ក្នុងឱកាសនេះ លោក Le Hoai Trung បានជួបសវនាការ និងជួបធ្វើការជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអ៊ីតាលី ថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងគណបក្សធំៗរបស់ប្រទេសអ៊ីតាលី ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភា និងសភាជាន់ទាប និងសមាជិកសភាមួយចំនួនដែលតំណាងឲ្យគណបក្សនានា។ លោកក៏បានជួបជាមួយសម្តេចប៉ាប Francis ហើយបានជួបធ្វើការជាមួយនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីការបរទេសបុរីវ៉ាទីកង់។

leftcenterrightdel
លោក Le Hoai Trung លេខាមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម

ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល សភា និងបណ្ដាគណបក្សនយោបាយអ៊ីតាលី លោក Le Hoai Trung បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ហើយបានស្នើឲ្យប្រទេសទាំងពីរអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀង ពង្រីកកិច្ចសហប្រតិបត្តិការស្របតាមសក្ដានុពល និងតម្រូវការរបស់ប្រទេសទាំងពីរ។

នៅបុរីវ៉ាទីកង់ លោក Le Hoai Trung បានអះអាងនូវគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមស្តីពីការធានាសិទ្ធិសេរីភាពខាងជំនឿសាសនា និងផ្ដល់ព័ត៌មានអំពីការអភិវឌ្ឍសាសនាកាតូលិកនៅវៀតណាម ព្រមទាំងវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់គ្រិស្តសាសនិកនៅវៀតណាមក្នុងការកសាង និងការពារប្រទេស។ លោក Le Hoai Trung បានសម្តែងនូវសេចក្តីរីករាយចំពោះការរីកចម្រើនក្នុងទំនាក់ទំនងវៀតណាម-បុរីវ៉ាទីកង់ ហើយពាំនាំម្ដងទៀតនូវការអញ្ជើញសម្តេចប៉ាបមកបំពេញទស្សនកិច្ចនៅវៀតណាមពីថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម។

ថ្នាក់ដឹកនាំរដ្ឋាភិបាល សភា គណបក្សនយោបាយអ៊ីតាលី និងថ្នាក់ដឹកនាំបុរីវ៉ាទីកង់ក៏បានសម្តែងនូវបំណងចង់បន្តជំរុញទំនាក់ទំនងជាមួយវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះមាគ៌ា និងគោលនយោបាយរបស់វៀតណាម។ សម្តេចប៉ាបបានវាយតម្លៃខ្ពស់ និងទទួលយកការអញ្ជើញបំពេញទស្សនកិច្ចនៅវៀតណាម ដោយស្នើឲ្យស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរសហការក្នុងការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនេះ។ ស្ថាប័នអ៊ីតាលីក៏បានពិភាក្សាអំពីសកម្មភាពសហប្រតិបត្តិការជាក់លាក់នាពេលខាងមុខផងដែរ៕

បកប្រែដោយ Thuy Anh