លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមទទួលជួបបណ្ដាឯកអគ្គរដ្ឋទូត មកជូនសារតាំង
កប.អនឡាញ - នាព្រឹកថ្ងៃទី២៦ ខែកញ្ញា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី គណៈប្រតិភូសហភាពអឺរ៉ុប (EU) បារាំង និងកាហ្សាក់ស្ថានមកជូនសារតាំង។
* ទទួលជួបលោក Pavlin Todorov ឯកអគ្គរដ្ឋទូតប៊ុលហ្គារី លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមបានស្នើឱ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ និងគ្រប់លំដាប់ថ្នាក់ ការផ្លាស់ប្តូររវាងបណ្ដាមូលដ្ឋាន និងប្រជាជន បង្កើតមូលដ្ឋានរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតជំរុញកម្មវិធី និងគម្រោងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យថាមពល និងបច្ចេកវិទ្យាខ្ពស់ វប្បធម៌ អប់រំនិងបណ្តុះបណ្តាល។ លោកប្រធានរដ្ឋបានស្នើឱ្យប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ និងពហុភាគី។
|
|
លោកប្រធានរដ្ឋ Vo Van Thuong និងឯកអគ្គរដ្ឋទូតប៊ុលហ្គារី Pavlin Todorov ក្នុងពិធីជូនសារតាំង (រូបថត៖ vnanet.vn) |
លោកឯកអគ្គរដ្ឋទូត Pavlin Todorov បានអះអាងថា ប៊ុលហ្គារីយកចិត្ដទុកដាក់យ៉ាងខ្លាំង និងខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារដែលបានចុះហត្ថលេខាជាមួយវៀតណាម និងត្រៀមខ្លួនសហការនិងជួយវៀតណាមលើវិស័យអប់រំនិងថាមពល។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់របស់ប៊ុលហ្គារីក្នុងអាស៊ាន។ ប៊ុលហ្គារី ជានិច្ចកាលគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង EU; លោកឯកអគ្គរដ្ឋទូត Pavlin Todorov មានបំណងចង់បន្តសហប្រតិបត្តិការជាមួយវៀតណាមនៅអង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិ។ ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។
* ទទួលជួបលោក Julien Guerrier ឯកអគ្គរដ្ឋទូតណៈប្រតិភូសហភាពអឺរ៉ុប (EU) លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមបានវាយតំលៃខ្ពស់ចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអំពីខ្លឹមសារសហប្រតិបត្តិការរវាងវៀតណាម និង EU ហើយសង្កត់ធ្ងន់ថា ចាប់តាំងពីចូលរួម WTO មក វៀតណាមបានខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាដើម្បីទាញយកកាលានុវត្តភាពអភិវឌ្ឍន៍ ប៉ុន្តែនៅតែមិនទាន់សម្រេចបានការរំពឹងទុកឡើយ។ ជាមួយនឹងលក្ខខណ្ឌបច្ចុប្បន្នរបស់វៀតណាម ដើម្បីអនុវត្ដតាមគំនិតផ្តួចផ្តើមនិងការប្តេជ្ញាចិត្ត ប៉ុន្តែវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអនុវត្តខ្លឹមសារសហប្រតិបត្តិការទាំងនេះ។ ជាពិសេសវៀតណាមដាក់គោលដៅកាត់បន្ថយការបំភាយឧស្ម័នដល់សូន្យត្រឹមឆ្នាំ ២០៥០ ហើយសង្ឃឹមថា EU គាំទ្រវៀតណាមអនុវត្តការប្តេជ្ញាចិត្តនេះ។
|
|
លោកប្រធានរដ្ឋ Vo Van Thuong និងលោក Julien Guerrier ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn) |
លោកឯកអគ្គរដ្ឋទូត Julien Guerrier បានឲ្យដឹងថា លោកគឺជាអ្នកចូលរួមក្នុងដំណើរការចរចាវៀតណាមចូលរួម WTO។ ចាប់តាំងពីចូលជាសមាជិក WTO វៀតណាមមានការអភិវឌ្ឍខ្លាំង និងគួរឲ្យចាប់អារម្មណ៍។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា វៀតណាមមានទីតាំងភូមិសាស្ដ្រពិសេស ទាំងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចក្នុងតំបន់ ហើយ EU មានបំណងចង់បន្តគាំទ្រ និងសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។
* ទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានវាយតម្លៃថា ទំនាក់ទំនងរវាងវៀតណាម និងបារាំងមានការអភិវឌ្ឍន៍យ៉ាងល្អលើគ្រប់វិស័យ ជាពិសេសគឺវប្បធម៌។ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញមានសំណង់វប្បធម៌បារាំងជាច្រើនដែលមានតម្លៃប្រវត្តិសាស្ត្រដែលត្រូវបានអភិរក្ស។ ប្រទេសទាំងពីរក៏រក្សាជាទៀងទាត់ និងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ ក្នុងស្មារតីភាពជាដៃគូយុទ្ធសាស្ត្រ ប្រទេសទាំងពីរកំពុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងការការពារជាតិ និងសន្តិសុខ។ លោកប្រធានរដ្ឋវៀតណាម បានស្វាគមន៍ និងស្នើបារាំងបន្តរក្សាការគាំទ្រអាស៊ានអំពីទស្សនៈនៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។ រាល់វិវាទរវាងភាគីពាក់ព័ន្ធចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
លោកឯកអគ្គរដ្ឋទូត Olivier Brochet បានឲ្យដឹងថា នាពេលខាងមុខ បារាំងនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យវិទ្យាសាស្ត្រ និងអប់រំ; ផ្តល់អាហារូបករណ៍ដែលមានទឹកប្រាក់ ១.៥ លានអឺរ៉ូសម្រាប់និស្សិតវៀតណាម។ វៀតណាមជាប្រទេសទីបីដែលទទួលបានការឧបត្ថម្ភអាហារូបករណ៍ដ៏ធំពីប្រទេសបារាំង។ បារាំងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងក្របខ័ណ្ឌនៃភាពជាដៃគូបរិវត្ដកម្មថាមពលយុត្តិធម៌។
* ក្នុងជំនួបជាមួយលោក Kanat Tumysh ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កាហ្សាក់ស្ថានក្នុងវេទិកាតំបន់ និងអន្តរជាតិ ហើយបន្តគាំទ្រយ៉ាងខ្លាំងក្លានូវគំនិតផ្តួចផ្តើមរបស់កាហ្សាក់ស្ថានដើម្បីជំរុញទំនាក់ទំនងអាស៊ី-អឺរ៉ុប ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងកាហ្សាក់ស្ថាន និងអាស៊ាន។ ប្រទេសទាំងពីរកំពុងខិតខំឆ្ពោះទៅគោលដៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ១.៥ ពាន់លានដុល្លារអាមេរិក នាពេលខាងមុខ។
ដោយសម្តែងក្តីរីករាយដែលទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ ២០២៣ សម្រេចបាន ៧០០ លានដុល្លារអាមេរិក កើនឡើងខ្លាំងបើធៀបនឹងឆ្នាំមុន លោកឯកអគ្គរដ្ឋទូត Kanat Tumysh បានស្នើវៀតណាមបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញរបស់កាហ្សាក់ស្ថានឈានចូលទីផ្សារអាស៊ាន។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងអាណត្តិនេះ ឯកអគ្គរដ្ឋទូតសង្ឃឹមថានឹងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong