មតិសាធារណៈសិង្ហបុរីវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
កប.អនឡាញ - ដំណើរទស្សនកិច្ចផ្លូវការរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមនៅប្រទេសសិង្ហបុរី (ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមីនា) បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងលទ្ធផលលេចធ្លោ ជាពិសេសគឺការតម្លើងទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងវៀតណាម-សិង្ហបុរី បង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។
ក្នុងជំនួបជាមួយលោក To Lam អគ្គលេខាបក្ស (ថ្ងៃទី១២ ខែមីនា) លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានចែករំលែកថា នេះគឺជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំបូងបង្អស់ដែលប្រទេសសិង្ហបុរីបង្កើតឡើងជាមួយប្រទេសអាស៊ាន។ ភាគីទាំងពីរបានដាក់ទិសដៅសំខាន់ៗ និងប្រគល់ឲ្យស្ថាប័ន ក្រសួងពាក់ព័ន្ធ កសាងកម្មវិធីសកម្មភាព ដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ផ្តើមពីនោះ ជម្រុញឲ្យទំនាក់ទំនងអភិវឌ្ឍកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ដោយផ្តោតលើការបង្កើនទំនុកចិត្តផ្នែកនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ព្រមទាំង ពង្រីកឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ សេដ្ឋកិច្ចបៃតង និងថាមពលស្អាត។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខ វប្បធម៌ អប់រំ ទេសចរណ៍ និងជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។
    |
 |
លោក To Lam អគ្គលេខាបក្ស និងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នៅជំនួបជាមួយអ្នកសារព័ត៌មាន (រូបថត៖ vnanet.vn) |
នាថ្ងៃទី១២ ខែមីនា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោក Lawrence Wong នាយករដ្ឋមន្ត្រី បានសរសេរថា ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស មានអត្ថន័យពិសេស ខណៈដែលសិង្ហបុរីប្រារព្ធខួបលើកទី ៦០ នៃទិវាបុណ្យឯករាជ្យជាតិ ហើយវៀតណាមក៏ប្រារព្ធខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិផងដែរ។ ការប្រកាសតម្លើងទំនាក់ទំនងទ្វេភាគីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការលើវិស័យដែលកំពុងរីកចម្រើន ដូចជាថាមពលកកើតឡើងវិញ ឥណទានកាបូន និងការធ្វើបរិវត្តកម្មឌីជីថល។ លោក Lawrence Wong បានឲ្យដឹងថា លោកនឹងបំពេញទស្សនកិច្ចនៅវៀតណាមនៅចុងខែមីនាខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងស្វែងរកឱកាសសហប្រតិបត្តិការថ្មី។
ទន្ទឹមនឹងនោះ ទីភ្នាក់ងារសារព័ត៌មាន និងសារព័ត៌មានជាច្រើនក្នុងប្រទេសសិង្ហបុរី ដូចជា Straits Times, CNA, Business Times...បានចេញផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស ដោយសង្កត់ធ្ងន់ថា ការលើកកម្ពស់ទំនុកចិត្តខាងនយោបាយ និងការតម្លើងទំនាក់ទំនងរវាងវៀតណាម និងសិង្ហបុរី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មាន CNA បានចុះផ្សាយព័ត៌មានថា ប្រទេសសិង្ហបុរី និងវៀតណាម បានប្រកាសពីការតម្លើងទំនាក់ទំនងទ្វេភាគីក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលកំពុងរីកចម្រើន។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងទ្វេភាគី និងវិធីសាស្រ្តដែលភាគីទាំងពីរអាចរួមចំណែកដល់គំនិតផ្តួចផ្តើមក្នុងតំបន់។
កាសែត និងគេហទំព័ររបស់សិង្ហបុរីមួយចំនួនទៀតដូចជា Business Times, singaporelawwatch.sg... ក៏បានចុះផ្សាយព័ត៌មាន និងអត្ថបទដែលសង្កត់ធ្ងន់លើការជម្រុញឲ្យទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសិង្ហបុរី កាន់តែស៊ីជម្រៅ តាមរយៈការតម្លើងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាំទំនាក់ទំនងប្រទេសទាំងពីរឈានចូល "យុគសម័យថ្មី" និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ក៏ដូចជាថាមពលស្អាត សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង៕
បកប្រែដោយ Thanh Cong