លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. មកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៅវៀតណាម រួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងហ្វីលីពីន។

ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ស្ថាប័ននិងមូលដ្ឋាន ព្រមទាំងបានអះអាងថា ការជួបជុំទៀងទាត់រវាងមេដឹកនាំនៃប្រទេសទាំងពីរ រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនុកចិត្តផ្នែកនយោបាយនិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការដាក់ពង្រាយយ៉ាងពេញលេញនូវយន្តការសហប្រតិបត្តិការទ្វេភាគី។ ពិនិត្យយ៉ាងទូលំទូលាយនូវកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់ដំណាក់កាល ២០១៩-​២០២៤ និងបង្កើតកម្មវិធីសកម្មភាពសម្រាប់ដំណាក់កាលថ្មីដែលផ្តល់អាទិភាពលើវិស័យថ្មី និងមានសក្តានុពល ដូចជាការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងការផ្លាស់ប្ដូរថាមពល...

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសវនាការជាមួយលោក Ferdinand Romualdez Marcos Jr.​​ ប្រធានាធិបតីហ្វីលីពីន

ភាគីទាំងពីរបានពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់ ១០ ពាន់លានដុល្លារនាពេលឆាប់ៗ; បង្កើតបរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយអំណោយផល ជាពិសេសលើវិស័យដែលភាគីទាំងពីរមានតម្រូវការ និងប្រៀបខ្លាំងដូចជា បច្ចេកវិទ្យាកែច្នៃ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាខ្ពស់កសិកម្ម... ។

ថ្នាក់ដឹកនាំទាំងពីរបានអះអាងថានឹងបន្តលើកកម្ពស់តួនាទីនៃយន្តការសហប្រតិបត្ដិការការពារជាតិ សន្តិសុខនិងកិច្ចសហប្រតិបត្តិការលើដែនសមុទ្រ; បង្កើនប្រសិទ្ធភាពនៃការសម្របសម្រួលយាមល្បាត ស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ដូចជាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ ឧក្រិដ្ឋកម្មសេដ្ឋកិច្ច...។

ពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសទាំងពីរតែងតែសហការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) វេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM)... ; ថ្នាក់ដឹកនាំទាំងពីរសង្កត់ធ្ងន់លើការថែរក្សាសាមគ្គីភាព និងតួនាទីមជ្ឈភាពរបស់អាស៊ាន ព្រមទាំងឯកភាពគ្នាក្នុងការកសាងសហគមន៍អាស៊ានដ៏រឹងមាំ សាមគ្គីភាព និងភាពធន់។ ភាគីទាំងពីរបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន និងដៃគូនានា ដើម្បីរក្សានិងអនុវត្តទស្សនៈរួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ធានាការអនុវត្តយ៉ាងពេញលេញនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ជំរុញការចរចានិងកសាងក្រមប្រតិបត្តិប្រកបដោយប្រសិទ្ធភាពរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 និងកសាងសមុទ្រខាងកើតទៅជាដែនសមុទ្រសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ រួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់ និងពិភពលោក។

* នារសៀលថ្ងៃទី៣០ ខែមករា នៅវិមានរដ្ឋសភា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយលោកប្រធានាធិបតី Ferdinand Romualdez Marcos Jr.។

នៅក្នុងជំនួប ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងក្នុងវិស័យជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក  លោកប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr. អះអាងថានឹងបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន។ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវបន្តពង្រឹងទំនុកចិត្តនយោបាយ និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម មេដឹកនាំទាំងពីរបានវាយតម្លៃថា នេះជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគីនិងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនៅតែមានច្រើនណាស់។ ភាគីទាំងពីរជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ និងដែនសមុទ្រកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម។ កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ដូចជា វប្បធម៌ ទេសចរណ៍ ការអប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ... សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមជួបសវនាការជាមួយលោកប្រធានាធិបតី Ferdinand Romualdez Marcos Jr.

ភាគីទាំងពីរក៏បានបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការសភា និងបានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាហ្វីលីពីន អភិវឌ្ឍន៍កាន់តែស៊ីជម្រៅថែមទៀត។ លោកប្រធានាធីបតី Ferdinand Romualdez Marcos Jr. បានឲ្យដឹងថា រដ្ឋសភានៃប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន។

មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌពហុភាគី ពង្រឹងសាមគ្គីភាព លើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន និងមានសំឡេងរួមអំពីសន្តិសុខក្នុងតំបន់ និងបញ្ហាសមុទ្រខាងកើត រួមទាំងការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍ ដោយមិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ UNCLOS 1982។

* នារសៀលថ្ងៃទី៣០ ខែមករា លោកប្រធានរដ្ឋ Vo Van Thuong និងលោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. ទស្សនាអតីតរាជវាំង Thang Long។

* នាយប់ថ្ងៃទី ៣០ ខែមករា លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវ បានរៀបចំពិធីលៀងសាយភោជន៍យ៉ាងឱឡារិកជូនចំពោះប្រធានាធិបតី Ferdinand Romualdez Marcos Jr. និងលោកជំទាវ។

* នៅយប់ថ្ងៃដដែល លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. និងលោកជំទាវ បានចាកចេញពីរដ្ឋធានីហាណូយ ត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមដោយជោគជ័យ៕

បកប្រែដោយ Pham Diep