ប្រទេសជប៉ុនគឺជាដៃគូដ៏សំខាន់បំផុតមួយ និងយូរអង្វែង

ក្នុងជំនួបនេះ លោក Tran Thanh Man ចាត់ទុកជប៉ុនជាដៃគូសំខាន់មួយរបស់វៀតណាម ព្រមទាំងឲ្យដឹងថា វៀតណាមគាំទ្រជប៉ុនលើកកំពស់តួនាទីសកម្ម រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

លោកនាយករដ្ឋមន្ត្រី Ishiba ឲ្យដឹងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ និងភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។  លោកនាយករដ្ឋមន្ត្រី Ishiba ជឿជាក់ថា វៀតណាមនឹងកាន់តែអភិវឌ្ឍន៍ និងឆាប់ក្លាយជាប្រទេសឈានមុខគេក្នុងតំបន់អាស៊ី។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម  និងលោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម  បានស្នើឲ្យជប៉ុនបន្តគាំទ្រវៀតណាមក្នុងបុព្វហេតុឧស្សាហូបនីយកម្ម​​ និងទំនើបកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ថាមពលកកើតឡើងវិញ កសិកម្មប្រកបដោយគុណភាពខ្ពស់ ការផ្លាស់ប្តូរបៃតង ការធ្វើបរិវត្ដកម្មឌីជីថល មជ្ឈមណ្ឌលទិន្នន័យ បន្ទះឈីប semiconductor... និងវិស័យដែលប្រទេសជប៉ុនមានប្រៀបខ្លាំង; ជប៉ុនគាំទ្រវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor ក្នុងសកលលោក។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការតភ្ជាប់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការការងារ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនជាតិវៀតណាមដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅប្រទេសជប៉ុន ដើម្បីរួមចំណែកយ៉ាងខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍរបស់ជប៉ុន ក៏ដូចជាជំរុញ និងសហការកាន់តែជិតស្និទ្ធថែមទៀតរវាងប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន នារសៀលថ្ងៃទី៥ ខែធ្នូ នៅទីក្រុងតូក្យូ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមបាន​ជួបពិភាក្សាការងារជាមួយលោក Sekiguchi Masakazu ប្រធានព្រឹទ្ធសភាជប៉ុន។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាជប៉ុន

នៅក្នុងកិច្ចពិភាក្សានេះ លោកប្រធានរដ្ឋសភា Tran Thanh Man បានអះអាងថា វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់និងយូរអង្វែង; លោកវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងដំណាក់កាលល្អបំផុត ជាមួយនឹងការជឿទុកចិត្តខាងនយោបាយ  និងទំនាក់ទំនងជិតស្និទ្ធនៅគ្រប់លំដាប់ថ្នាក់។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយដោយឃើញថា ទំនាក់ទំនងវៀតណាម-ជប៉ុនបន្តសម្រេចបានលទ្ធផលនានា និងជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ពលកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន និងការតភ្ជាប់រវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ។

ដោយអះអាងថា កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញដ៏សំខាន់មួយក្នុងទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរមានសេចក្ដីរីករាយចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនីតិប្បញ្ញត្តិទ្វេភាគី និងពហុភាគីរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាជប៉ុន; ព្រមទាំងឯកភាពជំរុញការត្រួតពិនិត្យ និងអនុវត្ដប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូររវាងសមាជិកសភា ជាពិសេសសមាជិកសភាវ័យក្មេង និងសមាជិកានៃប្រទេសទាំងពីរ។ លើកកម្ពស់តួនាទីជាស្ពានដ៏សំខាន់របស់សម្ព័ន្ធមិត្តភាពសភាជប៉ុន-វៀតណាមក្នុងការជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការរវាងអាជីវកម្ម និងមូលដ្ឋាននានា​នៃប្រទេសទាំងពីរ។ បន្តផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងគណៈកម្មការជំនាញ។ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាជប៉ុន។

* នាព្រឹកថ្ងៃទី៥ ខែធ្នូ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណម បានទទួលជួបលោក Ken Matsuzawa ប្រធានប្រតិបត្តិក្រុមប្រឹក្សាជំរុញការទូតប្រជាជនជប៉ុន (FEC)  និងទទួលជួបលោក Nomoto Hirofumi ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន Tokyu Group ៕

បកប្រែដោយ Thanh Cong