នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ហើយត្រៀមខ្លួនជាស្រេចក្នុងការជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិកឲ្យស៊ីជម្រៅ ដោយឈរលើមូលដ្ឋានគោរពគ្នាឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់ការជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋក៏បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោក Marc Evans Knapper ក្នុងទំនាក់ទំនងវៀតណាម - អាមេរិក ហើយស្នើឲ្យលោកឯកអគ្គរដ្ឋទូតបន្តយកចិត្តទុកដាក់និងជំរុញទំនាក់ទំនងភាពជាដៃគូដ៏ល្អនេះ។

leftcenterrightdel
លោក To Lam ទទួលជួបលោក Marc Evans Knapper

តាងនាមថ្នាក់ដឹកនាំ និងប្រជាជនអាមេរិក លោក Marc Evans Knapper បានអបអរសាទរចំពោះលោក To Lam ដែលត្រូវបានរដ្ឋសភាវៀតណាមជ្រើសរើសឲ្យកាន់តំណែងជាប្រធានរដ្ឋ។ លោក Marc Evans Knapper បានឲ្យចាត់ទុកថា បន្ទាប់ពីជិត ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងវៀតណាម-អាមេរិក ទទួលបានការរីកចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ ដូចជា នយោបាយ ការបរទេស សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ-បណ្តុះបណ្តាល សុខាភិបាលភាព-មនុស្សធម៌ ការជំនះផលវិបាកនៃសង្គ្រាម។

ដើម្បីរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរបង្កើនជំនួប និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោកប្រធានរដ្ឋក៏បានស្នើឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខជាបណ្តើរៗ ដែលស្របតាមគោលបំណងរបស់ភាគីទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ លោកប្រធានរដ្ឋមានបំណងថា សហរដ្ឋអាមេរិកបន្តជួយគាំទ្រវៀតណាមក្នុងការជម្នះផលវិបាកនៃសង្គ្រាម ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់...

លោក Marc Evans Knapper បានអះអាងថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់ និងគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងនិម្មាបនកម្មតំបន់ ហើយនឹងបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយអាស៊ាន-អាមេរិក និងទំនាក់ទំនងភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ព្រមទាំង សហការជាមួយវៀតណាមក្នុងការដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់៕

បកប្រែដោយ Thuy Anh