លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៩ សីហា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញទទួលជួបលោក Phet Phomphiphak រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ និងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោករដ្ឋមន្ត្រី Phet Phomphiphak សម្តែងនូវសេចក្តីសោមនស្សរីករាយដែលឃើញថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្តមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងជាក់ស្តែង។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៤ សម្រេចបានជិត ៩២៨ លានដុល្លារអាមេរិក កើនឡើង ១១.១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ វៀតណាមបន្តជាវិនិយោគិនធំជាងគេទីបីនៅឡាវ ជាមួយនឹងគម្រោងចំនួន ២៥៥ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៥.៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះ មានគម្រោងជាច្រើនដំណើរការប្រកបដោយប្រសិទ្ធភាព រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការបង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ពលកររាប់ពាន់នាក់ បំពេញចំណូលបន្ថែមដល់ថវិការដ្ឋឡាវ។ល។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Phet Phomphiphak រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ និងជាប្រធានគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងតាមដានយ៉ាងដិតដល់នូវស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ឡាវ ហើយត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភឡាវប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការស្របតាមស្ថានភាព កាលៈទេសៈ និងតម្រូវការរបស់ភាគីនីមួយៗ។
រីឯលោក Phet Phomphiphak រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីអំពីសកម្មភាពរបស់គណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម ក្នុងរយៈពេលកន្លងមក និងលទ្ធផលនៃសន្និសីទអនុវត្តកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការ វៀតណាម-ឡាវ ឆ្នាំ២០២៤ និងពិនិត្យការជំរុញកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី វៀតណាម-ឡាវ ដំណាក់កាល ២០២១-២០២៥។ លោករដ្ឋមន្ត្រី Phet Phomphiphak បានមានប្រសាសន៍ថា គណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននៃប្រទេសទាំងពីរ ដើម្បីអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ការិយាល័យនយោបាយ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងសាមគ្គីភាពពិសេស ឡាវ-វៀតណាម ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព៕
បកប្រែដោយ Thanh Cong