សញ្ញាសម្គាល់ដ៏សំខាន់
លោកប្រធានរដ្ឋវៀតណាម បានបញ្ជូនសារដល់ថ្នាក់ដឹកនាំ សមាជិកសភានិងប្រជាពលរដ្ឋជប៉ុនអំពីប្រទេសវៀតណាមមួយដែលផ្លាស់ថ្មី បើកចំហ ស្រឡាញ់សន្តិភាព ប្រាថ្នាអភិវឌ្ឍនិងមានគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ធ្វើពិពិធកម្មនិងពហុភាគីនីយកម្ម ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ លោកប្រធានរដ្ឋវៀតណាមរំលឹកឡើងវិញនូវដំណើរការ ៥០ ឆ្នាំនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុន ហើយអះអាងថា ភាពស្រដៀងគ្នាអំពីវប្បធម៌ ប្រវត្តិសាស្ត្រ មនុស្ស និងប្រពៃណីសហប្រតិបត្ដិការដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមក គឺជាកត្តាតភ្ជាប់ចំណងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋវៀតណាម បានចែករំលែកនូវចក្ខុវិស័យ និងទិសដៅដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ី និងពិភពលោក ដោយប្តេជ្ញាសហការជាមួយប្រទេសជប៉ុនក្នុងការកសាងទំនាក់ទំនងរវាងប្រទេសទាំងពីរជា៖ “មិត្តស្មោះត្រង់ ដៃគូគួរឲ្យទុកចិត្ត និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងអនាគតប្រកបដោយនិរន្តរភាព”។
    |
 |
លោកVo Van Thuong ប្រធានរដ្ឋវៀតណាម ថ្លែងនៅរដ្ឋសភាជប៉ុន (រូបថត៖ vnanet.vn) |
ក្នុងសុន្ទរកថាស្វាគមន៍នៅរដ្ឋសភា លោក Nukaga Fukushiro ប្រធានសភាជាន់ទាបជប៉ុន បានឲ្យដឹងថា សុន្ទរកថាថ្លែងដោយលោក Vo Van Thuong ប្រធានរដ្ឋនៅរដ្ឋសភា គឺជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់របស់ប្រទេសជប៉ុន ទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតក្នុងស្ថានភាពល្អប្រសើរ និងរឹងមាំជាងពេលណាៗទាំងអស់។ ដំណើរទស្សនកិច្ចផ្លូវការរបស់លោក Vo Van Thuong ទៅកាន់ប្រទេសជប៉ុនក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងការដែលភាគីទាំងពីរប្រកាសលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មី នាំទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍស្របទៅនឹងសក្តានុពលនៃប្រទេសទាំងពីរ ឆ្ពោះទៅអនាគត ឈានដល់កម្រិតតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា មុននោះ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមនិងលោកជំទាវ បានជួបសវនាការជាមួយលោក Nukaga Fukushiro ប្រធានសភាជាន់ទាប និងលោក Otsuji Hidehisa ប្រធានព្រឹទ្ធសភា។ នៅក្នុងជំនួបទាំងនេះ លោក Vo Van Thuong បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការដែលប្រទេសទាំងពីរទើបតែប្រកាសលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយចាត់ទុកថានេះជាសក្ខីភាពយ៉ាងច្បាស់លាស់អំពីការអភិវឌ្ឍដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងវៀតណាម - ជប៉ុន បន្ទាប់ពី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។
លោកប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រដ្ឋសភាជប៉ុនក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក Otsuji ប្រធានព្រឹទ្ធសភា កាលពីខែកញ្ញាកន្លងទៅ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យក្នុងឆ្នាំដែលប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយ និងការយល់ដឹងគ្នារវាងប្រជាជាតិនៃប្រទេសទាំងពីរ ហើយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋវៀតណាម បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូសំខាន់ និងយូរអង្វែង ហើយមានបំណងចង់ពង្រឹង និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-ជប៉ុនឲ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅថែមទៀត ស្របតាមផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។
