កិច្ចប្រជុំកំពូលពិសេសដើម្បីរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែមីនា នៅទីក្រុង Melbourne ក្រោមប្រធានបទ “ភាពជាដៃគូសម្រាប់អនាគត”។ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងចូលរួមសម័យប្រជុំផ្លូវការនិងសកម្មភាពការបរទេសសំខាន់ៗមួយចំនួន។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងអូស្ត្រាលីនឹងពិភាក្សា និងដាក់ចេញចក្ខុវិស័យ ទិសដៅ និងវិធានការជាក់លាក់ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី 

* នារសៀលថ្ងៃដដែល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញចូលរួមពិធីលាងសាយភោជន៍ជាផ្លូវការដែលរៀបចំឡើងដោយលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី  និងលោកជំទាវ។

* គួររំលឹកថា នាព្រឹកថ្ងៃទី៥ ខែមីនា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចូលរួមវេទិកាធុរកិច្ចវៀតណាម-អូស្ត្រាលី។

ថ្លែងសុន្ទរកថាបើកវេទិកានេះ លោក Tim Ayres សហរដ្ឋមន្ត្រីក្រសួងផលិតកម្ម និងពាណិជ្ជកម្មអូស្ត្រាលី បានឲ្យដឹងថា វេទិកានេះនឹងបើកដំណាក់កាលថ្មីក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកបានអះអាងថា អូស្ត្រាលីជាប្រទេសពហុវប្បធម៌ តាមរយៈនោះ សហគមន៍ជនជាតិវៀតណាមដើរតួនាទីយ៉ាងសំខាន់ និងមានការអភិវឌ្ឍឥតឈប់ឈរ។  លោក Tim Ayres បានឲ្យដឹងថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានការអភិវឌ្ឍឥតឈប់ឈរ ហើយភាគីទាំងពីរនៅមានសក្ដានុពលជាច្រើន​សម្រាប់កិច្ចសហប្រតិបត្តិការ។ អូស្ត្រាលីមានបំណងចង់សហប្រតិបត្ដិការបន្ថែមទៀតជាមួយអាស៊ីអាគ្នេយ៍ រួមទាំង​វៀត​ណាមផងដែរ។

leftcenterrightdel
លោកPham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងមតិនៅវេទិកា

ថ្លែងមតិនៅវេទិកានេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះការរៀបចំវេទិកានៅ​សកល​វិទ្យាល័យ RMIT និងទីក្រុង Melbourne ដែលជាទីតាំងពីរដែលបង្កើតកម្លាំងចលករ និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីមានសេចក្តីសោមនស្សរីករាយជម្រាបថា ក្នុងដំណើរទស្សនកិច្ចលើកនេះ វៀតណាម និងអូស្ត្រាលីគ្រោងនឹងប្រកាសលើកតម្កើងទំនាក់ទំនងទ្វេភាគី នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពថែមទៀត។

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ លទ្ធផលដែលសម្រេចបានគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅមានកម្រិតបើប្រៀបធៀបទៅនឹងសក្តានុពល និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យសមាគម សហគមន៍ធុរកិច្ច និងអ្នកវិនិយោគនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការនេះ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ធុរកិច្ច និងអ្នកវិនិយោគ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ស្នើឱ្យភាគីទាំងពីរសហប្រតិបត្ដិការលើវិស័យបរិវត្ដកម្មឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចរាងជារង្វង់ សេដ្ឋកិច្ចបញ្ញាវ័ន្ធ និងសេដ្ឋកិច្ចចែករំលែកដោយឈរលើមូលដ្ឋាននៃនវានុវត្តន៍ និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា។ ប្រមុខរដ្ឋាភិបាលវៀតណាម មានបំណងចង់ឲ្យភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ទេសចរណ៍ វប្បធម៌ និងការអប់រំ និងបណ្តុះបណ្តាល។

ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចូលរួមពិធីប្រកាសបើកជើងហោះហើរតភ្ជាប់ទីក្រុង Melbourne - ហាណូយរបស់ក្រុមហ៊ុន Vietjet Air។

* គួររំលឹកថា លោកPham Minh Chinh នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរបានចូលរួមពិធីសម្ពោធវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម នៅសាកលវិទ្យាល័យ RMIT។ វិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម ត្រូវបានបង្កើតឡើងដើម្បីស្រាវជ្រាវនិងស្វែងយល់ឱ្យកាន់តែច្បាស់អំពីទំនាក់ទំនងយុទ្ធសាស្ត្ររវាងអូស្ត្រាលី និងវៀតណាម រួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ "យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០" របស់អូស្ត្រាលី។

លោកនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការបង្កើតវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម ហើយជឿជាក់ថា វិទ្យាស្ថាននឹងចូលរួមក្នុងការតាក់តែងគោលនយោបាយ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ៕

បកប្រែដោយ Pham Diep