តម្លើងទំនាក់ទំនង វៀតណាម-ឥណ្ឌូនេស៊ី ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
កប.អនឡាញ - នារសៀលថ្ងៃទី១០ ខែមីនា នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកនៅវិមានប្រធានាធិបតី Merdeka លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានជួបពិភាក្សាជាមួយលោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី។
ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងមិត្តភាព វៀតណាម-ឥណ្ឌូនេស៊ី ដែលបង្កើតឡើងដោយមេដឹកនាំឆ្នើមពីររូបគឺលោកប្រធានហូជីមិញ និងលោកប្រធានាធិបតី Sukarno ហើយទំនាក់ទំនងនេះបានអភិវឌ្ឍយ៉ាងខ្លាំងក្លារហូតក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ជាពិសេសបន្ទាប់ពីបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣។ ដោយឈរលើសមិទ្ធិផលដ៏រឹងមាំ ភាគីទាំងពីរបានឯកភាពតម្លើងទំនាក់ទំនង វៀតណាម-ឥណ្ឌូនេស៊ី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ វៀតណាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំបូងបង្អស់របស់ឥណ្ឌូនេស៊ីក្នុងអាស៊ាន។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នាំទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី ចូលទៅក្នុងយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ទូលំទូលាយ និងជាក់ស្តែង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរបស់អាស៊ាន និងពិភពលោក។
    |
 |
លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto ថ្លែងទៅកាន់សារព័ត៌មានដោយប្រកាសអំពីការតម្លើងទំនាក់ទំនង វៀតណាម-ឥណ្ឌូនេស៊ី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (រូបថត៖ vnanet.vn) |
លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បានឯកភាពបន្តពង្រឹងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ តាមរយៈការជំរុញការផ្លាស់ប្តូរ និងការជួបជុំ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់ តាមរយៈគ្រប់បណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល សភា ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន អង្គភាពអាជីវកម្ម និងការតភ្ជាប់រវាងមូលដ្ឋាននានា; អនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព និងបង្កើតកម្មវិធីសកម្មភាពនាពេលឆាប់ៗ ដើម្បីទាញយកប្រសិទ្ធភាព និងតម្លើងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ បង្កើនការផ្លាស់ប្តូរព័ត៌មាន ស្វែងរក និងជួយសង្គ្រោះ ព្រមទាំងបង្កើនការចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បានឯកភាពគ្នាពង្រីក និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅថែមទៀត; ជំរុញការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍទៅវិញទៅមក; លុបបំបាត់ការលំបាក និងរបាំងពាណិជ្ជកម្ម គាំទ្រអង្គភាពអាជីវកម្មក្នុងការអនុវត្តសកម្មភាពនាំចូល និងនាំចេញ។ល។
ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឯកទេស ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ បច្ចេកវិទ្យាព័ត៌មាន ឆ្ពោះទៅការកសាងទំនាក់ទំនងភាពជាដៃគូឌីជីថល សេដ្ឋកិច្ចឌីជីថល និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ។
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកជាប្រចាំរបស់ប្រទេសទាំងពីរនៅវេទិកា អង្គការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសនៅអាស៊ាន អង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ។ល។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីបំណងចង់ឱ្យប្រទេសទាំងពីរសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធនៅក្នុងអាស៊ាន។
អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍របស់ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាអំពាវនាវឱ្យអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការចរចាស្តីពីក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ១៩៨២។
ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌូនេស៊ី និងវៀតណាម។
បន្ទាប់ពីកិច្ចពិភាក្សា លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បានជាសាក្សីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការ និងមានជំនួបជាមួយសារព័ត៌មានដើម្បីជូនដំណឹងអំពីលទ្ធផលនៃកិច្ចពិភាក្សា និង ប្រកាសជាផ្លូវការអំពីការតម្លើងទំនាក់ទំនង វៀតណាម-ឥណ្ឌូនេស៊ី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕
បកប្រែដោយ Huyen Trang