សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពាវនាវឱ្យមានការអនុម័តយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិ (COC) នៅសមុទ្រខាងកើតក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ តុលា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

leftcenterrightdel
កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ (រូបថត៖ VOV)

យោងតាមព័ត៌មានពីការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានលើកយកសេចក្តីថ្លែងការណ៍រួមអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលនោះ បានបញ្ជាក់ថា អាស៊ានបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ នេះគឺស្របទៅនឹងគោលការណ៍ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

មេដឹកនាំអាស៊ាន និងចិនបានអំពាវនាវឱ្យអនុវត្តពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗខាងមុខ ប្រែក្លាយសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

ម៉ាឡេស៊ីជាប្រទេសសម្របសម្រួលសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោក Anwar បាននិយាយថា ភាពជាដៃគូអាស៊ាន-ចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ក៏ដូចជាគោលដៅរួមនៃការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

បកប្រែដោយ Duy Hoan