នេះក៏ជាកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីលើកដំបូងរវាងវៀតណាម និងអាមេរិក ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

នៅទីនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានអះអាងថា អាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម គាំទ្រវៀតណាមរឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព បន្តផ្លាស់ថ្មី និងពង្រីកការធ្វើសមាហរណកម្មអន្តរជាតិ កាន់តួនាទីសំខាន់កាន់តែខ្លាំងឡើងនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់ ក៏ដូចជានៅឆាកអន្តរជាតិ។ លោក Antony Blinken បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការអនុវត្តក្របខ័ណ្ឌទំនាក់ទំនងថ្មី និងកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក (រូបថត៖ vnanet.vn)

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា អាមេរិកជាដៃគូយុទ្ធសាស្ត្រសំខាន់របស់វៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តសហប្រតិបត្តិការជាមួយអាមេរិក អនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងស្ថិរភាព ទន្ទឹមនឹងនោះពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីរក្សាសន្ទុះនៃការអភិវឌ្ឍសម្រាប់ទសវត្សរ៍ខាងមុខ។

នៅកិច្ចសន្ទនា រដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញយន្តការសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេស; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ រួមទាំងយន្តការសន្ទនាស្តីពីនយោបាយ-សន្តិសុខ-ការពារជាតិ កិច្ចសន្ទនាគោលនយោបាយការពារជាតិ និងកិច្ចសន្ទនាសិទ្ធិមនុស្ស។ ភាគីទាំងពីរបានឯកភាពសម្របសម្រួលគ្នាយ៉ាងសកម្មដើម្បីរៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៣០ នៃការធ្វើប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៥។

អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យអាមេរិកបន្តដើរតួនាទីយ៉ាងសកម្ម រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ក៏ដូចជាជុំវិញពិភពលោក។ ក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសមុទ្រខាងកើត និងឯកភាពលើសារៈសំខាន់នៃសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

បកប្រែដោយ Thanh Cong