នារសៀលថ្ងៃដដែល នៅទីលាន Sukhbaatar រដ្ឋធានី Ulaanbaatar ពិធីទទួលបដិសណ្ឋារកិច្ចលោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក។ បន្ទាប់មកលោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី Ukhnaagiin Khurelsukh។

អនុវត្ដបានល្អនូវយន្ដការសហប្រតិបត្តិការ និងសន្ទនាដែលមានស្រាប់

នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ និងឯកភាពគ្នាលើទិសដៅសំខាន់ៗ និងវិធានការជាក់លាក់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំជាន់ខ្ពស់សម្រេចបាន ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខជា​សសរស្តម្ភ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យសក្ដិសមនឹងក្របខ័ណ្ឌទំនាក់ទំនងថ្មី ស្របតាមស្ថានភាពជាក់ស្តែងនៃតំបន់និងពិភពលោក។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់; អនុវត្ដបានល្អនូវយន្ដការសហប្រតិបត្តិការ និងសន្ទនាដែលមានស្រាប់។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការទូត ការពារជាតិ សន្តិសុខនិងយុត្តិធម៌។ បង្កើនការសម្របសម្រួលក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ…។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀណាម និងលោក Ukhnaagiin Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី (រូបថត៖ vnanet.vn)

ភាគីទាំងពីរឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងស្របតាមតម្រូវការរបស់ភាគីនីមួយៗ; រក្សា​យន្តការសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី រួមទាំងយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកទេស។ បង្កើនវិធានការជំរុញពាណិជ្ជកម្ម និងតភ្ជាប់អាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-ម៉ុងហ្គោលី។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាឌីជីថល នវានុវត្ដន៍ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ព័ត៌មាន ផ្សព្វផ្សាយ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការុករករ៉ែ ការចិញ្ចឹមសត្វ…។ បង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ…។

ក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោកនិងតំបន់ ហើយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតឫស្សីរបស់វៀតណាម។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្ដរជាតិដែលភាគីទាំងពីរជាសមាជិកដូចជា អង្គការសហប្រជាជាតិ ASEM, WTO វេទិកាតំបន់អាស៊ាន (ARF) ...  ព្រមទាំងអះអាងនូវសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត រក្សាសន្តិភាព ស្ថិរភាព គោរពច្បាប់ និងដោះស្រាយជម្លោះដោយសន្តិវិធី ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានាស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកប្រធានាធិបតីម៉ុងហ្គោលី បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ម៉ុងហ្គោលី។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក៏អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន៧ រវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរផងដែរ។

ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាមគឺជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ម៉ុងហ្គោលី

នារសៀលថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលី លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានជួបសវនាការជាមួយលោក Luvsannamsrai Oyun-Erdene នាយករដ្ឋមន្ត្រីម៉ុងហ្គោលី។

នៅក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានអះអាងនូវគោលនយោបាយឥតងាករេរបស់វៀតណាមគឺយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយម៉ុងហ្គោលី ហើយមានបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាពនិងយូរអង្វែង ស្របតាមផលប្រយោជន៍ សក្ដានុពលនិងតម្រូវការនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ជួបសវនាការជាមួយលោក Luvsannamsrai Oyun-Erdene នាយករដ្ឋមន្ត្រីម៉ុងហ្គោលី

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Luvsannamsrai Oyun-Erdene បានអះអាងថាការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងទូលំទូលាយជាមួយវៀតណាម គឺជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ម៉ុងហ្គោលីក្នុងតំបន់ព្រមទាំងមានបំណងចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមបន្ថែមទៀតលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម អប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដឹកជញ្ជូន logistics វប្បធម៌ កីឡា ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន ក៏ដូចជានៅវេទិកា និងយន្តការ ពហុភាគី ដែលសក្ខិសមនឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។

លើកកំពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិក្នុងការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ច

នារសៀលថ្ងៃទី៣០ ខែកញ្ញា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមបានជួបសវនាការជាមួយលោក Dashzegve Amarbayasgalan ប្រធានរដ្ឋសភាម៉ុងហ្គោលី។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភានៃប្រទេសទាំងពីរដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាពទាំងកម្រិតទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយនូវខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងឆ្នាំ ២០១៨; លើកកំពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិរបស់ភាគីទាំងពីរក្នុងការពិនិត្យឡើងវិញ អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងការជួបប្រាស្រ័យរវាងសមាជិកសភា និងសមាជិកសភាវ័យក្មេង។ ព្រមទាំងភាគីទាំងពីរសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភា ដូចជាសហភាពអន្តរសភា (IPU), កិច្ចប្រជុំភាពជាដៃគូសភាអឺរ៉ាស៊ី (ASEP) និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF),  អន្តរសភាអាស៊ាន  (AIPA) និងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។

* នារសៀលថ្ងៃទី៣០ ខែកញ្ញា នៅរដ្ឋធានី Ulaanbaatar លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម-ម៉ុងហ្គោលី អញ្ចើញចូលរួមពិធីបើកទិវាវប្បធម៌វៀតណាមនៅម៉ុងហ្គោលីឆ្នាំ២០២៤៕

បកប្រែដោយ Pham Diep