ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា។ លោករដ្ឋមន្ត្រីការបរទេស Jaishankar អះអាងថា រដ្ឋាភិបាលឥណ្ឌាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវកម្លាំងចលករក្នុងទំនាក់ទំនងវៀតណាម-ឥណ្ឌា នាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍រដ្ឋមន្ត្រីការបរទេសទាំងពីរដែលបានធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ១៨ នៃគណៈកម្មាធិការចម្រុះវៀតណាម-ឥណ្ឌា (ខែតុលា ឆ្នាំ២០២៣) ដោយជោគជ័យ ដែលជាជំហានត្រៀមរៀបចំដ៏សំខាន់សម្រាប់ដំណើរទស្សនកិច្ច ក៏ដូចជា ខិតខំប្រឹងប្រែងបញ្ចប់កម្មវិធីសកម្មភាពសម្រាប់អនុវត្ដទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ឥណ្ឌាសម្រាប់រយៈពេល ២០២៤-២០២៨ ជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗជាច្រើន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងឈានចូលយុគសម័យថ្មី ជឿទុកចិត្តគ្នា យល់ដឹងគ្នាកាន់តែស៊ីជម្រៅនិងប្រសិទ្ធភាពជាង និងឆ្លើយតបតាមសេចក្តីប្រាថ្នារបស់ថ្នាក់ដឹកនាំនិងប្រជាជនទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមមានបំណងចង់ពិភាក្សាជាមួយភាគីឥណ្ឌាអំពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមទាំងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ ការផ្លាស់ប្តូរមូលដ្ឋាន និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដូចជា ការផ្លាស់ប្តូរបៃតង ការបំប្លែងឌីជីថល នវានុវត្ដន៍ បន្ទះឈីប semiconductor និងបញ្ញាសិប្បនិមិត្ត... ។

ភាគីទាំងពីរក៏បានឯកភាពបន្តកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់ និង អន្តរជាតិ ព្រមទាំងឯកភាពគាំទ្រគោលជំហររបស់អាស៊ានចំពោះសមុទ្រខាងកើត។ លោករដ្ឋមន្ត្រីការបរទេស Jaishankar បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចំពោះការណែនាំដ៏ជ្រាលជ្រៅ និងការគាំទ្រចំពោះទំនាក់ទំនងរបស់ប្រទេសទាំងពីរ ព្រមទាំងអះអាងថា នឹងខិតខំប្រឹងប្រែងសហការជា​មួយ​ក្រសួងការបរទេសវៀតណាម ដើម្បីជំរុញទំនាក់ទំនងវៀតណាម-ឥណ្ឌា នាពេលខាងមុខ។

កត្តាគ្រឹះចំនួន ៥ សម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌា ទទួលបានជោគជ័យ

នារសៀលថ្ងៃទី ៣១ ខែកក្កដា នៅរដ្ឋធានី New Delhi លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-ឥណ្ឌា។ នៅក្នុងវេទិកានេះ ប្រតិភូទាំងឡាយ និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ បានឧទ្ទេសនាមអំពីសក្តានុពល ភាពខ្លាំងនិងបំណងចង់សហប្រតិបត្តិការនិងវិនិយោគ។ ទន្ទឹមនឹងនោះ លើកដំណោះស្រាយជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលភាគីទាំងពីរមានសក្ដានុពល និងភាពខ្លាំងដូចជា ហេដ្ឋារចនាសម្ព័ន្ធ អេឡិចត្រូនិក ទូរគមនាគមន៍ ជីវបច្ចេកវិទ្យា ឱសថ និងថាមពលកកើតឡើងវិញ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិមិត្ត (AI) សារធាតុ semiconductor  អាកាសចរណ៍ និងទេសចរណ៍ ...

ថ្លែងមតិនៅវេទិកានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “ទំនាក់ទំនងល្អប្រពៃណី និងមិត្តភាពរវាងប្រជាជននិងប្រទេសទាំងពីរ; ការជឿទុកចិត្តខាងនយោបាយខ្ពស់ ទីផ្សារបើកចំហ វប្បធម៌  អរិយធម៌ ប្រវត្តិសាស្ត្រ មានភាពស្រដៀងគ្នា; សេចក្តីប្រាថ្នា កសាងប្រទេសរឹងមាំ វិបុលភាព អភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាព” គឺជាកត្តាគ្រឹះទាំង ៥ ដើម្បីឲ្យធុរកិច្ចនៃប្រទេសទាំងពីររួបរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យ និងប្រសិទ្ធភាព រួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងនៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ឲ្យដឹងថា៖ បន្ទាប់ពីជិត៤០ឆ្នាំ នៃការកំណែទម្រង់ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៤០ លើពិភពលោក និងស្ថិតក្នុងចំណោមប្រទេសពាណិជ្ជកម្មកំពូលទាំង ២០; ជាប់ចំណាត់ថ្នាក់ទី ៣២ ក្នុងចំណោមតម្លៃយីហោជាតិកំពូលទាំង ១០០ នៅលើពិភពលោក; ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៦ ជាមួយប្រទេសជាង ៦០ ។

ជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ចសង្គម និងបរិយាកាសវិនិយោគរបស់វៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា បរិយាកាសវិនិយោគ និងធ្វើអាជីវកម្មរបស់វៀតណាមកំពុងមានភាពប្រសើរឡើងឥតឈប់ឈរ។ សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD) បានចាត់ចំណាត់ថ្នាក់វៀតណាមក្នុងចំណោមប្រទេសកំពូលទាំង ២០ ដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅលើពិភពលោក។ អង្គការអន្តរជាតិ និងអ្នកជំនាញជាច្រើនបានវាយតំលៃខ្ពស់ចំពោះលទ្ធផលសេដ្ឋកិច្ចរបស់វៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីប្រគល់អនុស្សរណៈយោគយល់គ្នារវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបានគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់លានដុល្លារ​អាមេរិក នាពេលខាងមុខ។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ និងតំបន់។ គាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីបើកជើងហោះហើរត្រង់បន្ថែមទៀតរវាងវៀតណាម និងឥណ្ឌា នាពេលឆាប់ៗនេះ។

* នៅក្នុងវេទិកានេះ ក្រោមអធិបតីរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបានប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៦ លើវិស័យអាកាសចរណ៍ ទេសចរណ៍ វប្បធម៌ និងឱសថ ... ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសបើកផ្លូវហោះហើរ  Da Nang-Ahmedabad (ឥណ្ឌា) និងទទួលស្វាគមន៍អ្នកដំណើរទី ២០០ លាននាក់។

* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌា នាព្រឹកថ្ងៃទី៣១ ខែកក្កដា នៅរដ្ឋធានី New Delhi លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលនិងធ្វើការជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មឈានមុខរបស់ឥណ្ឌា ក្នុងនោះមានលោក Gautam Adani ប្រធានសម្ព័ន្ធក្រុមហ៊ុន Adani Group និងថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុន Adani; ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុន SMS Pharmaceuticals និងក្រុមហ៊ុន Sri Avantika Contractors; លោក Dharmesh Shah ប្រធាននិងជាស្ថាបនិកសម្ព័ន្ធក្រុមហ៊ុន BDR និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន BDR...

* នារសៀលថ្ងៃដដែល នៅរដ្ឋធានី New Delhi លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូបានអញ្ចើញមកដាក់កម្រងផ្កានៅរូបសំណាកប្រធានហូជីមិញ និងអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការស្ថាន ទូតវៀតណាមប្រចាំនៅឥណ្ឌា និងជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូត និងតំណាងសហគមន៍វៀតណាមប្រចាំនៅឥណ្ឌា ៕

បកប្រែដោយ Pham Diep