ទំនុកចិត្តខាងនយោបាយគឺជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Luong Cuong បានសម្តែងនូវក្តីរីករាយ និងវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin ទៅកាន់វៀតណាម ដោយសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពចាប់ផ្តើមសម្រាប់ប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៥០ / ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥) បើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី បង្កើតកម្លាំងចលករសម្រាប់ជំរុញបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋ Luong Cuong បានអបអរសាទរចំពោះសមិទ្ធិផលសេដ្ឋកិច្ចសង្គមដែលរុស្ស៊ីសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Vladimir Putin ការដឹកនាំរបស់រដ្ឋាភិបាលរុស្ស៊ី និងលោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin។
|
|
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Mikhail Vladimirovich Mishustin នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី |
លោកប្រធានរដ្ឋ Luong Cuong និងលោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម - រុស្ស៊ីក្នុងរយៈពេលថ្មីៗនេះលើគ្រប់វិស័យ៖ នយោបាយ សេដ្ឋកិច្ច - ពាណិជ្ជកម្ម និងការវិនិយោគ ថាមពល - ប្រេង និងឧស្ម័ន វិទ្យាសាស្ត្រ - បច្ចេកវិទ្យា អប់រំ - បណ្តុះបណ្តាល ... ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់បានបង្ហាញនូវទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរគឺជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត; ភាគីទាំងពីរត្រូវបន្តខិតខំប្រឹងប្រែងរក្សា និងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីយ៉ាងឆាប់រហ័យ ទន្ទឹមនឹងការឆ្លៀតយកពីសក្តានុពល ភាពខ្លាំង និងបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្ដិការលើវិស័យជាច្រើនឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព និងផលប្រយោជន៍ទៅវិញទៅមក។
លោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin សង្កត់ធ្ងន់ថា រុស្ស៊ីតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់មួយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសនៅអាស៊ីអាគ្នេយ៍ ហើយមានបំណងចង់រួមជាមួយវៀតណាមអភិវឌ្ឍបន្ថែមទៀតលើវិស័យសហប្រតិបត្តិការទ្វេភាគី ដែលភាគីទាំងពីរមានប្រៀបកម្លាំង និងតម្រូវការ ដើម្បីបំពេញតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ និងតម្រូវការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។
លោកប្រធានរដ្ឋ Luong Cuong បានអះអាងថា វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី និងពិពិធកម្ម ក្នុងនោះរុស្ស៊ីជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូល។ លោកអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមចងចាំជានិច្ចនូវជំនួយដ៏មានតម្លៃដែលប្រជាជនសហភាពសូវៀតកាលពីមុនបានផ្តល់ឱ្យវៀតណាមក្នុងបុព្វហេតុកសាង និងការពារប្រទេស ហើយតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី ព្រមទាំងមានបំណងចង់បន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយរុស្ស៊ី ដើម្បីផលប្រយោជន៍អភិវឌ្ឍន៍នៃប្រទេសទាំងពីរ ដើម្បីភាពរុងរឿងរបស់ប្រជាជាតិទាំងពីរ។
លោកប្រធានរដ្ឋ Luong Cuong សង្ឃឹមថា រុស្ស៊ីនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនានាដូចជា ការធ្វើបរិវត្ដកម្មឌីជីថល ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ការផ្លាស់ប្តូរបៃតង បញ្ញាសិប្បនិម្មិត...
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននាពេលខាងមុខ ជាពិសេសរវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ដើម្បីបង្កើនការយោគយល់គ្នា។ លោកប្រធានរដ្ឋ Luong Cuong និងលោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin បានឯកភាពគ្នារៀបចំរាល់សកម្មភាពដ៏មានអត្ថន័យ ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងអប់រំឲ្យយុវជនជំនាន់ក្រោយអំពីប្រពៃណី។
ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់របាំងសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ
សូមរំលឹកថា នាព្រឹកថ្ងៃទី ១៥ មករា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin បានធ្វើជាសហប្រធាននៃកិច្ចសន្ទនាធុរកិច្ចកំពូលវៀតណាម - រុស្ស៊ី ក្រោមប្រធានបទ "ការអភិវឌ្ឍប្រកបដោយចីរភាពនៃពាណិជ្ជកម្ម វិនិយោគ ថាមពល និងការដឹកជញ្ជូនវៀតណាម - រុស្ស៊ី"។
ក្នុងកិច្ចសន្ទនានេះ ធុរកិច្ចនៃប្រទេសទាំងពីរបានជូនដំណឹងអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការនិងវិនិយោគនាពេលកន្លងមករបស់ប្រទេសនីមួយៗលើវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល ដឹកជញ្ជូន ភស្តុភារ កសិកម្ម សំណង់...; ប្តេជ្ញាចិត្តចំពោះការវិនិយោគរយៈពេលវែង និងស្ថិរភាពនៅក្នុងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ចែករំលែកការលំបាកនិងឧបសគ្គក្នុងដំណើរការសហប្រតិបត្តិការ និងអភិវឌ្ឍន៍គម្រោងនានាក្នុងទឹកដីរបស់គ្នាទៅវិញទៅមក ក៏ដូចជាវិធានការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងរុស្ស៊ីនាពេលខាងមុខ។
|
|
ទិដ្ឋភាពនៃកិច្ចសន្ទនាធុរកិច្ចកំពូលវៀតណាម - រុស្ស៊ី |
លោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលរុស្ស៊ីជានិច្ចកាលត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជួយសហគ្រាសវៀតណាមពង្រីកប្រតិបត្តិការ និងចាប់យកឱកាសនៅរុស្ស៊ី បន្តប្រពៃណីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ logistics បង្កើតបរិយាកាសធុរកិច្ចអំណោយផល និងលើកទឹកចិត្តដល់គម្រោងសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី បានអះអាងថា ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីនឹងបន្តបានពង្រឹង ជាពិសេសលើវិស័យសំខាន់ៗដូចជា ថាមពល កសិកម្ម បច្ចេកវិទ្យាខ្ពស់ និង logistics សំដៅឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកដល់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។
មានប្រសាសន៍នៅកិច្ចសន្ទនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមប្តេជ្ញាបន្តកែលម្អបរិយាកាសវិនិយោគ កែទម្រង់បែបបទរដ្ឋបាល និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ធុរកិច្ចរុស្ស៊ីក្នុងការអភិវឌ្ឍ ការផលិតកម្ម និងការធ្វើអាជីវកម្មនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ភាគីទាំងពីរជំរុញការធ្វើពិពិធកម្មផលិតផល ខ្សែសង្វាក់ផ្គត់ផ្គង់ និងការធ្វើពិពិធកម្មទីផ្សារដើម្បីឱ្យទំនិញជ្រៀតចូលទីផ្សារគ្នាទៅវិញទៅមក។
* នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin បានអញ្ជើញចូលរួមការសម្តែងសិល្បៈអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - រុស្ស៊ី ដែលសំដែងដោយវិទ្យាស្ថានតន្ត្រីជាតិវៀតណាម។
* នារសៀលថ្ងៃទី ១៥ មករា លោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin និងគណៈប្រតិភូជាន់ខ្ពស់រុស្ស៊ីបានចាកចេញពីទីក្រុងហាណូយ ដែលបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមករា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៕
បកប្រែដោយ Pham Diep