កិច្ចពិគ្រោះយោបល់នយោបាយវៀតណាម-អ៊ីតាលីលើកទី៦
កប.អនឡាញ - នាថ្ងៃទី ១៧ ខែមករា នៅទីក្រុងហាណូយ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោកស្រី Maria Tripodi អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីតាលី បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី ៦ នៅថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងអ៊ីតាលី ក្នុងបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងទិសដៅជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអ៊ីតាលីនាពេលខាងមុខ។
នៅក្នុងជំនួបនេះ លោកស្រី Le Thi Thu Hang និងលោកស្រី Maria Tripodi បានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសនីមួយៗ ពិនិត្យស្ថានភាពសហប្រតិបត្តិការ និងដាក់ទិសដៅសម្រាប់ទំនាក់ទំនងវៀតណាម-អ៊ីតាលីលើវិស័យជាច្រើន។
ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងជំនួបលើគ្រប់លំដាប់ថ្នាក់ រួមចំណែកពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងបង្កើតមូលដ្ឋានអំណោយផលដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត អនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនានា ជាពិសេសគឺសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អ៊ីតាលី (ខែកក្កដា ឆ្នាំ២០២៣) បង្កើនកិច្ចពិគ្រោះយោបល់ និងបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពក្នុងវិស័យកិច្ចការបរទេស ការពារជាតិ សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។
|
|
ទិដ្ឋភាពនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម-អ៊ីតាលី លើកទី៦ នៅទីក្រុងហាណូយ (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីទាំងពីរបានពិភាក្សា និងឯកភាពលើទិសដៅជំរុញសសរស្តម្ភសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងថាមពល បរិស្ថាន វប្បធម៌ អប់រំ ទេសចរណ៍។ លោកស្រី Maria Tripodi បានអះអាងថា អ៊ីតាលីនឹងសហការយ៉ាងសកម្មជាមួយវៀតណាមលើវិស័យវប្បធម៌ បង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា នឹងបន្តសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន-អ៊ីតាលី និងអាស៊ាន-សហភាពអឺរ៉ុប។
ចែករំលែកទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ជម្លោះចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងសារជាថ្មីលើសារៈសំខាន់នៃការធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ នៃសមុទ្រ (UNCLOS) ១៩៨២ គាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ៕
បកប្រែដោយ Thuy Anh