កិច្ចពិភាក្សាគោលនយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-កូរ៉េខាងជើងលើកទី៥
កប.អនឡាញ - ដោយអនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេសកូរ៉េខាងជើង លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសវៀតណាម បានបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែតុលា ដើម្បីចូលរួមកិច្ចពិភាក្សាគោលនយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសលើកទី៥ វៀតណាម-កូរ៉េខាងជើង។
លោក Nguyen Minh Vu និងលោក Pak Sang Gil អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានពិភាក្សាអំពីស្ថានភាពនៃប្រទេសនីមួយៗ ហើយមានការរីករាយចំពោះការអភិវឌ្ឍនាពេលកន្លងមកនេះក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យនយោបាយ និងការបរទេស ការពារជាតិ សន្តិសុខ វប្បធម៌ កីឡា។
ទាក់ទិននឹងទំនាក់ទំនងនយោបាយ ភាគីទាំងពីរបានឯកភាពបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ តាមរយៈនោះ ការពង្រឹងទំនុកចិត្តនយោបាយ និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ សហការរៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងជើងនៅឆ្នាំ២០២៥។
|
|
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ កីឡា ទេសចរណ៍... ជំរុញសកម្មភាពផ្លាស់ប្តូរ និងផ្លាស់ប្តូរគណៈប្រតិភូរវាងអង្គការប្រជាជននៃប្រទេសទាំងពីរ លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពង្រីកការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន ដើម្បីរួមចំណែកឲ្យកាន់តែស៊ីជម្រៅថែមទៀតដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងការរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ និងនៅសមុទ្រខាងកើត។ ភាគីទាំងពីរបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់។ ភាគីទាំងពីរក៏ឯកភាពរៀបចំកិច្ចពិភាក្សាគោលនយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-កូរ៉េខាងជើងលើកទី៦ នៅវៀតណាមនាពេលខាងមុខ។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង លោក Nguyen Minh Vu បានជួបជាមួយ លោក Choe Son Hui រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ធ្វើការជាមួយអនុប្រធានគណៈកម្មាធិការអន្តរជាតិនៃបក្សពលករកូរ៉េខាងជើង និងអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ការបរទេសនៃប្រទេសកូរ៉េខាងជើង ហើយចូលរួមពិធីបើកការតាំងពិព័រណ៌រូបភាពស្តីពីទំនាក់ទំនងវៀតណាម - កូរ៉េខាងជើង ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃដំណើរទស្សនកិច្ចលើកទី ២ របស់លោកប្រធាន Kim Il Sung នៅវៀតណាម៕
បកប្រែដោយ Thuy Anh