សិក្ខាសាលាទ្រឹស្តីលើកទី ១៩ រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តចិន
កប.អនឡាញ - អនុវត្តកិច្ចព្រមព្រៀងរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តចិន នាថ្ងៃទី ៦ ខែធ្នូ នៅទីក្រុង Nanchang ខេត្ត Jiangxi ប្រទេសចិន សិក្ខាសាលាទ្រឹស្តីលើកទី ១៩ រវាងបក្សទាំងពីរបានប្រព្រឹត្តទៅក្រោមប្រធានបទ “កែលម្អស្ថាប័នអភិវឌ្ឍន៍៖ បទពិសោធន៍របស់វៀតណាម បទពិសោធន៍របស់ចិន"។
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ។ គណៈប្រតិភូបក្សកុម្មុយនិស្តចិនដឹកនាំដោយលោក Li Shulei សមាជិកការិយាល័យនយោបាយ លេខានៃលេខាធិការដ្ឋាន និងជាប្រធានគណៈឃោសនាមជ្ឈិមនៃបក្សកុម្មុយនិស្តចិន។
|
|
លោក Nguyen Xuan Thang បានជួបសន្ទនាជាមួយលោក Li Shulei ប្រធានឃោសនាមជ្ឈិមនៃបក្សកុម្មុយនិស្តចិន (រូបថត៖ vnanet.vn) |
លោក Nguyen Xuan Thang បានវាយតំលៃខ្ពស់ចំពោះសិក្ខាសាលាលើកនេះ ដោយបានកំណត់ប្រធានបទជាក់ស្តែង រួមចំណែកបង្កើនការយល់ដឹង និងពង្រឹងការជឿទុកចិត្តផ្នែកនយោបាយនៅកម្រិតកម្ពស់ថ្មីមួយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោក Nguyen Xuan Thang បានចែករំលែកអំពីទិសដៅសំខាន់ៗដើម្បីកែលម្អស្ថាប័នក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថានអេកូឡូស៊ី ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ល។
លោក Li Shulei បានណែនាំអំពីគោលដៅទូទៅ វិធីសាស្រ្តនៃការអនុវត្ត និងសមិទ្ធិផលដែលប្រទេសចិនសម្រេចបានក្នុងដំណើរការកសាង និងកែលម្អស្ថាប័ន ជាពិសេសខ្លឹមសារថ្មីដែលបានអនុម័តនៅមហាសន្និបាតលើកទី២០ និងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី២០។
ថ្នាក់ដឹកនាំនៃគណៈប្រតិភូទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការផ្លាស់ប្តូរទ្រឹស្តីរវាងបក្សទាំងពីរ ដោយចាត់ទុកថា នេះជាឱកាសសម្រាប់ភាគីទាំងពីរចែករំលែកសមិទ្ធិផលទ្រឹស្តី និងបទពិសោធន៍ជាក់ស្តែងក្នុងការដឹកនាំ និងរៀបចំការអនុវត្តគោលនយោបាយ និងគោលការណ៍សំខាន់ៗរបស់បក្ស ស្តីពីការកសាង និងកែលម្អស្ថាប័ន ប្រកបដោយប្រសិទ្ធភាព បម្រើការអភិវឌ្ឍរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ។
* នាថ្ងៃដដែល លោក Nguyen Xuan Thang បានជួបសន្ទនាជាមួយលោក Li Shulei ប្រធានគណៈឃោសនាមជ្ឈិមនៃបក្សកុម្មុយនិស្តចិន៕
បកប្រែដោយ Huyen Trang