លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានសន្ទនាតាមទូរស័ព្ទជាមួយលោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី
កប.អនឡាញ - នាថ្ងៃទី ៨ សីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានសន្ទនាតាមទូរស័ព្ទជាមួយលោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី។
លោក Vladimir Putin បានសម្តែងថា បន្ទាប់ពីផ្ញើសារអបអរសាទររួច លោក Vladimir Putin បានផ្តួចផ្តើមការសន្ទនាតាមទូរស័ព្ទ ដើម្បីអបអរសាទរដោយផ្ទាល់ចំពោះលោក To Lam ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ លោក Vladimir Putin បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ល្អៗនៃដំណើរទស្សនកិច្ចនៅវៀតណាមនាពេលថ្មីៗនេះ លោក Vladimir Putin បានជូនពរឱ្យលោក To Lam ទទួលបានសមិទ្ធផលជាច្រើនក្នុងតួនាទីដ៏ថ្លៃថ្នូ និងបានសម្តែងការជឿជាក់ថា លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋ នឹងដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមបន្តទទួលបានជោគជ័យថែមទៀតក្នុងការកសាងបក្ស កសាង និងអភិវឌ្ឍប្រទេសកាន់តែសម្បូរ និងរឹងមាំ។
|
|
លោក To Lam សន្ទនាតាមទូរស័ព្ទជាមួយលោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី |
លោក To Lam បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការដែលលោក Vladimir Putin និងថ្នាក់ដឹកនាំសហព័ន្ធរុស្ស៊ី ដែលបានផ្ញើសារចូលរួមរំលែកទុក្ខ និងបញ្ជូនគណៈប្រតិភូទៅចូលរួមពិធីបុណ្យសពរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស។
ក្នុងកិច្ចសន្ទនានេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការសហព័ន្ធវៀតណាម-រុស្ស៊ីមានការអភិវឌ្ឍយ៉ាងល្អប្រសើរ និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិ សន្តិសុខ ថាមពល ប្រេងនិងឧស្ម័ន ពាណិជ្ជកម្ម...ដើម្បីបន្តពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី ឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។ លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋ និងលោក Vladimir Putin ប្រធានាធិបតី បានផ្លាស់ប្តូរ និងឯកភាពលើទិសដៅសំខាន់ៗមួយចំនួននាពេលខាងមុខក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។
ក្នុងបរិយាកាសផ្លាស់ប្តូរយ៉ាងកក់ក្តៅ លោក Vladimir Putin បានសម្តែងនូវសេចក្តីរីករាយ និងទន្ទឹងរង់ចាំស្វាគមន៍លោក To Lam មកបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី៕
បកប្រែដោយ Minh Trung