លោក Thongloun Sisoulith អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងនូវក្តីរំភើបរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក To Lam ដែលត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥។ លោកចាត់ទុកថា នេះបង្ហាញជំនឿទុកចិត្ត និងការវាយតម្លៃរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះលោក To Lam។

លោក Thongloun Sisoulith បានអះអាងថា លោកមានសេចក្តីសោមនស្សរីករាយជាខ្លាំងត្រូវបានជួបពិភាក្សាការងារជាមួយលោកប្រធានរដ្ឋ To Lam ដើម្បីរួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ឡាវ-វៀតណាម ឱ្យកាន់តែល្អប្រសើរ និងប្រកបដោយផ្លែផ្កា។ ទន្ទឹមនឹងនោះ លោក Thongloun Sisoulith ជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ដ៏សម្បូរបែបដែលប្រមូលបានក្នុងរយៈពេលជាច្រើនឆ្នាំ ក្នុងមុខតំណែងសំខាន់ៗជាច្រើន លោក To Lam នឹងចូលរួមជាមួយថ្នាក់ដឹកនាំប្រទេសវៀតណាម ដឹកនាំប្រទេស និងប្រជាជនវៀតណាមបន្តសម្រេចបានសមិទ្ធិផលថ្មី និងធំធេងជាងនេះក្នុងបុព្វហេតុការពារ និងកសាងមាតុភូមិវៀតណាម សំដៅសម្រេចបាននូវគោលដៅប្រទេសរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam (រូបថត៖ baochinhphu.vn)

លោក Xi Jinping ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន បានសម្តែងនូវក្តីរីករាយចំពោះព័ត៌មានដែលលោក To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោក Xi Jinping បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅវៀតណាម ហើយរួមជាមួយនឹងលោកអគ្គលេខាបក្ស Nguyen Phu Trong បានប្រកាសការកសាងសហគមន៍ចែករំលែកអនាគត ចិន-វៀតណាម ប្រកបដោយសារៈសំខាន់ជាយុទ្ធសាស្ត្រ បើកទំព័រថ្មីសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ ហើយមានសេចក្តីសោមនស្សរីករាយដែលឃើញក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរកំពុងពន្លឿនការកសាងសហគមន៍ចែករំលែកអនាគត ចិន-វៀតណាម  និងសម្រេចបាននូវវឌ្ឍនភាពជាវិជ្ជមាន។ លោក Xi Jinping បានអះអាងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនង ចិន-វៀតណាម ហើយត្រៀមខ្លួនជាស្រេចរួមជាមួយលោកប្រធានរដ្ឋ To Lam រក្សាការផ្លាស់ប្តូរជាយុទ្ធសាស្រ្ត និងដឹកនាំការកសាងសហគមន៍ចែករំលែកអនាគត ចិន-វៀតណាម ឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង នាំមកនូវផលប្រយោជន៍បន្ថែមទៀតដល់ប្រជាជននៃប្រទេសទាំងពីរ។ លោក Xi Jinping ជូនពរវៀតណាមប្រកបដោយវិបុលភាព និងប្រជាជនសុភមង្គល; ជូនពរលោក To Lam ទទួលបានសមិទ្ធផលកាន់តែច្រើនក្នុងមុខតំណែងថ្មី។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះលោកប្រធានរដ្ឋ To Lam ដែលមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ មានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងរក្សាបានតួនាទីសំខាន់ក្នុងតំបន់ និងនៅលើពិភពលោក។

ព្រះមហាក្សត្របានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធ បន្តរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍឲ្យកាន់តែល្អថែមទៀត៕

បកប្រែដោយ Huyen Trang