លោក Nukaga ប្រធានសភាជាន់ទាប បានសម្តែងក្តីរីករាយចំពោះការអភិវឌ្ឍលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-ជប៉ុននាពេលកន្លងមក ដោយអះអាងថា រដ្ឋសភាជប៉ុនគាំទ្រប្រទេសទាំងពីរលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទន្ទឹមនឹងនោះលើកកម្ពស់តួនាទីយ៉ាងសកម្មក្នុងការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទំនាក់ទំនងថ្មី។
* នាថ្ងៃដដែល លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅទស្សនាបណ្ណាល័យរដ្ឋសភាជប៉ុន។ លោកប្រធានរដ្ឋ ក៏បានទស្សនាកម្មវិធីសំដែងសិល្បៈក្បាច់គុនវ៉ូវីណាមវៀតណាមនិងក្បាច់គុនជប៉ុននៅទីក្រុងតូក្យូ។
ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋានរបស់វៀតណាម និងជប៉ុន
* នារសៀលថ្ងៃដដែល លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងតូក្យូទៅកាន់ខេត្ត Fukuoka។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅខេត្ត Fukuoka លោក Vo Van Thuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទទួលជួបលោក Hattori Seitaro អភិបាលខេត្ត Fukuoka និងថ្នាក់ដឹកនាំនៃមូលដ្ឋានមួយចំនួននៅតំបន់ Kyushu ដូចជាខេត្ត Nagasaki, Miyazaki, Saga និង Kagoshima។
លោក Vo Van Thuong ប្រធានរដ្ឋ បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អភិបាលខេត្ត Fukuoka និងថ្នាក់ដឹកនាំមូលដ្ឋានមួយចំនួននៅតំបន់ Kyushu ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន។ ដោយសង្កត់ធ្ងន់ថា ការលើកកម្ពស់ទំនាក់ទំនងវៀតណាម-ជប៉ុនទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ីនិងពិភពលោក” នឹងបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ លោកប្រធានរដ្ឋវៀតណាម បានស្នើឲ្យអភិបាលខេត្ត Fukuoka និងថ្នាក់ដឹកនាំមូលដ្ឋានមួយចំនួននៅតំបន់ Kyushu ខិតខំប្រឹងប្រែងដើម្បីអនុវត្ដក្របខ័ណ្ឌទំនាក់ទំនងថ្មី តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាននៅតំបន់ Kyushu និងបណ្ដាមូលដ្ឋាននៅវៀតណាម ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្ត Vinh Long ខេត្ដ Binh Thuan និងខេត្ត Can Tho តាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនោះជំរុញការវិនិយោគរបស់សហគ្រាសក្នុងតំបន់ Kyushu ចូលមកប្រទេសវៀតណាម ជាពិសេសក្នុងវិស័យដែលបណ្ដាមូលដ្ឋានមានប្រៀបខ្លាំងដូចជា ការកែច្នៃ កសិកម្មឆ្លាតវៃ ការប្រព្រឹត្តិកម្មទឹកសំណល់ ... ទទួលពលកម្ម និងកម្មសិក្សាការី និងសហការបណ្តុះបណ្តាលធនធានមនុស្ស។
លោក Hattori Seitaro អភិបាលខេត្ត Fukuoka និងថ្នាក់ដឹកនាំមូលដ្ឋានមួយចំនួននៅតំបន់ Kyushu បានអះអាងថា តំបន់ Kyushu មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាមូលដ្ឋាននៅវៀតណាម និងចង់ទទួលពលករមានគុណភាពខ្ពស់ និងកម្មសិក្សាការីវៀតណាមបន្ថែមទៀតមកធ្វើការនៅក្នុងខេត្ត។
លោក Hattori Seitaro អភិបាលនិងប្រធានក្រុមប្រឹក្សាខេត្ត Fukuoka បានជម្រាបជូនលោកប្រធានរដ្ឋអំពីកិច្ចសហប្រតិបត្តិការរវាងខេត្ត Fukuoka និងវៀតណាមនិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងខេត្ត Fukuoka និងទីក្រុងហាណូយនិយាយដោយឡែក រួមទាំងការជួបប្រាស្រ័យមិត្ដភាពរវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ និងការផ្ទេរបច្ចេកវិទ្យាខ្ពស់។
ក្នុងជំនួបនេះផងដែរ លោកប្រធានរដ្ឋវៀតណាមបានស្នើឱ្យថ្នាក់ដឹកនាំមូលដ្ឋានមួយចំនួននៅតំបន់ Kyushu ជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនជាតិវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ជប៉ុន ក៏ដូចជាទំនាក់ទំនងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ។
* គួររំលឹកផងដែរថា មុននេះ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Fukuoka និងតំណាងសហគមន៍អាណិកជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅតំបន់ Kyushu ប្រទេសជប៉ុន៕
បកប្រែដោយ Pham Diep