជិតខាងល្អ ហើយមានគោលដៅរួមគឺកសាងប្រទេសសន្តិភាព និងស្ថិរភាព សម្របសម្រួលក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ទប់ស្កាត់និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន បន្តសម្របសម្រួលក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវ។
ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សុខាភិបាល វប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ល។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាមូលដ្ឋាន ជាពិសេសមូលដ្ឋានជាប់ព្រំដែន ជំរុញការឃោសនាក្នុងចំណោមប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយអំពីទំនាក់ទំនងប្រពៃណីរវាងវៀតណាម និងឡាវ។ ក្នុងឱកាសនេះ លោក Luong Cuong ប្រធានរដ្ឋវៀតណាមបានស្នើឱ្យភាគីឡាវបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនជាតិវៀតណាមនៅឡាវប្រកបអាជីវកម្ម និងរស់នៅប្រកបដោយស្ថិរភាព និងពង្រឹងឋានៈតាមច្បាប់។
ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ មេដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មាន និងពិគ្រោះយោបល់ ដើម្បីមានសំឡេងរួមលើបញ្ហាតំបន់ និងពិភពលោក៕
បកប្រែដោយ Duy Hoan