ថ្លែងមតិជាមួយលោក Pham Sao Mai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន លោក Xi Jinping បានអះអាងថា លោក Nguyen Phu Trong បានលះបង់អស់មួយជីវិត ដើម្បីបក្ស រដ្ឋ និងប្រជាជនវៀតណាម ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម សម្រេចបាននូវសមិទ្ធផលធំៗក្នុងបុព្វហេតុកសាងសង្គមនិយម ហើយទទួលបានការគាំទ្រ និងសេចក្តីស្រលាញ់ពីបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំងមូល។ លោក Xi Jinping បានអះអាងថា ចិនចងចាំជានិច្ចនូវការរួមវិភាគទានដ៏ធំធេងរបស់លោក Nguyen Phu Trong ក្នុងការជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ បក្ស រដ្ឋ និងប្រជាជនចិនគាំទ្រ និងជឿជាក់ថា បុព្វហេតុផ្លាស់ប្ដូរថ្មី និងការកសាងសង្គមនិយមរបស់វៀតណាមនឹងទទួលបានសមិទ្ធផលកាន់តែច្រើនថែមទៀត។ ចិនត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ សហគមន៍ចែករំលែកអនាគតវៀតណាម - ចិនដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

leftcenterrightdel
លោក Xi Jinping ចារលើសៀវភៅក្រាំងមាសមរណទុក្ខក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Nguyen Phu Trong អគ្គលេខាបក្ស (រូបថត៖ vnanet.vn)

លោក Pham Sao Mai ថ្លែងអំណរគុណចំពោះលោក Xi Jinping ដែលបានអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោក Nguyen Phu Trong អគ្គលេខាបក្ស និងចូលរួមរំលែកទុក្ខចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម។ លោកថ្លែងអំណរគុណចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលផ្ញើសាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមយ៉ាងចាប់បំផុត ដោយបង្ហាញពីការយកចិត្តទុកដាក់ជាពិសេសរបស់បក្ស រដ្ឋ និងប្រជាជនចិន និងលោក Xi Jinping ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរវៀតណាម-ចិន ព្រមទាំងមនោសញ្ចេតនាដ៏ពិសេសរបស់លោក Xi Jinping ចំពោះលោក Nguyen Phu Trong។ លោកឯកអគ្គរដ្ឋទូត Pham Sao Mai បានសង្កត់ធ្ងន់ថា លោក Nguyen Phu Trong បានរួមចំណែកជាច្រើនចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរវៀតណាម និងចិន។ ក្រោមការដឹកនាំរបស់លោក Nguyen Phu Trong និងលោក Xi Jinping ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរក្នុងរយៈពេល ១០ ឆ្នាំកន្លងមកមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ លោក Pham Sao Mai បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយបក្ស រដ្ឋ និងប្រជាជនចិនជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រ ហើយបញ្ជាក់ថានឹងបន្តសហការជាមួយភាគីចិន ដើម្បីអនុវត្តទស្សនៈរួមរបស់អគ្គលេខាបក្សទាំងពីរ ត្រៀមខ្លួនជាស្រេចធ្វើការជាមួយបក្ស រដ្ឋ និងប្រជាជនចិន ដើម្បីបន្តជម្រុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនឲ្យបន្តអភិវឌ្ឍន៍ ប្រកបដោយស្ថិរភាព និងនិរន្តរភាព រួមគ្នាកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ៕

បកប្រែដោយ Thanh Cong