លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី៩ ខែតុលា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Ito Naoki ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅវៀតណាម មកជួបសម្តែងការគួរសមក្នុងឱកាសចាប់ផ្តើមបំពេញបេសកកម្មការទូតនៅវៀតណាម។
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍន៍ល្អលើគ្រប់វិស័យក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយព្រឹទ្ធសភា និងរដ្ឋសភាជប៉ុន ក៏ដូចសមាជិកសភានៃប្រទេសទាំងពីរ។ ភាគីទាំងពីរតែងតែផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសការជួបប្រាស្រ័យរវាងក្រុមសមាជិកសភាវ័យក្មេង ក្រុមសមាជិការស្ត្រី និងក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរ...
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ឲ្យដឹងថា វៀតណាមនិងជប៉ុននៅមានសក្ដានុពលជាច្រើននាពេលខាងមុខ ជាពិសេសលើវិស័យដែលជប៉ុនមានប្រៀបខ្លាំងដូចជា ការធ្វើបរិវត្ដកម្មឌីជីថល ការផ្លាស់ប្ដូរបៃតង សារធាតុ semiconductor បញ្ញាសិប្បនិមិត្ត (AI) សុខាភិបាល វប្បធម៍ អប់រំ កសិកម្ម បច្ចេកវិទ្យាខ្ពស់ ការពារជាតិ សន្តិសុខ ... ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថា ក្នុងអាណត្តិថ្មី លោកឯកអគ្គរដ្ឋទូត Ito Naoki នឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ព្រមទាំងបន្តយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការ និងអនុវត្តកិច្ចព្រមព្រៀងរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរ រួមទាំងគាំទ្រការរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ។
|
|
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបលោក Ito Naoki ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn) |
ក្នុងឱកាសនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុនដែលបានជួយឧបត្ថម្ភទាន់ពេលវេលាដល់ប្រជាជននៅបណ្ដាខេត្តនៃប្រទេសវៀតណាមដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះលេខ ៣ (Yagi)។
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Ito Naoki បានចែករំលែកជាមួយប្រជាជនវៀតណាមអំពីការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះទីហ្វុង Yagi។ ទន្ទឹមនឹងនោះ ជប៉ុនបន្តផ្តល់ជំនួយដល់មូលដ្ឋានចំនួន ៧ ដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុង Yagi ក្នុងប្រទេសវៀតណាម។
លោកឯកអគ្គរដ្ឋទូត ក៏បានអះអាងដែរថា ភាគីជប៉ុនសន្យានឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការជម្នះផលវិបាកនៃព្យុះ និងទឹកជំនន់ក៏ដូច ជាការការពារ និងទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ យល់ស្របនឹងសំណើរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម លោកឯកអគ្គរដ្ឋទូត Ito Naoki បានឲ្យដឹងថា នាពេលខាងមុខ ជប៉ុនមានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការជួបប្រាស្រ័យរវាងសមាជិកសភា...
បកប្រែដោយ Thanh Cong