លោកអគ្គលេខាបក្ស Nguyen Phu Trong ផ្ញើសារទូរលេខអបអរសាទរជូនចំពោះប្រធានគណបក្សកុម្មុយនិស្តជប៉ុន
កប.អនឡាញ - ក្នុងឱកាសដែលលោកស្រី Tamura Tomoko ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណៈប្រធានគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្តជប៉ុនអាណត្ដិទី ២៩ នាថ្ងៃទី ១៨ មករា លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាមបានផ្ញើសារទូរលេខអបអរសាទរ។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរមហាសន្និបាតលើកទី ២៩ របស់បក្សកុម្មុយនិស្តជប៉ុន ទទួលបានជោគជ័យ ព្រមទាំងលោកស្រី Tamura Tomoko ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាននៃគណៈប្រធានគណៈកម្មាធិការមជ្ឈិមអាណត្ដិទី ២៩។
|
|
លោកស្រី Tamura Tomoko ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណៈប្រធានគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្តជប៉ុនអាណត្ដិទី ២៩ (រូបថត៖ Kyodo/The Japan Times) |
លោកអគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះគណបក្សកុម្មុយនិស្តជប៉ុនក្នុងរយៈពេល ១០២ ឆ្នាំកន្លងមកនេះ ដោយតែងតែរក្សាគោលដៅបដិវត្តន៍ប្រជាធិបតេយ្យ ឆ្ពោះទៅរកបដិវត្តន៍សង្គមនិយម ហើយប្រកាន់ខ្ជាប់នូវការប្រឆាំងសង្រ្គាម និងអនុត្តរភាពនិយម។ ព្រមទាំងយកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍទ្រឹស្តីនៃសង្គមនិយម ការកសាងគោលមាគ៌ា និងកម្មវិធីនយោបាយ។
លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្តែងនូវការជឿជាក់ថា គណបក្សកុម្មុយនិស្តជប៉ុននឹងអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ២៩ និងលើកកម្ពស់កិត្យានុភាព និងតួនាទីក្នុងសង្គមជប៉ុន រួមចំណែកជាវិជ្ជមានដល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
លោកអគ្គលេខាបក្ស Nguyen Phu Trong មានសេចក្តីរីករាយដោយឃើញថា ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរត្រូវបានពង្រឹង ពង្រីកឥតឈប់ឈរ និងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ លោកបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចសហការជាមួយថ្នាក់ដឹកនាំថ្មីនៃគណបក្សកុម្មុយនិស្តជប៉ុន បន្តរក្សាការផ្លាស់ប្តូរ ការជួបជុំគ្នា ការបង្កើនការផ្លាស់ប្តូរទ្រឹស្តី និងការសម្របសម្រួលនៅវេទិកាពហុភាគី៕
បកប្រែដោយ Pham Diep