ថ្នាក់ដឹកនាំសភាម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមសហប្រតិបត្តិការរបស់រដ្ឋសភាវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី៩ ខែសីហា នៅរដ្ឋធានី Kuala Lumpur (ម៉ាឡេស៊ី) គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយលោក Nguyen Khac Dinh អនុប្រធានរដ្ឋសភាបានជួបសន្ទនាជាមួយលោក Johari Bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី។ សូមរំលឹកថា នាព្រឹកថ្ងៃទី៩ ខែសីហា គណៈប្រតិភូបានជួបពិភាក្សាជាមួយលោក Nur Jazlan Bin Tan Sri Mohamed អនុប្រធានព្រឹទ្ធសភា។
នៅក្នុងកិច្ចប្រជុំទាំងពីរ ថ្នាក់ដឹកនាំសភាម៉ាឡេស៊ីបានស្នើឲ្យភាគីទាំងពីរបង្កើតបណ្តាញតភ្ជាប់តាមរយៈសហគ្រាស សហគ្រិន និងប្រជាពលរដ្ឋវ័យក្មេងនៃប្រទេសទាំងពីរ ស្រាវជ្រាវ និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់រួមបញ្ចូលគ្នាសម្រាប់ការផលិតបន្ទះឈីប និងបច្ចេកវិទ្យាខ្ពស់ ដែលជាវិស័យមួយក្នុងចំណោមវិស័យដែលម៉ាឡេស៊ីបាននិងកំពុងអភិវឌ្ឍ។
|
|
លោក Johari Bin Abdul ទទួលជួបលោក Nguyen Khac Dinh (រូបថត៖ vnanet.vn) |
រីឯខ្លួនវិញ លោក Nguyen Khac Dinh បានស្នើថា ភាគីទាំងពីរជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមជាមួយសភាម៉ាឡេស៊ី ពង្រឹងទំនាក់ទំនងគ្រប់លំដាប់ថ្នាក់ រវាងសមាជិកសភានៃប្រទេសទាំងពីរ រវាងក្រុមសមាជិកសភាមិត្តភាពទាំងពីរ ក្នុងបំណងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ ការត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេស។
លោក Nguyen Khac Dinh ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តពង្រីកយន្តការសហការនៅវេទិកាពហុភាគីដូចជា សហភាពអន្តរសភា (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) និងអង្គការសភាពហុភាគីផ្សេងទៀត គាំទ្រគោលជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងការិយាល័យរដ្ឋសភាវៀតណាម និងលេខាធិការដ្ឋានព្រឹទ្ធសភាម៉ាឡេស៊ី។
ថ្នាក់ដឹកនាំសភាម៉ាឡេស៊ីបានឯកភាព និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមសហប្រតិបត្តិការរបស់វៀតណាម៕
បកប្រែដោយ Thuy Anh